នាវាកងទព័ស្វ័យការពារជប៉ុនចំនួន៣គ្រឿងក្នុងនោះ២គ្រឿងចូលចតដល់កំពង់ផែក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាវាកងទ័ពស្វ័យការពារជប៉ុន ចំនួន៣គ្រឿង ក្នុងនោះ២គ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ និងមួយគ្រឿងទៀតចតនៅដែនសមុទ្រខាងមុខកំពង់ផែ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃ១៧ ខែកុម្ភៈ រហូតដល់ថ្ងៃ២០ ខែកុម្ភៈ ២០១៦នេះ។
បើតាមមន្ត្រីពិធីការកងទ័ពជើងទឹកកម្ពុជាថ្លែងថា លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានដឹកនាំនាយនាវី នាយនាវីរង និងពលនាវីមួយក្រុមទៅទទួលបដិសណ្ឋារកិច្ចមេបញ្ជាការ និងកងទាហានជើងទឹកពីនាវាជប៉ុននៅឯកំពង់ផែក្រុងព្រះសីហនុ ជាមួយនឹងការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ពីសមត្ថកិច្ចពាក់ព័ន្ធស្វាគមន៍យ៉ាងយកចិត្តទុកដាក់ និងស្នឹទ្ធស្នាល។
លោកវរសេនីយ៍ឯក សៀង ឡេង នាយប៉ុស្តិ៍ច្រកទ្វាអន្តរជាតិក្រុងព្រះសីហនុ បញ្ជាក់ថា នាវាកងទ័ពស្វ័យការពារជប៉ុនទាំង៣គ្រឿងនេះ ទី១ឈ្មោះ YAMAYUKI មានកងនាវឹកចំនួន២០២នាក់ នាវាទី២ឈ្មោះ HATAKAZE មានកងនាវឹក២៣១នាក់ និងនាវាទី៣ឈ្មោះ AKEBONO មានកងនាវឹក២០៤នាក់។ ការចូលចតនេះមានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៧កុម្ភៈ រហូតដល់ថ្ងៃទី២០កុម្ភៈ ដោយថ្ងៃទី១៧កុម្ភៈគណៈប្រតិភូរបស់នាវាមានការចូលជួបសម្តែងការគួរសមជា មួយគណៈអភិបាលក្រុង គណៈអភិបាលខេត្ត លោកឧត្តមស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថ។
ក្រៅពីនេះនាវិកលើនាវាធ្វើតំណើរទៅកាន់មូលដ្ឋានសមុទ្ររាមទស្សនៈកិច្ច មូលដ្ឋានសមុទ្ររាម ទស្សនៈកិច្ច ទីបញ្ជាការជួរមុខលំហរសមុទ្រ នៅថ្ងៃទី១៨ចាកចេញទៅកាន់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនៈកិច្ច តំបន់ទេសចរណ៍សំខាន់ៗ នៃរាជធានីភ្នំពេញថ្ងៃទី១៩ កុម្ភៈ ការបើកអោយសិស្ស និស្សិតខេត្តព្រះសីហនុ ចូលទស្សនៈកិច្ចលើនាវា ការប្រកួតកីឡាលក្ខណៈមិត្តភាព ពិធីជប់លៀងលើនាវា និង ថ្ងៃទី២០ កុម្ភៈ វេលាម៉ោង ០៩ និង០០នាទីពិធីលាគ្នាដោយនាយនាវីមូលដ្ឋានសមុទ្ររាម និងចូលរួមលំហាត់លាគ្នាជាមួយនាវាកងទ័ព្វជើងទឹកកម្ពុជា។
អ្វីដែលជាគោលបំណងសំខាន់ ក្នុងការចូលចតនេះ គឺដើម្បីរឹតចំណងសាមគ្គីភាពរវាងកម្ពុជា ជប៉ុន ក៏ដូចជាបង្កើននូវទំនាក់ទំនងទ្វេដង រវាងកម្ពុជា ជប៉ុន នៅក្នុងឆាកអន្តរជាតិ៕ សមុទ្រខៀវ
http://ift.tt/1UdG09W