មេគយចល័តមានរហស្សនាម «គ្រូចិនសែ» ប្រចាំផ្លូវជាតិលេខ២និងលេខ៣ កំពុងប្រើអំណាច់គោះលុយឆៅៗពីឈ្មួញដឹកត្រីខុសច្បាប់ រត់ពន្ធដែក និងទំនិញចម្រុះនាំពីវៀតណាម
ខេត្តតាកែវ ៖ ទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ របស់ក្រុមឈ្មួញ ទាំងតូចទាំងធំ បច្ចុប្បន្នកំពុងដឹកជញ្ជូនពីវៀតណាមចូលតាមច្រករបៀង និងច្រកទ្វារអន្តរជាតិនានា នៅក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពតយ៉ាងអនាធិបតេយ្យ ហើយទំនិញល្មើសទាំងនោះបានសម្រុកដឹកចូល រាជធានីភ្នំពេញនៅពេលយប់ ដោយគេមិនដែលឃើញមានការបង្ក្រាប ក្រុមគយចល័ត របស់អគ្គនាយកដ្ឋាន ប្រចាំផ្លូវជាតិលេខ២ និងលេខ៣ ក្រោមការគ្រប់គ្រងរបស់លោកមេគយចល័តមានរហស្សនាម គ្រូចិនសែ នោះម្តងណាឡើយ តែបែរជាល្បីល្បាញគេនិយាយតៗគ្នាថា ក្រុមគយចល័តប្រចាំផ្លូវជាតិលេខ២ និងលេខ៣ កំពុងខ្វែងដៃខ្វែងជើងគ្នា ប្រមូលុយពីទំនិញល្មើសច្បាប់ ចែកគ្នាទៅធ្វើមានធ្វើបាន និងអាចរៀបចំឆ្នាំងបាយជូនមេៗថ្នាក់លើទៀតផង ទើបមេគយចល័តរហស្សនាម គ្រូចិនសែ ហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ។
សមត្ថកិច្ចជំនាញពាក់ព័ន្ធបានបង្ហើបឲ្យដឹងថា បទល្មើសសេដ្ឋកិច្ច ការរត់ពន្ធទំនិញ និងទំនិញបង់ពន្ធមិនគ្រប់ ចូលតាមច្រករបៀង និងច្រកអន្តរជាតិក្នុងខេត្តតាកែវ និងខេត្តកំពត ដឹកឆ្លងកាត់ តាមផ្លូវជាតិលេខ២ និងលេខ៣ រហូតចូលដល់ក្នុងរាជធានីភ្នំពេញយ៉ាងរលូននោះ គឺអាចមន្ត្រីគយតាមច្រកនានាផ្នែកត្រួតពិនិត្យដើមទីត្រូវរ៉ូវជាមួយគយចល័តប្រចាំផ្លូវជាតិលេខ២ និងលេខ៣ បិទបាំងបរិមាណ និងសម្រួលការក្លែងប្រភេទទំនិញគ្រប់រូបភាពដើម្បីទាញយកផលប្រយោជន៍ពីក្រុមឈ្មួញបញ្ចូលហោប៉ៅរៀងៗខ្លួនៗ ហើយបានធ្វើឲ្យសកម្មភាពរត់ពន្ធទំនិញខុសច្បាប់មានសភាពស្ងប់ស្ងាត់ ហាក់ដូចគ្មានអំពើរត់ពន្ធ និង ទំនិញមិនគ្រប់អញ្ចឹង។ ជាការពិតគោលនយោបាលកំណែទម្រង់គយត្រូវបានលោកមេគយចល័តមានរហស្សនាម គ្រូចិនសែប្រើជាឧបករណ៍បន្លាចឈ្មួញទាំងតូចទាំងធំប្រមូលលុញច្រកហោប៉ៅតែប៉ុណ្ណោះ។
បច្ចុប្បន្នល្បីថា មេគយចល័ត ប្រចាំផ្លូវជាតិលេខ២ និងលេខ៣ មានរហស្សនាម គ្រូចិនសែ អាចរកចំណូល តាមរបៀបពុករលួយ បានច្រើនពាន់ដុល្លារក្នុងមួយថ្ងៃៗ ពីការដឹកជញ្ជូន និងនាំចូលត្រីខុសច្បាប់ ពីប្រទេសវៀតណាម តាមច្រកខេត្តតាកែវ និងខេត្តកំពត។ ការនាំចូលត្រីខុសច្បាប់ មានសារធាតុគីមី ក្នុងមួយថ្ងៃៗរាប់រយតោន របស់ក្រុមឈ្មួញ ទោះបីជា មានលិខិតអនុញ្ញាតិ ពីក្រសួងកសិកម្ម ក៏មិនអាចគេចវេសបង់លុយឲ្យក្រុមគយចល័ត ប្រចាំផ្លូវជាតិលេខ២ និងលេខ៣ បាននោះទេ បើមិនដូច្នេះទេចៀស មិន ផុតពីការគាបសង្កត់ចាប់ថ្នាក់ ពិនិត្យឯកសារ និងចាប់កំហុសមិនចេះចប់។ ម្ល៉ោះហើយសូម្បីតែឈ្មួញមាន អំណាច ដែលកំពុងរកស៊ីនាំចូល ដឹកជញ្ជូនដែក និងគ្រឿងសំណង់ ទ្រង់ទ្រាយធំ ឆ្លងកាត់ខេត្តតាកែវ ក្នុងមួយយប់ៗ រាប់សិបតោន ដោយបង់ពន្ធមិនគ្រប់ សុទ្ធតែរត់ការ និងមានទំនាក់ទំនងល្អជាមួយលោកគ្រូចិនសែ ទើបអ្វីៗអាចដំណើរការដោយរលូនល្អ ប៉ុន្តែអ្វីរដ្ឋជាអ្នកខាតបង់យ៉ាងធ្ងន់ធ្ងរ៕
http://ift.tt/1VYNiz2