ស្នេហា៍ត្រីកោណវ័យចំណាស់ឈានដល់ការធ្វើឃាតលើគូប្រជែងស្នេហ៍កាប់៦ពូថៅស្លាប់ក្នុងថ្លុកឈាម
ខេតព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវបាន ឃាតក ដែលជាជនបរាជ័យសុំស្នេហ៍ប្រពន្ធជនរងគ្រោះមិនបាន ហើយបានពួនស្ទាក់កាប់ជាច្រើនពូថៅកាលវេលាម៉ោង ២៣ និង១០នាទី យប់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ ចំណុចផ្ទះស្ត្រី ឈ្មោះ ជី គៀង ។ ហេតុការណ៍នេះកើតឡើងដោយសារស្នេហាត្រីកោណ រវាងជនដៃដល់ និងជនរងគ្រោះ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយត្រី សំ សាមាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពុងសិលា ខេត្តព្រះសីហនុ។
លោកវរសេនីយត្រី សំ សាមាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពុងសិលា ខេត្តព្រះសីហនុបានឲ្យដឹងថានៅវេលាម៉ោង ២៣ និង១០នាទី ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ ចំណុចផ្ទះ ឈ្មោះ ជី គៀង ភេទស្រី អាយុ៥៣ឆ្នាំ ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីមនុស្សឃាតមួយបានកើតឡើង បង្កដោយឈ្មោះ ខេន វ៉ាន់ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានប្រើពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ភួន វិចិត្រ ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ខណៈពេលជនរងគ្រោះដើរចេញពីផ្ទះស្ត្រីឈ្មោះ ជី គៀង ភេទស្រី អាយុ៥៣ ដែលអះអាងថាជាបប្រពន្ធជនរងគ្រោះ ត្រូវចំក្បាលចំនួន៥ពូថៅនិងស្មា១ពូថៅ បណ្តាលអោយជនរងគ្រោះដួលស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកជនដៃដល់បានជិះម៉ូតូគេចទៅផ្ទះបាត់។
លោកបន្តថា ភ្លាមនោះម្ចាស់ផ្ទះបានរត់ទៅប្រាប់ប្រជាពលរដ្ឋ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះទៅដល់កន្លែងកើតហេតុ និងទៅផ្ទះរបស់ជនសង្ស័យឈ្មោះ ខេន វ៉ាន់ តែជន សង្ស័យបានរត់គេចបាត់មិននៅផ្ទះបន្សល់ទុកម៉ូតូនៅខាងក្រោមផ្ទះដោយមានប្រឡាក់ជាប់ឈាមនៅនឹងម៉ូតូ។ ករណីខាងលើបណ្តាលមកពីជនសង្ស័យតាមស្រឡាញ់ប្រពន្ធជនរងគ្រោះ។
លោកបានបញ្ជាក់បន្ថែមថា តាមការពិតចំពោះស្ត្រីឈ្មោះ ជី គៀង នេះមិនមែនជាប្រពន្ធជនពេញច្បាប់របស់ជនរងគ្រោះនោះទេ គឺគ្រាន់តែរស់នៅជាមួយគ្នាម្តងម្កាលតែប៉ុណ្ណោះ ទើបធ្វើជនសង្ស័យបាក់ចិត្តស្រឡាញ់លើស្ត្រីឈ្មោះ ជី គៀង នោះ ហើយបានតាមទាក់ទងទៅលើស្ត្រីនោះ។ ប៉ុន្តែត្រូវបានស្ត្រីនោះបដិសេធ ទើបកើតការច្រណែនជាមួយជនរងគ្រោះ ហើយបានរៀបចំគម្រោងពួនស្ទាក់ធ្វើឃាតបុរសរងគ្រោះតែម្តង។ បច្ចុប្បន្នម៉ូតូត្រូវបានរក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកសាកសពរងចាំគ្រួសារមកទទួល កំម្លាំងកំពុងធ្វើ ការស្រាវជ្រាវតាមរកជនដៃដល់យកមកផ្តន្ទាទោទៅតាមច្បាប់ ៕ សមុទ្រខៀវ
http://ift.tt/1RJ5h9q