ឃាតកសម្លាប់ប្លន់សិស្សស្រីវិទ្យាល័យពងទឹក គឺជាបងជីដូនមួយ កម្លាំងនគរបាលតាមចាប់បាន រួម នឹងបក្ខ៧នាក់! ពួកវាបានយកទូរស័ព្ទទៅលក់នៅផ្សារទឹកថ្លា តម្លៃ៧០ដុល្លារ ចំណែកម៉ូតូលក់មិនទាន់
ភ្នំពេញ៖ ករណីឃាតកម្មសម្លាប់សិស្សស្រីវិទ្យាល័យពងទឹកកាលពីរសៀលថ្ងៃទី១០ម្សិលម៉ិញនេះ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យបានដុតដៃដុតជើង ធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនដៃដល់ដែលត្រូវជាបងជីដូនមួយនឹងជនរងគ្រោះ និងបក្ខពួកមានស្រី មានប្រុស ចំនួន០៧ហើយ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ។ នៅចំពោះមុខសមត្ថកិច្ច បងជីដូនមួយរបស់ជនរងគ្រោះបានទទួលស្គាល់ថាខ្លួនជាអ្នកវាយសម្លាប់ប្អូនស្រីជីដូនមួយរបស់ខ្លួន។ បន្ទាប់ពីសម្លាប់ប្អូនស្រីយ៉ាងព្រៃផ្សៃពួកវាបានយកម៉ូតូម៉ាកសេ១២៥១គ្រឿង និងទូរស័ព្ទដៃ១គ្រឿងរបស់ជនរងគ្រោះ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ ដែលដឹកនាំកម្លាំងផ្ទាល់ចុះបង្ក្រាបករណីឃាតកម្មនេះបានថ្លែងប្រាប់ថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក កម្លាំងយើងបានឃាត់ខ្លួន ជនដៃដល់៤នាក់ និងមានបក្ខពួក ស្រី មួយចំនួនទៀត ហើយការឃាត់ខ្លួន ពួកគេធ្វើឡើងនៅខណ្ឌដង្កោ និងនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ក្រោយការចាប់ខ្លួន ក៏បានដកហូតម៉ូតូរបស់នារីរងគ្រោះផងដែរ ហើយនៅពេលនេះ កំពុងយកទៅសួរនាំ ថាតើនរណាជាប់ពាក់ព័ន្ធខ្លះ នៃអំពើឃាតកម្មនេះ។
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានដឹកនាំកម្លាំងនគរបាល នាំខ្លួនជនដៃដល់ដែលជាបងប្រុសជីដូនមួយទៅយកទូរស័ព្ទ របស់នារីរងគ្រោះ ក្រោយពីពួកវាបានយកទូរស័ព្ទ ទៅលក់នៅផ្សារទឹកថ្លាស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តម្លៃ៧០ដុល្លារ ។ ចំណែកម៉ូតូមិនទាន់បានលក់ទេ ក៏ត្រូវកម្លាំងនគរបាល បង្ក្រាប និងដកហូតទាន់ពេល។
សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹកថ្នាក់ ទី១២ដេ។ កាលពីរសៀលថ្ងៃទី១០ឧសភាត្រូវគេប្រទះឃើញដេកស្លាប់ដោយមាន ស្នាមឈាមយ៉ាង ជោគជាំ ស្ថិតនៅដីឡូសំណង់បាក់បែកមួយកន្លែងស្ថិតនៅព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ៕
ឃាតក ជាបងជីដូនមួយរបស់ជនរងគ្រោះ
ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹកថ្នាក់ ទី១២ដេ
http://ift.tt/23GEfDu