នគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាបគោយន្តដឹកឈើខុសច្បាប់២១គ្រឿងនៅឃុំក្រាំងស្គារ
ខេត្តកំពង់ឆ្នាំង៖ គោយន្តដឹកឈើខុសច្បាប់គ្រប់ប្រភេទចំនួន២១គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋ កិច្ចខេត្តស្ទាក់ចាប់បាននៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅមុខសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ ក្នុងភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ក្នុងពេលម្ចាស់គោយន្តទាំងអស់នោះឈប់បង់ លុយអោយមន្ត្រី ជំនាញ។ ដោយឡែកគោយន្តដឹកអុសចំនួន៩គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើកិច្ចសន្យាអប់រំដោះ លែង ទៅវិញនៅពេលព្រឹកថ្ងៃដដែល។ប៉ុន្តែនៅថ្ងៃរសៀលគោយន្តដឹកកូនឈើមិនទាន់គ្រប់អាយុចំនួន១២គ្រឿងទៀត ត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារបានធ្វើកិច្ចសន្យាដោះលែងអស់ទៅវិញ។
លោក ជិន សុផាត នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងជាអ្នកដឹកនាំការបង្ក្រាបករណីខាងលើនេះបានអោយដឹងថា៖ តាមបញ្ជាររបស់លោក ស្នងការ នគរបាលខេត្ត នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានស្ទាក់ចាប់គោយន្តដឹកឈើខុសច្បាប់ចំនួន២១គ្រឿង នៅមុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារក្នុងពេលម្ចាស់គោយន្តទាំងអស់ឈប់ចូលបង់លុយអោយមន្ត្រីជំនាញ។ ក្នុងនោះមានដឹកអុស៩គ្រឿង ដឹកកូនឈើផ្ចឹក៤គ្រឿង ដឹកកូនឈើបង្កង់មិនទាន់គ្រប់អាយុ៣គ្រឿង ដឹកបង្គោលគ្រាក់៥គ្រឿង។ គោយន្តទាំង២១គ្រឿងនេះ ត្រូវបាននគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច កសាងសំណុំរឿងប្រគល់ជូនសង្កាត់រដ្ឋបាលក្រាំងស្គារចាត់ការតាមនីតិវិធី។
លោក ចៅ សៀង នាយរងសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារបានអោយដឹងថា៖ ក្រោយពីបានឆ្លងយោបល់លោកអភិបាលស្រុកទឹកផុស គោយន្តដឹកអុសចំនួន៩គ្រឿងត្រូវបានធ្វើកិច្ចសន្យាអប់រំមិនអោយដឹកខុសច្បាប់បន្តទៀត និងបានដោះលែងទៅវិញ។ ដោយឡែកគោយន្តចំនួន១២គ្រឿងទៀតលោកថា និងកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ។ ប៉ុន្តែនៅវេលាម៉ោង២រសៀលថ្ងៃដដែល សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច បានឃើញសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារដោះលែងទៅវិញអស់ធ្វើអោយនគរបាលសេដ្ឋកិច្ចខេត្តខកចិត្តយ៉ាងខ្លាំង ដោយប្រាប់ថាលោកអភិបាលស្រុកសុំអោយធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តបទល្មើស ហើយដោះលែងវិញ។
ទាក់ទងនឹងរឿងនេះលោក ម៉េង ហាក់ អភិបាលស្រុកទឹកផុសបានអោយដឹងនៅវេលាម៉ោង២ និង២០នាទីថ្ងៃដដែលថា៖ លោកសុំអោយដោះលែងតែគោយន្ត១មួយគ្រឿងរបស់កូនក្រុមប្រឹក្សា ស្រុកតែប៉ុណ្ណោះ ព្រោះគាត់បានសុំច្បាប់ទិញឈើដឹកធ្វើផ្ទះសំរាប់កូនរស់នៅពេលដែលជិតរៀបការ ដោយឡែកគោយន្តដឹកឈើខុសច្បាប់ប៉ុន្មានគ្រឿងទៀតអត់អ្នកណាអោយលោកដឹងឡើយ ហើយកន្លងមកលោកក៏ធ្លាប់បានដាក់វិធានការមិនអោយចរាចរណ៍កូនឈើមិនទាន់គ្រប់អាយុក្នុងស្រុកទឹកផុសឡើយ។
លោក ចៅ សៀង នាយរងសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ បានអោយដឹងថា ក្រោយពីបានឆ្លងយោ បល់លោក សឿន វណ្ណា ជានាយសង្កាត់ លោកក៏បានអប់រំនិងធ្វើកិច្ចសន្យា អោយបញ្ឈប់រកស៊ី ដឹងឈើ ខុសច្បាប់ ហើយដោះលែងគោយន្តទាំងអស់អោយទៅវិញបើថ្ងៃក្រោយនៅតែដឹកឈើខុសច្បាប់ទៀត ពេលចាប់ បានមិនលើកលែងអោយទៀតឡើយ។
ម្ចាស់គោយន្តជាអ្នកដឹកឈើខុសច្បាប់ទាំងនោះបានប្រាប់អោយដឹងថា៖ ឈើទាំងនោះបានកាប់ និងដឹក ចេញពីតំបន់ស្រែអំពិល ចំណែកការដឹកឈើឆ្លងកាត់ក្នុងស្រុកទឹកផុស គោយន្ត១គ្រឿងៗត្រូវបង់ អោយ សមត្ថកិច្ចគ្រប់ផ្នែក ដែលជិះម៉ូតូទារលុយតាមផ្លូវអស់ពី៣ម៉ឺនទៅ៥ម៉ឺនរៀលហើយបង់អោយ សង្កាត់រដ្ឋបាល ព្រៃឈើក្រាំងស្គារ៥ពាន់រៀល សមត្ថកិច្ចនៅឃុំក្រាំងស្គារ៥ពាន់រៀល និងផ្នែកព្រៃឈើរមាស៥ពាន់រៀល ទើបដឹកទៅដល់ផ្ទះនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ៕ រិទ្ធិ ជ័យ
http://ift.tt/1P91VyL