មនុស្ស២នាក់ ត្រូវតុលាការឃុំខ្លួនពីបទចែកចាយ ប្រើប្រាស់ថ្នាំញៀន និងទទួលផលចោរកម្ម
ខេត្តកំពង់ឆ្នាំង៖ តុលាការខេត្តកំពង់ឆ្នាំង បានឃុំខ្លួនជនសង្ស័យ២នាក់ ក្នុងពន្ធនាគារខេត្ត នៅថ្ងៃទី១៦ខែមករា ឆ្នាំ២០១៦ ដោយម្នាក់ចោទប្រកាន់ពីបទទទួលផលចោរកម្ម ចែកចាយថ្នាំញៀន និងប្រើប្រាស់ខ្នោះដៃគ្មានការអនុញ្ញាត និងម្នាក់ទៀតចោទពីបទប្រើបាស់ថ្នាំញៀន ។ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលដឹកនាំដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ធ្វើការចាប់ខ្លួននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោក ពេជ្រ រ៉ី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានអោយដឹងថា៖ ជនសង្ស័យ ទី១ឈ្មោះគឹម សួរកុសលម៉ានិតុ ហៅចិត្ត អាយុ៣០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ច្រើនកន្លែង គឺនៅ ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ភូមិម៉ុងបារាំង , សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និងនៅក្រុងភ្នំពេញ ។ នៅពេលចាប់ខ្លួនគេបានប្រាប់ សមត្ថកិច្ចនិងលោកព្រះរាជអាជ្ញារងថា៖ ខ្លួនគេជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញម្តងទៀតថា ជាមន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេស ប៉ុន្តែក្រោយពេលស្រាវជ្រាវទៅ គឺពុំមានឈ្មោះនេះក្នុងអង្គភាពកងរាជអាវុធហត្ថណាមួយទេ ។
ឈ្មោះនេះសមត្ថកិច្ចបាន ឆែកឃើញមានខ្នោះដៃ១គ្រឿងនៅជាប់ខ្លួន និងម៉ូតូមួយគ្រឿងដែល ពាក់ព័ន្ធ និងជនឆរបោកម្នាក់លួលយកពីម្ចាស់គេទៅបញ្ចាំ និងបានរកឃើញសម្ភារៈ ប្រើប្រាស់ថ្នាំញៀនជាច្រើនទៀតនៅផ្ទះជនសង្ស័យខាងលើ ។
ពាក់ព័ន្ធ នឹងរឿងម៉ូតូ១គ្រឿងម៉ាកស្គុបពីនេះម្ចាស់ម៉ូតូ ឈ្មោះ អ៊ឹម សិរី បានអោយសមត្ថកិច្ចដឹងថា៖ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៥ មានឈ្មោះអៀប ណាក់ ហៅជ្រូក បានខ្ចីម៉ូតូថាទៅទិញទឹកសុទ្ធមួយភ្លែត ហើយក៏បាត់រហូតមក ទើបនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ម្ចាស់ម៉ូតូបានឃើញឈ្មោះ គឹមសួរកុសលម៉ានិតុ ហៅចិត្ត ជិះម៉ូតូ របស់ខ្លួន ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង។ តាមចម្លើយជនសង្ស័យ និយាយថា ឈ្មោះជ្រូកជាអ្នកយកមកបញ្ចាំក្នុងតម្លៃ៤០០ដុល្លា ។
ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ពេជ្រ សោភា អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងអញ្ជាញ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ ជាមនុស្សញៀនថ្នាំធ្លាប់ជាប់ពន្ឋនាគារ និងពេលចាប់ខ្លួនឈ្មោះនេះបានសា រភាពថា ខ្លួនធ្លាប់បានទិញថ្នាំញៀនពីឈ្មោះចិត្តជាច្រើនដង ។
សមត្ថកិច្ចការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត បានអោយដឹងថា៖ គឹមសួរកុសលម៉ានិតុ ហៅចិត្ត គឺជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្ម និងមានទីលំនៅច្រើនកន្លែង ដែលលំបាកក្នុងការបង្រា្កប ។ ឈ្មោះនេះត្រូវបានចោទប្រកាន់បទល្មើស៣ករណីគឺ១.ចែកចាយគ្រឿងញៀន ២.ទទួលចោរកម្ម ៣.ប្រើខ្នោះដៃអត់ច្បាប់ ។ ចំណែកឈ្មោះ ពេជ្រសោភា វិញត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំញៀន ហើយត្រូវបានតុលាការខេត្តឃុំខ្លួននៅរសៀលថ្ងៃទី១៦ខែមករា បន្តការស្រាវជ្រាវស៊ើប អង្កេតដើម្បីឈានទៅជំនុំជំរះផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ រិទ្ធិ ជ័យ
http://ift.tt/1n9xI5T