ព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចដែលកន្លងមកគេកាប់រាប់ម៉ឺនសែនដើមដឹកទាំងរថយន្តៗរកមុខមិនទានឃើញផង ឥឡូវចាប់ផ្តើមលួចកាប់ទៀតហើយ!
ខេត្តមណ្ឌលគិរី៖ មនុស្សចំនួន១២នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនៅក្នុងព្រៃតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច នាំយកមកកាន់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នេះដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនិតិវិធីច្បាប់ខណៈពួកគេប្រព្រឹត្តបទល្មើសលួចកាប់ឈើបានមួយចំនួនជាស្តែង ប៉ុន្តែសូម្បីតែមន្ត្រីជំនាញខាងមន្ទីរបរិស្ថាន និងលោកសំរ៉ង ឌីវិចិត្រ នាយកដែនជម្រកសត្វព្រៃភ្នំព្រេច មិនទាន់ប្រាប់ថាអ្នកនៅពីក្រោយកម្មករទាំងនេះជាអ្នកណានៅឡើយទេ។
លោកសំរ៉ង ឌីវិចិត្រ នាយកដែនជម្រកសត្វព្រៃភ្នំព្រេចឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពប្រព្រឹត្ត បទល្មើសនៅក្នុងតំបន់ព្រៃការពារដែនជម្រកសត្វព្រៃភ្នំព្រេច នៅចំណុចនិយាមការលេខ (0703934-1412597) នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សុទ្ធតែអ្នករស់នៅក្នុងភូមិរវៀង ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ក្នុងនោះទី១ឈ្មោះ ណែត ដុល ភេទប្រុស អាយុ៤០ឆ្នាំ ទី២ឈ្មោះ ងៀង គម ភេទប្រុស អាយុ ៤២ ឆ្នាំ ទី៣ឈ្មោះ វិច គ្រប់ ភេទប្រុស អាយុ២០ឆ្នាំ ទី៤ឈ្មោះ ថាន់ សួរ ភេទប្រុស អាយុ១៨ឆ្នាំ ទី៥ឈ្មោះ ដុល មករា ភេទប្រុស អាយុ១៨ឆ្នាំ ទី៦ឈ្មោះ ខេន ព្រិច ភេទប្រុស អាយុ២៤ឆ្នាំ ទី៧ឈ្មោះ ម៉ើល ឌឿន ភេទប្រុស អាយុ២៧ឆ្នាំ ទី៨ឈ្មោះ ឃិន ថាន់ ភេទប្រុស អាយុ៥១ឆ្នាំ ទី៩ឈ្មោះ ខេន ពានិច្ច ភេទប្រុស អាយុ១៧ឆ្នាំ ទី១០ឈ្មោះ ថែត កាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ទី១១ឈ្មោះ ឃាង ភិញ ភេទប្រុស អាយុ២០ឆ្នាំ និងទី១២ឈ្មោះ កឹង ឆែ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសុទ្ធតែកសិករដូចគ្នា ។
ចំណែកវត្ថុតាង ដែលឃាត់បានរួមមាន៖ គោយន្តកន្ត្រៃចំនួន០៤គ្រឿង រណាយន្តចំនួន០៣គ្រឿង ពូថៅដៃចំនួន៣គ្រឿង កាំបិតចំនួន០៣គ្រឿង ដែកត្បែងចំនួន០២ដើម ត្រសេះចំនួន០១ដើម ទូរស័ព្ទចំនួន០១គ្រឿង កៅឡាក់ចំនួន០៤ និងឈើប្រណីតប្រភេទឈើបេងចំនួន១៦ដុំ ។ លោកនាយកដែនខាងលើឲ្យដឹងថា មនុស្សរួមនឹងវត្ថុតាង និងរៀបចំបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ នារសៀលថ្ងៃនេះ។ សូមជម្រាបថា មហាជនសុំស្នើឲ្យលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យជួយចាត់ចែងធ្វើការបញ្ជូនមន្ត្រីជំនាញដើម្បីជួយធ្វើការស្រាវជ្រាវ និងអង្កេតនៃករណីឃាត់ចាប់ខ្លួនមនុស្សចំនួន១២នាក់ ពាក់ព័ន្ធនឹងការកាប់ឈើក្នុងដែនហាមឃាត់នេះផង និងជួយស្រាវជ្រាវរកមេឈ្មួញធំនៅក្រោយខ្នងកម្មករដែលត្រូវចាប់ខ្លួននេះ ព្រោះមេគំនិតជាមេខ្លោងក្នុងរឿងនេះកំពុងរួចខ្លួននៅឡើយ។
ដោយសារតែមន្ត្រីបរិស្ថាន និងលោកសំរ៉ង ឌីវិចិត្រ នាយកដែនជម្រកកសត្វព្រៃភ្នំព្រេចធ្លាប់មហាជនមើលឃើញភាពមិនប្រក្រតីរឿងកាប់ឈើនៅដែនជម្រកសត្វព្រៃភ្នំព្រេចមុនពេលបង្កើតគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ជាតិកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នោះ ដែលឈើហ៊ុបដឹកចេញរាប់ម៉ឺនរាប់សែនដើមចេញពីទីនោះ ទើបករណីនេះមហាជនបានដាក់ការសង្ស័យថា អាចមកពីមានការបណ្តែតបណ្តោយពីមន្ត្រីជំនាញនៅក្នុងមន្ទីរបរិស្ថានខេត្ត និងមន្ត្រីទទួលខុសត្រូវដែនជំរកសត្វព្រៃសារជាថ្មីយ៉ាងពិតប្រាកដទើបមានបទល្មើសនេះកើតឡើងបានបែបនេះ ទំនងបែកការទើបមានការចាប់ខ្លួនជនល្មើសយកស្នារដៃ ប្រយោជន៍ការពារមុខដំណែងរបស់ខ្លួនតែប៉ុណ្ណោះ៕ ឦសាន២
http://ift.tt/23Q4lck