ឃាតកម្មសម្លាប់កូនក្រមុំនៅថ្ងៃរៀបការ នគរបាលវែកមុខរកឃើញជនដៃដល់គឺកូនកម្លោះ
ខេត្តក្រចេះ ៖ ករណីឃាតកម្មវាយសម្លាប់កូនក្រមុំកាលពីវេលាម៉ោង ១១ និង២០យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នៅពេលកូនក្រមុំ និងកូនកម្លោះបបួលគ្នាទៅងូតទឹកអណ្តូងបន្ទាប់ចូលរោងការនោះ នៅរសៀលថ្ងៃទី២៨កុម្ភៈនេះ នគរបាលខេត្តក្រចេះបានបំបែកសំណុំរឿងបានហើយ ជនដៃដល់សម្លាប់កូនក្រមុំ គឺជាកូនកម្លោះផ្ទាល់នោះតែម្តង ពេលនាំជនរងគ្រោះទៅងូតទឹក ហើយពេលដើរមកវិញ ជនដៃដល់ដែលដើរពីក្រោយ ក៏យកព្រនង់វាយទៅលើជនរងគ្រោះរហូតស្លាប់តែម្តង ។ ឃាតកម្មបិទមុខនេះកម្លាំងនគរបានបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កំណត់បានមុខសញ្ញាបានឃាត់ខ្លួនជនដែដល់មុនពេលរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ អ៊ុំ ភី ស្នងការរងនគរបាលខេត្តក្រចេះ និងប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ បានប្រាប់បានថ្លែងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៦នេះថា ក្រោយមានអំពើឃាតកម្មលាក់មុខនេះកើតឡើងភ្លាម កម្លាំងនគរបាលស្រុក និងប៉ុស្តិ៍ស្រែចារ ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់ គឺជាកូនកម្លោះ នៅរសៀលថ្ងៃទី២៧ ខែកុម្ភ: ស្ថិតនៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
លោកឧត្តមសេនីយ៍ អ៊ុំ ភី បានបញ្ជាក់ថា ជនសង្ស័យរូបនេះ មានឈ្មោះ ឡើត ឆើត ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ជាអ្នកវាយសម្លាប់ជនរងគ្រោះ នៅពេល ពួកគេទាំង២នាក់ បានទៅងូតទឹកក្រោយផ្ទះ ពេលបញ្ចប់ថ្ងៃរៀបការហើយនោះ។ តាមពិតជនដៃដល់(កូនកម្លោះ)មិនបានស្រឡាញ់ជនរងគ្រោះ(កូមក្រមុំ)នោះទេ ក្រោយពួកគេបានភ្ជាប់ពាក្យហើយ ដោយចោទថាជនរងគ្រោះមិនស្មោះត្រង់ជាមួយខ្លួន ធ្លាប់មានសង្សា និងមានការទំនាក់ទំនងយ៉ាងស៊ីជម្រៅទៀតផង។ ជនដៃដល់មិនចង់រៀបការនោះឡើយ ហើយចង់ដកខ្លួនទៀតផង តែដោយសារឪពុកម្តាយខាងស្រីបង្ខំ និងគំរាមថា បើមិនរៀបការជាមួយកូនស្រីរបស់ពួកគេទេ នឹងប្តឹងទាមទារលុយកាក់ជាមិនខាន។
លោកឧត្តមសេនីយ៍ អ៊ុំ ភី បានឲ្យដឹងទៀតថា ជនដៃដល់បានសារភាពថា ខ្លាចឪពុកម្តាយខាងស្រីប្តឹងទើបសុខចិត្តរៀបការទាំងមិនសប្បាយចិត្ត ហើយពេលខ្លះចង់ចងក សម្លាប់ខ្លួន តែធ្វើទៅមិនកើត ហើយបានប្តូរផែនការវាយសម្លាប់ជនរងគ្រោះតែម្តង ។ ពេលនាំជនរងគ្រោះទៅងូតទឹក ហើយពេលដើរមកវិញ ជនដៃដល់ដែលដើរពីក្រោយ ក៏យកព្រនង់វាយទៅលើជនរងគ្រោះរហូតស្លាប់តែម្តង មុនពេលរត់គេចខ្លួន រហូតកម្លាំងនគរបាលចាប់ខ្លួនតែម្តង។ ក្រោយចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងព្រនង់ឈើចំនួន២កំណាត់ និងក្បាលពិល ធ្វើអំពីដែកចំនួន១។
សូមរំលឹកឡើងវិញថា ករណីឃាតកម្ម សម្លាប់ស្ត្រីជាកូនក្រមុំម្នាក់ យ៉ាងអណោចអធ័ម ទាំងកាយអាក្រាត និងបុរសម្នាក់ជាកូនកម្លោះរងរបួស។ ហេតុការណ៍នោះកើតឡើងវេលាម៉ោង ១១ និង២០យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែចារបានឲ្យដឹងថា ជនរងជាកូនក្រមុំមានឈ្មោះ ម៉ុន ស្រីញឹប ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានស្លាប់នៅកន្លែងកើតហេតុ (ត្រូវជាកូនក្រមុំ) , និងឈ្មោះ ឡើក ឆើត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិ-ឃុំជាមួយគ្នា បានរងរបួសធ្ងន់ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល (ត្រូវជាកូនកម្លោះ)។
មុនពេលកើតហេតុ ជាថ្ងៃចូលរោងរៀបអាពាហ៍ពិពាហ៍ លុះល្ងាចឡើងកម្មវិធីចូលរោង ចប់សព្វគ្រប់នៅវេលាម៉ោងប្រហែល៩ កូនកម្លោះ និងកូនក្រមុំ បានបណ្តើរគ្នាទៅងូតទឹក អណ្តូងនៅវាលស្រែនៅខាងក្រោយផ្ទះ ក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពវាយជនរងគ្រោះ ទាំងពីរនាក់ខាងលើតែម្តង លុះដល់វេលាម៉ោងប្រមាណជាង ១១យប់ទើបក្រុមគ្រួសារបានដឹង៕
http://ift.tt/1VLH43o