មេឈ្មួញ លឹម លុង នាំប្រេងគេចពន្ធដឹកតាមកប៉ាល់លក់ចែកចាយតាមលំហសមុទ្រ និងនាំឡើងគោកយ៉ាងអនាធិបតេយ្យ ខណៈជំនាញគយជ្រោមជ្រែង
ខេត្តកោះកុង៖ ប្រជាពលរដ្ឋនៅកោះស្ដេចបាននិយាយថា មេឈ្មួញដែលល្បីល្បាញប្រចាំដែនសមុទ្រឈ្មោះ លឹម លុង អាចនាំប្រេងគេចពន្ធពីប្រទេសថៃចូលតាមដែនសមុទ្រតាមកប៉ាល់ធំៗ ត្រូវបានគេបោះយុថ្កាចតចោលនៅកណ្ដាលសមុទ្រ ក្បែរកោះឆាន់ ទល់មុខកោះស្ដេច ជារបស់ឈ្មួញថៃ ឃុបឃិតគ្នា នាំប្រេងសាំង ប្រេងម៉ាហ្សូត អត់បង់ពន្ធ យកមកលក់ផ្ដាច់មុខនៅស្រុកបុទុមសាគរ រួមទាំងមានឈ្មួញកណ្ដាល ទិញបន្តយកទៅលក់ដល់ស្រុកផ្សេងៗទៀតផងដែរ ។ នៅកោះស្ដេចផ្ទាល់ក៏មានផែពោងប្រេង សម្រាប់លក់រាយឲ្យ កប៉ាល់ និងទូកនេសាទសមុទ្រ ជាអចិន្ត្រៃយ៍ មិនចាំបាច់ទៅរកចាក់ប្រេងនៅតាមកោះ នានានោះទេហើយម្យ៉ាងទៀតដោយសារប្រេងម៉ាហ្សូត១លីត្រជាង១០បាតតែប៉ុណ្ណោះ ។
ប្រភពបានរៀបរាប់ថា កប៉ាល់ដឹកប្រេងអត់បង់ពន្ធយកមកចតលក់ ដោយចំហរខាងលើ គឺកើតមានជាយូរឆ្នាំមកហើយជារបស់ឈ្មួញដ៏មានអំណាចម្នាក់ឈ្មោះ លឹម លុង ដោយកប៉ាល់ ១គ្រឿងចតលក់ កប៉ាល់ ១គ្រឿងទៀត ជាអ្នកដឹកជញ្ជូនប្រេងយកមកផ្គត់ផ្គង់ឲ្យដោយគេមិនឃើញ មន្ត្រីមានសមត្ថកិច្ច ជាពិសេសជំនាញគយក្រោមការគ្រប់គ្រងរបស់លោក សំ កុសល ប្រធានសាខាគយ ខេត្តកោះកុង មិដែលចុះទៅក្បែរឡើយ ពោលគឺដោយសារមានការឃុបឃិតគ្នាយ៉ាងចាក់ស្រេះរាប់ទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀតដែលសុទ្ធតែទទួលបានផលប្រយោជន៍ពីមេឈ្មួញឈ្មោះ លឹម លុង នេះម្នាក់ភូតមេៗថ្នាក់លើបានយ៉ាងរលូន។
ប្រភពបានបង្ហើបឲ្យដឹងថា តាមពិតនៅលើផ្ទៃសមុទ្រ មិនមែនមានតែកប៉ាល់ ២គ្រឿងនេះ នោះទេ គឺមានកប៉ាល់ ដឹកប្រេងនាំចូលពីប្រទេសថៃអត់បង់ពន្ធ យកមកចតលក់នៅលើដែនសមុទ្រ ផ្គត់ផ្គង់ឲ្យទូក កប៉ាល់នេសាទ និងបណ្ដាលស្រុក ខេត្តជាប់សមុទ្រ រាប់សឹបគ្រឿងឯណោះ គ្រាន់តែគេចែកប្លុកគ្នាគ្រប់គ្រងការផ្គត់ផ្គង់ទៅតាមខ្នងបង្អែករាងៗខ្លួន ហើយក្រុមមន្ត្រី នាំគ្នាអង្គុយចាំតែ ទទួលលាភសក្ការៈ ពីឈ្មួញតែប៉ុណ្ណោះ ព្រោះតែគេយល់ថា ការរត់ពន្ធប្រេងចូលយកមកលក់ នៅកណ្ដាលសមុទ្រ និងនៅលើដីគោក តែគេទិញយកទៅប្រើអស់គ្មានបន្សល់ភស្តុតាងឲ្យចាប់កំហុសបាននោះទេ។
មានការលើកឡើងថា ករណីមេឈ្មួញឈ្មោះ លឹម លុង នាំចូលប្រេងគេចពន្ធតាមដែនសមុទ្រក្នុងខេត្តកោះកុង បានធ្វើឲ្យរដ្ឋត្រូវខាតចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ព្រោះនៅក្នុងខេត្តកោះកុង ទូកនេសាទ ទូកដឹកទំនិញ និងរថយន្ត ក៏ដូចជាម៉ូតូភាគច្រើនលើសលប់ ប្រើប្រាស់ប្រេងសាំង និងម៉ាហ្សូតគេចពន្ធដែលនាំចូលដោយមេឈ្មួញ លឹម លុង។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិចារណាឡើងវិញក្នុងការដាក់ចេញវិធានការទាញយកប្រាក់ចំណូលពន្ធដែលនៅមានកម្រិតអត្ថិភាពខ្ពស់នៅឡើយ ព្រោះប្រេងសាំង និងម៉ាហ្សូតចាងលើនេះកំពុងធ្វើចរាចរណ៍ឡើងគោកតាមរយៈឈ្មួញកណ្តាល ទៅកាន់បណ្តាស្រុកនានានៅតំបន់នោះយ៉ាងអនាធិបតេយ្យ៕
http://ift.tt/1ToXEWy