លោក ជុំ រតនា (ហៅឌុក) មេប៉ុស្គិ៍អូរជុំសប្បាយប្រមូលលុយពីឈ្មួញនាំឈើប្រណីតទៅវៀតណាម និងកំពុងចេញមុខស្វះស្វែងដើរជួបសមត្ថកិច្ចគ្រប់ជំនាញឲ្យជួយសម្រួលលាក់បាំងថ្នាក់លើ
ខេត្តមណ្ឌលគិរី៖ បច្ចុប្បន្ននេះលោក ជុំ រតនា (ហៅឌុក) មេប៉ុស្គិ៍ អូរជុំកំពុងសើមមាត់សើមក ទទួលប្រាក់ជាច្រើនសន្ធឹកសន្ធាប់ពីជំនួញឈើប្រណីតដឹកជញ្ជូនឆ្លងដែនទៅវៀតណាម។ លោក ជុំ រតនា ត្រូវបានគេបញ្ជាក់ថាជាអ្នក ជួយសម្របសម្រួលដល់ឈ្មួញនាំឈើគ្រប់ប្រភេទចេញទៅប្រទេសវៀតណាម តាមច្រកដែលខ្លួនគ្រប់គ្រងចំនួន ៣ប៉ុស្គិ៍ក្នុងស្រុកែវសីមា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបានធ្វើឲ្យសកម្មភាពរត់ពន្ធឈើទៅវៀណាមចាប់ផ្តើមបើកសារជាថ្មី ។
ប្រភពបានបង្ហើបប្រាប់ថា លោក ជុំ រតនា កំពុងស្វះស្វែងដើរជួបសមត្ថកិច្ចគ្រប់ជំនាញ ដើម្បីសម្រួលដល់ការ នាំ ឈើ ចេញទៅវៀតណាម ហើយមន្ត្រីជំនាញទាំងនោះ ចាប់ពីអ្នកធំក្នុងខេត្តរហូតដល់ស្រុក ក៏ទទួលបានផល ប្រយោជន៍យ៉ាងក្រាស់ក្រែលផងដែរ ពីលោក ជុំ រតនា មន្ត្រីប៉ូលិសវរៈ៦២១ម្នាក់នេះទើបការប្រព្រឹត្តបទល្មើសជំនួញ ឈើឆ្លងដែនទៅវៀតណាមធ្វើទៅដោយរលូន និងស្ងាត់ដូចចោរលួចសេះ សូម្បីតែគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា និងគណៈកម្មការបង្ក្រាប បទល្មើសព្រៃ ឈើរបស់អគ្គស្នងការនគរបាលជាតិក៏មិនទាន់ដឹងរឿនេះនៅឡើយទេ! ។
ប្រភពបានបន្តទៀតថា បច្ចុប្បន្នប៉ុស្គិ៍ការពារព្រំដែន ដែលនាំឈើចេញទៅប្រទេសវៀតណាមច្រើនជាងគេ គឺប៉ុស្គិ៍ អូរជុំ គ្រប់គ្រង លោក ជុំ រតនា (ហៅឌុក) និង ប៉ុស្គិ៍ ពូជូ ដែលគ្រប់គ្រងដោយលោក ផល ពេញ ជាមន្ត្រីប៉ូលិលវរៈ៦២១ ដូចគ្នា។ គេមិនដឹងថា លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរីបានដឹងរឿងនេះដែរ ឬយ៉ាងណានោះទេ ខណៈរឿងនេះកំពុងតែមានការខ្សឹបខ្សៀវគ្នាក្នុងខេត្តនេះបណ្តើរៗទៅហើយនោះ៕ ឦសាន
លោក ជុំ រតនា (ហៅឌុក) មេប៉ុស្គិ៍ អូរជុំ
http://ift.tt/1SHhqfU