រថយន្តតូយ៉ូតា(ព្រូស)បុករថយន្តកុងតឺន័រនៅផ្លូវបត់កោងពេលយប់ផ្ទុះឆេះស្លាប់អ្នកបើករថយន្តព្រូសនៅសល់ឆ្អឹងតែមួយកញ្ចប់តូច
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានឆេះស្លាប់គួរអោយរន្ធត់នៅសល់ឆ្អឹងតែមួយកញ្ចប់តូចនៅក្នុងរថយន្ត ម៉ាកតូយ៉ូតាព្រូស ខណៈដែលគេបានបើកលឿនពេកនៅផ្លូវបត់កោងនៅពេលយប់បត់មិនទាន់ ក៏បានបុកជា មួយរថយន្តកុងតឺន័រ មួយគ្រឿងពេញទំហឹងផ្ទុះឆេះរថយន្តទាំង២គ្រឿងតែម្តង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៥៩-៦០ ស្ថិតនៅចំណុចមុខវិទ្យាស្ថានបូលីណូ ក្នុងភូមិអូររូង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក ម៉ាត់ លី អធិការនគរបាល ស្រុកកំពង់ត្រឡាចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ
អៀរ លីដា អាយុ២៨ឆ្នាំ ( មានប្រពន្ធនៅក្រៅប្រទេស គេទើបតែមកលេងឪពុកម្តាយនៅស្រុកកំណើត ) ជាកូនលោក អៀរ គុយម៉ុង ហៅក្តាន់ មានទីលំនៅ ភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្ត ម៉ាកតូយ៉ួតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AE-8346 តែម្នាក់ឯង តាមបណ្តោយផ្លូវជាតិពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុជាផ្លូវបត់កោងខ្លាំង ក៏ស្រាប់តែជ្រុលទៅបុករថយន្ត កុងតឺន័រ មួយគ្រឿង ពាក់ស្លាក លេខ ភ្នំពេញ 3D1426បើកបរដោយជនពុំស្គាល់ឈ្មោះ យ៉ាងពេញទំហឹង ក្នុងទិសដៅច្រាស់គ្នា បណ្តាលអោយផ្ទុះឆេះរថយន្តទាំង២គ្រឿងយ៉ាងសន្ឋោសន្ឋៅ បណ្តាលអោយស្លាប់អ្នកបើកបររថយន្តព្រូសនៅក្នុងរថយន្តយ៉ាងអាណោចអាធ័មដែលមិនមានអ្នកណាជួយបាន ។ ក្នុងជាមួយគ្នានោះរថយន្តកុងតឺន័រ ក៏បានឆេះខ្ទេចមួយកំណាត់មុខផងដែរ តែអ្នកបើកបរបានចុះគេចខ្លួនបាត់ ។
លោកបានបញ្ជាក់ដែរថា ក្នុងពេល កើតហេតុ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុក បានចេញមកអន្តរាគមន៍ជួយបាញ់ទឹក ពន្លត់ដែរ តែការឆាបឆេះលឿនខ្លាំងពេក មកមិនទាន់ពេលវេលា ។ ករណីគ្រោះថ្នាក់នេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីការបើកបរលឿនពេកនៅផ្លូវបត់កោង គេចមិនទាន់ក៏បុកចំរថយន្តកុងតឺន័រពេញទំហឹង ផ្ទុះឆេះរថយន្តតែម្តង។
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចបានប្រគល់សពអ្នកស្លាប់នៅក្នុងរថយន្តតូយូតាព្រូស ដែលនៅសល់តែឆ្អឹងមួយកញ្ចប់តូចអោយក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកទាំង២គ្រឿង ត្រូវសមត្ថកិច្ចស្ទូចយក ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការបគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនិតិវិធីច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/2a8ZPh1