លោកយាយក្រីក្រចាស់ជរាអាយុ៨៨ឆ្នាំម្នាក់ត្រូវស្ត្រីជាកូនចិញ្ចឹមលួចយកដឺស្រែទៅលក់ លោកយាយសំពះសុំអោយអាជ្ញាធរខេត្តជួយដោះស្រាយរឿងនេះជូនគាត់ផង
ខេត្តកំពង់ឆ្នាំង៖ លោកយាយចាស់ជរាក្រីក្រ ឈ្មោះ គង់ ប៉ុក អាយុ៨៨ឆ្នាំ គ្មានកូនបង្កើតទេរស់នៅភូមិត្រពាំងម្លូ ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ បាននិយាយនៅក្នុងលំនៅដ្ឋាន អោយដឹងថា៖ លោកយាយបានកើតទុក្ខមិនសុខចិត្តនឹងកូនស្រីចិញ្ចឹមម្នាក់ដែលគាត់បានសុំពីគេតាំងពីអាយុ៧ថ្ងៃ រហូតដល់ពេលនេះអាយុ៥៥ឆ្នាំទៅហើយ ក្រោយពីមានប្តីមកបានលួចយកដីស្រែគាត់ទំហំកន្លះហិកតា ទៅលក់ អោយគេថ្លៃ១.៨៨០ដុល្លា មិនអោយគាត់ដឹង ហើយក៏មិនបានអោយលុយនោះមកគាត់មួយរៀលណាឡើយ ។ រឿងនេះសារតែភាពក្រីក្រនិងចាស់ជរា គាត់បានប្តឹងទៅលោកមេឃុំគ្រាំងស្គារអោយជួយដោះ ស្រាយទាមទារយក ដីស្រែគាត់មកវិញ តែលោកមេឃុំថាដោះស្រាយមិនចេញទេ។ លោកយាយសំពះអង្វរស្នើសុំលោកអភិបាលខេត្ត និងប្រមុខរាជរដ្ឋាភិបាលមេត្តាជួយដោះស្រាយរឿងនេះជូនមនុស្សចាស់ជរានិងក្រីក្រដូចគាត់ផង។
លោកយាយ គង់ ប៉ុក បានរៀបរាប់រឿងហេតុអោយដឹងថា៖ លោកយាយគ្មានកូនបង្កើតទេ នៅក្នុងជំនាន់ស៊ីហនុ លោកយាយបានសុំកូនស្រីម្នាក់ពីភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ពីគេមកចិញ្ចឹមដែលកាលណោះនាងមានអាយុតែ៧ថ្ងៃ ក្រោយពីម្តាយនាងបានស្លាប់ទៅ។ កូនចិញ្ចឹមរូបនោះឈ្មោះ គង់ វណ្ណា ហៅឈួន ពេលនេះមានអាយុ៥៥ឆ្នាំ ហើយ។ ដោយឡែកលោកយាយក៏បានសុំកូនប្រុសម្នាក់អាយុ១ឆ្នាំ ពីគេម្នាក់មកចិញ្ចឹមទៀត មានឈ្មោះ គង់ ចន្ថា ពេលនេះគេមានអាយុជាង៣០ឆ្នាំហើយ នឹងបានបែកមានប្រពន្ធនៅខេត្តសៀមរាប។
នៅក្នុងរយៈពេលរស់នៅជាមួយគាត់ កូនស្រីឈ្មោះ គង់ វណ្ណា គាត់បានចែកដីស្រែចំនួន៥ស្រែទៅអោយនាងហើយដែរ ដោយស្រែនោះធ្វើក្នុង១ឆ្នាំបានស្រូវ៦០ថាំង។ ក្រោយមកនាងបានបែកមានប្តី និងរយៈ២ឆ្នាំចុងក្រោយនេះ នាងបានទៅរស់នៅជាមួយប្តីនៅភូមិទួលសំរោង ឃុំគ្រាំងស្គារ។ បន្ទាប់មកក៏ស្រាប់តែនាងបានលួចលក់ដីស្រែ៤ស្រែ មានទំហំ៥១,៣០អារ ក្រៅពីគាត់ចែកអោយផ្សេងទៀតរបស់គាត់ទៅអោយគេនៅក្នុងភូមិមិនអោយគាត់ដឹងឡើយ ហើយក៏មិនបានអោយលុយមួយរៀលណាមកអោយគាត់ដែរ។
