រថយន្តកុងតឺន័របុកម៉ូតូពីក្រោយហើយកិនស្លាប់ក្មេងស្រី២នាក់ និងរបួសម្នាក់
ភ្នំពេញ ៖ មនុស្សស្រី៣នាក់កំពុងជិះម៉ូតូឌុបគ្នានៅលើផ្លូវជាតិលេខ៥ ត្រូវរថយន្តកុងតឺន័របើកក្នុងទិសស្របគ្នា បុកចំពីក្រោយហើយកិនពីលើស្លាប់២នាក់ភ្លាមៗ និងរបួសស្រាលម្នាក់។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខវត្តជោគមង្គល ហៅវត្តព្រែកព្នៅ នៅតាមបណ្តាលជាតិលេខ៥ ភូមិកណ្តាល ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះ ទី១ ឈ្មោះ សុត សេងហ៊ាន់ ភេទស្រី អាយុ១១ឆ្នាំ ទី២ ឈ្មោះ ប៊ុន ស្រីម៉ិច ភេទស្រី អាយុ២២ឆ្នាំ និងអ្នករងរបួសស្រាល មានឈ្មោះ ជា វឿន ភេទស្រី អាយុ៣១ឆ្នាំ ពួកគេជិះម៉ូតូ មួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-9806 បច្ចុប្បន្នអ្នកទាំង៣ ស្នាក់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ចំណែករថយន្តបង្កហេតុម៉ាក UD ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1328 ក្រោយបង្កហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនពីការទទួលខុសត្រូវ។
សាក្សីឃើញនៅកន្លែងកើតហេតុបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូជនរងគ្រោះជិះគ្នា ៣នាក់ ក្នុងដំណើរពីត្បូងទៅជើង ហើយរថយន្តកុងតឺន័រស្របទិសគ្នាក្នុងល្បឿនលឿន លុះដល់ចំណូចកើតហេតុ រថយន្តកុងតឺន័របានបុកម៉ូតូពីក្រោយហើយកិនទាំងមនុស្សទាំងម៉ូ បែកក្បាលធ្លាយខួរស្លាប់២នាក់ និងម្នាក់ទៀតបានរងរបួសស្រាល ។ ចំណែកអ្នកបើកបររថយន្តក្រោយពីកើតហេតុបានលោតចុះរត់គេចខ្លួនបាត់ ។ ហើយសមត្ថកិច្ចបានចុះទៅវាស់វែងធ្វើកំណត់ហេតុ នាំយករថយន្តខាងលើ និងម៉ូតូមករក្សាទុក្ខនៅការិយាល័យនគរបាលចរាចរជើងគោ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយបានប្រគល់សពអោយទៅក្រុមគ្រួសារសព ៕
http://ift.tt/1RPG68F