លោកយូ ហេង និងលោក ខាន់ ផល្លា ប្រធាន-អនុប្រធានសាខាគយខេត្តឧត្ដរមានជ័យរងការចោទប្រកាន់ថា កំពុងតែបិទបាំងថ្នាក់លើរឿងឈ្មួញនាំចូលប្រេងសាំងបង់ពន្ធមិនគ្រប់!
ខេត្តឧត្ដរមានជ័យ៖ មានសេចក្ដីរាយការណ៍ពីស្រុកបន្ទាយអម្ពិលបានឲ្យដឹងថា ប្រេងសាំងកំពុងសម្រុកនាំចូលពីប្រទេសថៃតាមច្រករបៀងជប់គគីរហើយគេយកមកស្តុកនៅក្នុងឃ្លាំងដ៏ធំមួយកន្លែងនៅក្បែរជើងភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិចាន់ក្រហមសែនជ័យ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល នៃខេត្តឧត្ដរមានជ័យ។ ក្នុងមួយថ្ងៃៗឈ្មួញបាននាំចូលប្រេងសាំងជាច្រើនស៊ីទែនមកស្តុកក្នុងឃ្លាំងនោះ ។ ប្រភពបានដាក់ការសង្ស័យថា ប្រេងសាំងទាំងនោះភាគច្រើនគេចពន្ធដោយឈ្មួញមានអំណាចបានឃុបឃិតជាមួយលោក យូ ហេង ប្រធានសាខាគយខេត្តឧត្ដរមានជ័យដែលទើបផ្លាស់ទៅកាន់ទីនោះកាលពីពេលថ្មីៗនេះ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ករណីដឹកជញ្ជូនប្រេងសាំងយកមកស្តុកនៅទីតាំងខាងលើនេះគេមិនដែលឃើញសមត្ថកិច្ចជំនាញគយ ករោមឱវាទរបស់លោក យូ ហេង ទៅត្រួតពិនិត្យជាប្រចាំឡើយ។ ករណីបង្ហូរប្រេងចូលពីប្រទេសថៃពុំមានការត្រួតពិនិត្យនេះត្រូវបានគេដាក់ការសង្ស័យថា លោក យូ ហេងប្រធានសាខាគយខេត្តឧត្ដរមានជ័យ និងលោក ខាន់ ផល្លា អនុប្រធានសាខាគយខេត្តឧត្ដរមានជ័យ ទទួលបន្ទុកគយចល័ត ទទួលបានប្រយោជន៍យ៉ាងច្រើនពីឈ្មួញនាំចូលប្រេងសាំង ទើបបណ្ដោយឲ្យឈ្មួញធ្វើអ្វីៗតាមអំពើចិត្តដែលងាយទៅដល់លោកប្រធានសាខាដែលទើបតែឡើងកាន់តំណែងរូបនេះងាយកើបលុយស្រង់ដើម។
មន្ត្រីរាជការក្នុងខេត្តឧត្ដរមានជ័យ បានបង្ហើបឲ្យដឹងថា ឈ្មួញដែលកំពុងនាំចូលប្រេងសាំងតាមច្រករបៀងស្រុកបន្ទាយអម្ពិល ជាអ្នកមានលុយ និងមានអំណាចសម្បើមណាស់ ។ ប្រភពបានឲ្យដឹងថា ស្ថាប័នគយអនុញ្ញាតឲ្យឈ្មួញនាំចូលប្រេងសាំងសម្រាប់ប្រើប្រាស់ក្នុងខេត្តបន្ទាយមានជ័យ មួយខែៗពី២០ទៅ៣០ម៉ឺនរថយន្តស៊ីទែន ក៏ប៉ុន្តែជាក់ស្ដែងឈ្មួញអាចនាំចូលច្រើនជាងនេះ ដោយសារមានការឃុបឃិតពី សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសជំនាញគយខេត្តឧត្ដរមានជ័យ ដើម្បីដឹកជញ្ជូនបញ្ចេញទៅលក់នៅខេត្តផ្សេងៗទៀតបានតាមអំពើចិត្ត លាក់បាំងថ្នាក់លើដែលខុសនឹងគោលការណ៍អនុញ្ញាតរបស់អគ្គនាយកដ្ឋានគយ បណ្តាលឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់៕
http://ift.tt/29OrUOw