ផទចននខនងនករងកពងឆនងតរវភលងឆខទចពផទអតមចសនយរឆនសងសយថបងកឡងដយអនកជកថនញនបភលងលគនរអស
ខេត្តកំពង់ឆ្នាំង៖ ផ្ទះចំនួន១៨ខ្នង នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវអគ្គីភ័យ ឆេះ ខ្ទេចម៉ត់ ដែលគេសង្ស័យថាបណ្តាលពីអ្នកជក់ថ្នាំញៀននៅផ្ទះអត់ម្ចាស់នៅយូរឆ្នាំមកហើយ ដែរភ្លើងបានឆេះចេញពីគំនរអុសទុកឆ្អើរត្រីនៅក្រោមផ្ទះ។ ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៣និង៣០នាទី ល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ដោយឆាបឆេះរយៈពេលជាងមួយម៉ោង ដោយមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តចំ នួន៣គ្រឿង អន្តរាគមន៍បាញ់ទឹកពន្លត់ជាង១០ឡាន ទើបគ្រប់គ្រងសភាពការណ៍បាន។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកថ្ងទី២១ ខែមេសានេះថា៖ ផ្ទះជនរងគ្រោះដោយអគ្គីភ័យនេះសរុបមានចំនួន១៨ខ្នង ក្នុងនោះមានផ្ទះឈើ និងស្លឹកចំនួន១៦ខ្នង និងផ្ទះថ្មចំនួន២ខ្នង ដែលនៅសងខាងកន្លែងកើតហេតុ។ ករណីសមត្ថកិច្ចអាចជួយអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់បាន ប៉ុណ្ណឹងនោះ គឺ១ទីតាំងរថយន្តទៅដឹកទឹកយកមកបាញ់ពន្លត់នៅជិតប្រមាណ៤០០ម៉ែត្រពីកន្លែងកើត ហេតុ ទី២នៅសងខាងកន្លែងកើតហេតុមានផ្ទះថ្ម២ល្វែងជួយទប់ការឆេះរាលដាល ប្រសិនបើគ្មានផ្ទះថ្មជួយទប់ទេនោះ ការឆេះរាលដាលពិតជាកើតមានច្រើនជាងនេះ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា៖ តាមការស្រាវជ្រាវនៅកន្លែងកើតហេតុបានដឹងថា ដើមភ្លើងដែលបាន ឆេះមុនគេ បានឆេះចេញពីគំនរអុស ផ្ទះឈើមួយខ្នងរបស់យាយហួយ រស់នៅទីក្រុងភ្នំពេញ ដោយគាត់ បានចែកអោយកូនចៅ ហើយកូនចៅគាត់បានបិទទ្វារចោលយូរឆ្នាំមកហើយ និងបានដាក់ផ្លាកលក់ ចំណែកចរន្តអគ្គីសនីក្នុងផ្ទះនេះក៏ត្រូវបានកាត់ផ្តាច់អស់ដែរព្រោះតែគ្មានម្ចាស់នៅ។ ចំណែកទំហំការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអស់ប៉ុន្មាននោះ សមត្ថកិច្ចពុំទាន់បូកសារុបបានឡើយ។
#ដោយឡែកប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានអះអាងថា៖ ដើមភ្លើងពិតជាឆេះចេញពីផ្ទះយាយហួយនេះពិតមែន ព្រោះនៅមុខផ្ទះ និងក្រោមផ្ទះនេះមានគំនរអុសដែលអ្នកឆ្អើរត្រីនៅខាងក្រោយៗបានគរទុក ហើយពីមុនមកគេធ្លាប់ឃើញក្មេងៗជក់ថ្នាំញៀន នាំគ្នាពួនសម្ងំជក់ថ្នាំញៀននៅក្រោមផ្ទះមួយនេះ ដែលករណីឆេះផ្ទះខាងលើនេះគេសង្ស័យថា អ្នកជក់ថ្នាំញៀនបោះកន្ទុយបារីឬភ្លើងទៅលើគំនរអុសពុកៗ សំរាប់ឆ្អើរត្រីនោះ ទើបបង្កអោយមានអគ្គីភ័យនេះកើតឡើង។
ប្រជាពលរដ្ឋលើកឡើងថា ការដាក់រឿងសង្ស័យជំហ៊ានដំបូងរបស់សមត្ថកិច្ចថា ដើមភ្លើងបានឆេះចេញផ្ទះអ្នកឆ្អើរត្រីលក់ដែលនៅខាងក្រោយៗនោះមិនមែនជារឿងពិតនោះឡើយ៕ រិទ្ធិ ជ័យ
http://ift.tt/23KQwMr