មនុស្ស២នាក់របួសធ្ងន់ធ្ងរដោយបើកម៉ូតូ២គ្រឿងដោយឡែកពីគ្នា ល្បឿនលឿនបុករថយន្តដូចគ្នានៅកន្លែងតែមួយ
ខេត្តកំពង់ឆ្នាំង៖ យុវជន២នាក់បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្ទួនគ្នា ដោយ ជិះម៉ូតូលឿនដូចគ្នាបុករថយន្តនៅផ្សេងគ្នា នៅលើទីតាំងតែមួយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ចំណុច ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ មុនពេលកើតហេតុ មានជនរងគ្រោះ ឈ្មោះ យាំ អាយុប្រមាណ ២៥ឆ្នាំ មុខរបរជាជាងផ្សាដែក មានទីលំនៅ ក្នុងឃុំពង្រ ស្រុករលាប្អៀរ បានជិះម៉ូតូ ម៉ាកហុងដា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងដំណើរពីត្បូងមកជើងតាមផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក តូយ៉ូតា កូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-8240 បើកបរក្នុងដំណើរស្របទិសគ្នា បានបត់ឆ្វេងកាត់មុខបណ្តាលអោយម៉ូតូបុករថយន្ត នោះពេញទំហឹង បណ្តាលអោយអ្នកបើកម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯម៉ូតូ និងរថយន្តខូចខាតផ្នែកខាងមុខដូចគ្នា ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានបន្តអោយដឹងទៀតថា៖ នៅពេលដែលសមត្ថកិច្ចកំពុងធ្វើការវាស់វែងកន្លែងគ្រោះថ្នាក់ និងកំពុងមានមនុស្សចោមរោមមើលផងក៏ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព-0925 ភព-2 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរពីជើងទៅត្បូងតាមបណ្តោយ ផ្លូវ ជាតិពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-3620 បើកបរដោយឈ្មោះ ខែម សុខា អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានបើកយ៉ាងលឿនក្នុងដំណើរពីត្បូងមកជើង ច្រាសទិសគ្នាក៏បានបុករថយន្តពេញ ទំហឹង បណ្តាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរ ចំណែកអ្នកបើកបររថយន្តបានបើករត់ ជាង១គីឡូ ម៉ែត្រទើបឈប់ ហើយបានចុះរត់គេចខ្លួនបាត់ដោយទុករថយន្តចោលលើផ្លូវជាតិ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ត ដឹកយកទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្ត និងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកសាងសំណុំរឿងតាមផ្លូវច្បាប់ រង់ចាំការដោះស្រាយតាមនិតិវិធី៕ រិទ្ធិ ជ័យ
http://ift.tt/1oD87mG