លោក សំ កុសល មេគយខេត្តកោះកុងនៅបន្តធ្វើផ្គើនបញ្ជារបស់សម្តេចតេជោ ទើបបទល្មើសនាំចូលទំនិញគេចពន្ធនៅមានកំណើនគ្រប់ច្រកល្ហក
ខេត្តកោះកុង ៖ បើទោះជាសម្តេចតេជោ ប្រឹងប្រែងដាក់វិធានការធ្វើកំណែទម្រង់ស្ថាប័នគយក្តីក៏ប៉ុន្តែ មន្ត្រីគយដែលដុះស្នឹមពុករលួយមួយចំនួន នៅតែបន្តធ្វើផ្គើននឹងបទបញ្ជារបស់សម្តេចតេជោ ទើបបានជា បទល្មើសគេចពន្ធមានកំណើន គ្រប់ច្រកល្ហក មិនអាចទប់ស្កាត់បាន ហើយជាក់ស្តែង ការនាំចូលទំនិញគេចពន្ធ តាមខេត្តកោះកុង របស់ឈ្មួញធំៗ គេដឹងថា កូនចៅរបស់លោក សំ កុសល ជាប្រធានសាខាគយខេត្តកោះកុង នៅទីនោះបន្តឃុបឃិតឲ្យឈ្មួញបង់ពន្ធតិចតួចបំផុត រហូតពេលខ្លះអនុវត្តផ្ទុយស្រឡះពីគោលការណ៍ប្រមូលពន្ធរបស់អគ្គនាយដ្ឋានគយទៀតផង។
មន្ត្រីតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗ ដែលនាំទំនិញ នៅតែមានឱកាស នាំចូលទំនិញ ដោយបង់ពន្ធតិចតួច ឬបង់ពន្ធចូលតែ ហោប៉ៅមន្ត្រីគយ ហើយនាំទំនិញចូលម៉ាសេរី ធ្វើឲ្យបាត់បង់ចំណូលរដ្ឋ ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែសម្រាប់គយម្នាក់ៗ ស្ទើរក្លាយជាសេដ្ឋីអស់ទៅហើយ។ គ្រាន់តែក្រុមហ៊ុន រស្មីរតនៈ មួយប៉ុណ្ណោះ បាននាំចូលទំនិញគ្រប់ប្រភេទ ហើយបង់ពន្ធប្រមាណ ៣០% បន្តចែកចាយទំនិញ លើទីផ្សារ ដោយគ្មានការរំខាន ហើយគេដឹងថា ក្រុមហ៊ុនមួយនេះ ទទួលបានភ្លើងខៀវ ពីមន្ត្រីគយសម្រាប់ការ នាំចូលទំនិញបង់ពន្ធខ្លះ និងមិនបង់ពន្ធខ្លះ តាមអ្វីដែលជំនាញគយ រំលោភលើវិជ្ជាជីវរបស់ខ្លួននោះ។
ប្រភពបានបញ្ជាក់ថា ទំនិញក្នុងមួយទូក របស់ក្រុមហ៊ុន រស្មីរតនៈ ដែលមានចំណុះ រហូតដល់ ២០០តោន ត្រូវបានគយ ម៉ៅការបង់ពន្ធសរុប ប្រមាណជា ៣០% ប៉ុណ្ណោះ ចំណែកនៅសល់ ៧០%ទៀត គឺត្រូវបែងចែកជា២ គឺពាក់កណ្តាល បានទៅក្រុមហ៊ុន និងពាក់កណ្តាលទៀតបានទៅលោកគយ។ សូមបញ្ជាក់ថា ចាប់តាំងពីលោក សំ កុសល ឡើងធ្វើជាប្រធានសាខាគយខេត្តកោះកុង គេសង្កេតឃើញថា ប្រាក់ពន្ធមានកំណើនបន្តិច ក៏ពិតមែន តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺបទល្មើសទំនិញគេចពន្ធកើនឡើងយ៉ាងអនាធិបតេយ្យគួរឲ្យញាក់សាច់។
ប្រភពបានបញ្ជាក់ថា ក្រុមហ៊ុនធំៗ ដែលធ្វើសកម្មភាពនាំចូលទំនិញពីប្រទេសថៃចូលមកកម្ពុជា តាមច្រក ខេត្តកោះកុង រួមមាន ក្រុមហ៊ុន គឹម យ៉ារស្មី ដែលមានថៅកែ ឈ្មោះ ចែ ហួង, ក្រុមហ៊ុន រស្មីរតនៈ ដែលជាក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹក និងមានបរិមាណទំនិញ រាប់ពាន់តោនក្នុងមួយខែៗ ហើយក្រុមហ៊ុននេះ ត្រូវគេដឹងថា បង់ពន្ធចូលរដ្ឋតែ ១០%ប៉ុណ្ណោះ នៅសល់ពីនេះ គឺចែកឲ្យមន្ត្រីសាខាគយ មួយចំណែក និងមួយចំណែកទៀតសម្រាប់លុយដឹកជញ្ជូនតាមផ្លូវ និងបង់ឲ្យកុងត្រូលជជុះ របស់គយ ដែលចាំយកលុយ ពីរថយន្តដឹកទំនិញ នៅចំណុចអណ្តូងទឹកស្រុកបុទុមសាគរដោយរថយន្តសណ្តោង ឬរថយន្តយីឌុប មួយគ្រឿង ១០០ដុល្លារក្នុងមួយជើង ។
ទោះយ៉ាងណាប្រសិនបើលោកមេគយ សំ កុសល អនុវត្តការប្រមូលពន្ធតាមវិជ្ជាជីវៈដែលដាក់ចេញ ដោយអគ្គនាយកដ្ឋានគយឲ្យបានត្រឹមត្រូវដោយគ្មានការលើកលែង ឬប្រព្រឹត្តពុករលួយនោះ គេមិន ដឹងថាប្រាក់ចំណូលពន្ធមិនដឹងជាកើនដល់កម្រឹតណានោះទេ។ មានការលើកជាសំណូមពរថាគួរ លោក បណ្ឌិត គុណ ញឹម ជាអគ្គនាយកគយ ក៏ដូចលោកបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន គួរផ្តើមអនុវត្តគោលការណ៍កំណែទម្រង់ លុបបំបាត់ភាពមិនប្រក្រតីក្នុងការប្រមូលពន្ធចេញពីសាខាគយ និងរដ្ឋាករ ខេត្តកោះកុងដើម្បីឆ្លើយតបនូវការអនុវត្តអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ៕
លោកបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន
http://ift.tt/2anPQ77