ពេលជួបគ្នាដោះស្រាយនៅសាលាឃុំគ្រាំស្គារ កន្លងមក លោកមេឃុំបានសម្របសម្រួសអោយកូន ចិញ្ចឹមឈ្មោះ គង់ វណ្ណា ប្រគល់លុយលក់ស្រែមួយចំនួនទៅអោយលោកយាយ តែលោកយាយមិនទទួលយក លុយឡើយគឺសុំទាមទារយកដីស្រែនោះមកវិញ ដូច្នេះរឿងនេះឃុំដោះស្រាយមិនចេញឡើយ ព្រោះអ្នកទិញ គេបានធ្វើប្លង់កាន់កាប់រួចទៅហើយ នឹងប្រាប់លោកយាយថាទៅប្តឹងឯណាទៀតក៏ប្តឹងទៅ។ ព្រោះតែហេតុនេះ ហើយទើបកាលពី៣ថ្ងៃមុន លោកយាយបានជួលម៉ូតូឌុបគេជិះមកប្តឹងអ្នកកាសែត នៅក្នុងខេត្តអោយជួយផ្សព្វ ផ្សាយអោយលោកអភិបាលខេត្ត និងប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយរឿងនេះ ជូនគាត់ជាមនុស្សចាស់ ជរាក្រីក្រផង។
នៅរសៀល ថ្ងៃទី០៧ ខែមេសា នេះដែរតាមការណែនាំរបស់លោក គង់ សំអ៊ីម មេឃុំគ្រាំងស្គារ បានអោយ លោក លី លីម មេភូមិត្រពាំងម្លូ ហៅស្ត្រីឈ្មោះ គង់ វណ្ណា និងប្តីឈ្មោះ ចុន មកជួបលោយាយ គង់ ប៉ុក ក្នុងលំនៅ ដ្ឋាន ដើម្បីសម្របសម្រួលដោះស្រាយរឿងនេះជាថ្មីម្តងទៀត ចំពោះមុខអ្នកយកព័ត៌មានយើង ប៉ុន្តែជាលទ្ធផលនៅ តែដោះស្រាយមិនចេញដដែល។ ដោយលោកយាយ គង់ ប៉ុក នៅតែទទូចទាមទារយកដីស្រែវិញ តែភាគីកូន ចិញ្ចឹមថាគាត់លក់ដីស្រែនេះ២ឆ្នាំហើយ ដោយបានដោះដូរដីស្រែគាត់អោយប្អូនចិញ្ចឹមឈ្មោះ គង់ ចន្ថា ជាម្ចាស់ ដីស្រែនេះវិញពេលពួកគាត់នេះគ្មានលុយអោយម្តាយចិញ្ចឹមវិញទេ តែគាត់សុំធានាចិញ្ចឹមម្តាយរហូតដល់គាត់ស្លាប់ តែលោកយាយជាម្តាយចិញ្ចឹមនៅតែមិនសុខចិត្តឡើយ ព្រោះគាត់ត្រូវគេធ្វើបាបចិត្តយូរមកហើយ។
ដោយឡែកលោក នូ សាត អាយុ៦១ឆ្នាំ ជាចៅជីដូនមួយរបស់លោកយាយ គង់ ប៉ុក បានអោយដឹងថា៖ គាត់បានដឹងថា ប័ណ្ណកាន់កាប់ដីស្រែដែលឈ្មោះ គង់ វណ្ណា យកទៅលក់នេះ គឺជារបស់លោកយាយ គង់ ប៉ុក និងឈ្មោះ គង់ ចន្ថា ដោយលោកមេភូមិក៏បានដឹងឮដែរ ប៉ុន្តែក្រោយមកប័ណ្ណនេះក៏បានបាត់។ ក៏ស្រាប់លេចឮថាឈ្មោះ គង់ វណ្ណា បានយកដីស្រែនេះទៅលក់អោយពេទ្យឃុំ ដោយមានលោកភូមិ និងលោកមេឃុំ បានចុះហត្ថលេខាទទួលស្គាល់ការលក់ទិញទៀតផង ។ រឿងនេះពិតជាមានភាពមិនប្រក្រតីទេ ដែលមានតែក្រុមការងារចម្រុះខេត្ត ឬថ្នាក់ជាតិចុះមកអង្កេតស្រាវជ្រាវទេ ទើបអាចដោះស្រាយរឿងនេះដោយយុត្តិធម៌បាន៕ រិទ្ធិ ជ័យ
http://ift.tt/1PXUPXG