កូនប្រុសទារលុយម្តាយទិញថ្នាំញៀនមិនបានដុតឆេះផ្ទះគ្មានសល់អ្វី ម្តាយបានត្រឹមអង្គុយសម្រក់ទឹកភ្នែក
ខេត្តមណ្ឌលគិរី៖ ផ្ទះឈើមួយខ្នងត្រូវបានភ្លើងឆេះក្លាយទៅជាផេះ ដោយសារកូនប្រុសខឹងនឹងម្តាយទារលុយចាយមិនបានដូចបំណង។ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ០៣ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៧៦ ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សាក្សីក្នុងហេតុការណ៍នេះ ប្រាប់អោយដឹងថា មុនពេលមានអគ្គីភ័យឆាបឆេះនេះ គឺកូនប្រុសម្ចាស់ផ្ទះ បានឈ្លោះ ប្រកែកគ្នាជាមួយម្តាយយ៉ាងខ្លាំង ក្រោយកូនប្រុសរូបនោះសុំលុយម្តាយ៥ម៉ឺនរៀលមិនបាន និងបានបណ្តេញម្តាយអោយចេញពីផ្ទះ បើសិនជាគ្មានលុយអោយរូបគេ។ ប្រភពបន្តថា ក្នុងពេលឈ្លោះជាមួយម្តាយនោះរូបគេ បានព្យាយាមចាក់សាំងដុតផ្ទះ ម្តងជាពីដងតែត្រូវបានអ្នកជិតខាងជួយឃាត់ទាន់។ មិនបានប៉ុន្មាននាទីផង កូនប្រុសចិត្តធំមិនអាណិតម្តាយមេម៉ាយរូបនោះ បានរត់ទៅទាញយកសាំងស្រោចលើជញ្ជាំង ហើយដុត ឆេះផ្ទះគ្មានសល់អ្វី ម្តាយបានត្រឹមអង្គុយសម្រក់ទឹកភ្នែកទាំងភិតភ័យ។
សេចក្តីរាយការបានអោយដឹងថា អភិបាលស្រុកកែវសីមាលោក ស៊ិន វណ្ណវុឌ្ឍ បានដឹកនាំសមត្ថកិច្ចចុះទៅដល់ កន្លែងកើតហេតុភ្លាមៗ តែដោយរដូវនេះជារដូវប្រាំង ហើយខ្សែរភ្លើងត្រូវបានកាត់ផ្តាច់ដោយអណ្តាតភ្លើងនោះ រយៈពេលជាងម្ភៃនាទីក្រោយមក ផ្ទះខាងលើដែលមានទំហំ៥គុណ១២ម៉ែត បានឆាបឆេះក្លាយទៅជាផេះ ស្ត្រីមេម៉ាយក្នុងជីវភាពក្រខ្សត់ត្រូវកូនបំផ្លាញ និងបោះបង់ចោលង្គុយសម្លឹងភ្នក់ភ្លើងដោយអស់សង្ឃឹម។
នគរបាលបានអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះទ្រី សារ៉េត ភេទស្រី អាយុ៤១ឆ្នាំ ត្រូវបានកូនប្រុសឈ្មោះបញ្ញា អាយុ២១ឆ្នាំ គំរាមកំហែងនិងបានដុតផ្ទះម្តាយកម្ទេចចោល ក្រោយសូមលុយចំនួន៥ម៉ឺនមិនបាន។ឈ្មោះបញ្ញាជាជនបង្ករ ត្រូវបានអ្នករស់នៅក្បែរនោះបញ្ជាក់ថា ជាមនុស្ស ញៀននឹងថ្នាំញៀន ហើយតែងតែសំឡុតម្តាយទាររក ប្រាក់ដើម្បីទៅទិញថ្នាំញៀនជាប្រចាំ គេនៅមិនទាន់ដឹងអំពីទំហំនៃទ្រព្យសម្បត្តិ ដែលរងការឆេះនោះនៅឡើយ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់ចាប់ជនបង្កបាននៅឡើយ ដោយគេកំពុងតែរត់គេចខ្លួន ក្រោយដុតផ្ទះ ចោលនោះ៕ ឦសាន២
http://ift.tt/1oOjyYF