ស្លាប់ទាំងម្តាយ និងកូនក្នុងពេលសម្រាលកូនក្នុងមណ្ឌលសុខភាពឃុំពង្រ ក្រុមគ្រួសារ អំពាវនាវរកយុត្តិធម៌ ចោទគ្រូពេទ្យធ្វេសប្រហែស
ខេត្តកំពង់ឆ្នាំង៖ ក្រុមគ្រួសារស្ត្រីរងគ្រោះ ដែលបានស្លាប់ទាំងម្តាយ និងកូនក្នុងផ្ទៃក្នុងពេលសម្រាលកូន នៅក្នុងមណ្ឌលសុខភាពពង្រ ឃុំពង្រ ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បានអំពាវនាវឲ្យលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងស្ថាប័នមានសមត្ថកិច្ច ជួយរកយុត្តិធម៌ដល់ស្ត្រីរងគ្រោះ ដែលស្លាប់ដោយការបង្កើតកូនធ្វេសប្រហែស និងមិនយកចិត្តទុកដាក់របស់គ្រូពេទ្យឆ្មបមណ្ឌលសុខភាពពង្រ ឃុំពង្រ ស្រុករលាប្អៀរ ។
បុរសឈ្មោះ កយ ពេជដារ៉ា អាយុ៣៤ឆ្នាំ ជាប្តីស្ត្រីរងគ្រោះបាននិយាយឲ្យដឹងថា៖ ប្រពន្ធគាត់ ឈ្មោះ ម៉ក់ ច័ន្ទឌី អាយុ២៧ឆ្នាំ គ្រួសារគាត់មានទីលំនៅភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។ ប្រពន្ធគាត់សម្រាលកូនស្លាប់នេះ គឺជាកូនទី២ កន្លងទៅប្រពន្ធគាត់ក៍ធ្លាប់ សម្រាលកូនទី១ នៅក្នុងមណ្ឌលសុខភាពពង្រនេះដែរ តែបានសុខសប្បាយមិនអីទេ ។ ដោយឡែកពេលមកសមរាលកូនលើកទី២នេះនៅ គឺយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ប្រពន្ធគាត់បានឈឺពោះសម្រាលកូន រូបគាត់រួមនឹងក្រុមគ្រួសារ បានដឹកប្រពន្ធគាត់ តាមកាណូតបាឡាស្មាច់ និងបន្តដឹកតាមម៉ូតូឌុប មកដល់មណ្ឌលសុខភាពពង្រ នៅវេលាម៉ោងជាង២យប់ ។
ពេលមកដល់គាត់ហៅគ្រួពេទ្យ ប្រហែល២០នាទីទើបបើកទ្វារឲ្យប្រពន្ឋខ្ញុំចូល និងបានឲ្យឡើងលើគ្រែសម្រាលកូន ដោយប្រាប់ថា ដល់ពេលត្រូវកើតហើយ និងបានអោយប្រពន្ធខ្ញុំប្រឹងបង្កើតកូនដោយខ្លួនឯង តែមិនទាន់កើត ដោយឃើញប្រពន្ឋគាត់កាន់តែអស់កម្លាំង ក្រុមគ្រួសារគាត់បានសុំឲ្យ លោកគ្រូពេទ្យជួយចាក់ថ្នាំកម្លាំងឲ្យ ពេទ្យក៍ចាក់ថ្នាំត្រគៀក ម្ខាងមួយម្ជុល ។ បន្ទាប់មកឃើញសភាពប្រពន្ធខ្ញុំកាន់តែមិនស្រួល ពេទ្យបានចាក់ថ្នាំនៅភ្លៅមួយម្ជុលទៀត ពេលនោះប្រពន្ធគាត់កាន់តែមិនស្រួលខ្លាំង រូបគាត់និងក្រុមគ្រួសារ បានអង្វរពេទ្យ អោយបញ្ជូនប្រពន្ធគាត់មកមន្ទីរពេទ្យខេត្ត តែទម្រាំ ឡានពេទ្យទៅដល់ ប្រពន្ធគាត់ជ្រុលពេលទៅហើយ។ ពេលនោះគ្រួពេទ្យទៅយកខ្យល់អុកស៊ីហ្សែនក៏អត់ ទៅរកប្រដាប់សប់ខ្យល់ដោយដៃក៏គ្មាន មានតែរបស់ក្មេងយកមកសប់មិនចូលទៀត ។ ពេលឡានពេទ្យខេត្ត មកដល់ក៏ដាក់ខ្យល់អុកស៊ីហ្សែន និងដាក់សេរ៉ូមដែរ តែមិនចូល លុះពេលមកដល់ពេទ្យខេត្ត គ្រួពេទ្យដកសេរ៉ូម និងខ្យល់អុកស៊ីហ្សែនចេញ និងធ្វើចលនាជួយសង្គ្រោះបន្តិចមក ក៍ប្រាប់ថា មិនអាចជួយបានទេយកធ្វើបុណ្យធ្វើទៀនទៅ ។
រឿងនេះគាត់ជាប្តីមិនបញ្ចប់ត្រឹមហ្នឹងទេ ដោយសុំអោយលោកប្រធានមន្ទិរសុខាភិបាលខេត្ត និងសមត្ថ កិច្ចជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផង ។ ដោយឡែកបុរសឈ្មោះ ឈឹម គឿន ដែលត្រូវជាឪពុក វិញបាននិយាយថា៖ ចំណុចទី១ លោកចង់បានយុត្តិធម៌ កុំអោយរឿងហ្នឹង វាកើតឡើងទៀត ទី២ជីវិតមនុស្ស២នាក់ មិនមែនស្លាប់ទទេបែបនេះទេដែលនេះជាកំហុសគ្រូពេទ្យ ព្រោះពេលទៅដល់ហើយម៉េចមិនប្រឹងរាក់ទាក់ឆាប់បង្កើតកូនឲ្យ គិតតែរឿងប្រាក់មិនប្រឹងជយយសិនទេ ហើយបើគ្មានលទ្ឋភាពម៉េចមិនប្រញាប់បញ្ជូនមកមន្ទីរពេទ្យខេត្ត ហើយបើបញ្ជូនមិនទាន់ម៉េចក៏មិនមានឧបករណ៍ សង្គ្រោះ ដូចជាខ្យល់អុកស៊ីហ្សែនជាដើម ហេតុនេះសូមអោយស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌អោយផង ។
ករណីឆ្មបមណ្ឌលសុខភាពបង្កើតកូនអោយស្ត្រីម្នាក់បានស្លាប់ទាំងម្តាយនិងកូននេះ លោក ជូសុភុត ជាប្រធានមណ្ឌលសុខភាពពង្រ បានស្រង់សំដី គ្រូពេទ្យប្រចាំការថា ៖ ថ្ងៃនោះ អ្នកប្រចាំការមានតែ២នាក់ទេ មុនពេលអ្នកជម្ងឺមកដល់នោះ បានធ្វើដំណើរវាឆ្ងាយ មានដឹកបាឡា ដឹកម៉ូតូឌុប ជាដើម ហើយពេលដាក់ម៉ូតូវារលាក់ៗ ធ្វើអោយស្ត្រីមានផ្ទៃពោះមានបញ្ហា ព្រោះតែពោះតឹង និងពេលមកដល់ មណ្ឌលសុខភាពនឹងគឺម៉ោង៣,៣០នាទី ។ គ្រូពេទ្យបានធ្វើការវាស់ សំពាធឈាម មើលមាត់ស្បូន តាមជំនាញរបស់គ្រួពេទ្យពេលនោះដែរស្ត្រីឈោះពោះ ចេះតែស្រែក គាត់ថាៈ អស់កម្លាំង ទាមទារឲ្យបុគ្គលិកពេទ្យចាក់ថ្នាំកម្លាំងអោយ ពេលនោះពេទ្យបានចាក់ថ្នាំ២ម្ជុលឲ្យ គឺចាក់វីតាមីន B12 និវីតាមីន C ចាក់ ចូលត្រគៀកសងខាង ។
ក្រោយមកទៀត អ្នកជំងឺមានសភាពមិនធម្មតា បុគ្គលិក ក៏បូមថ្នាំចាក់មកចាក់មួយម្ជុលទៀត ជាថ្នាំបើកស្បូន តែចាក់ពាក់កណ្តាលទេ ទុកពាក់កណា្តល។ ពេលឃើញស្ត្រីរងគ្រោះខ្លាំងក៍ហៅ ឡានពេទ្យ ប៉ុន្តែការជួយ ដូចជាអត់ប្រសិទ្ឋភាព ព្រោះអ្នកស្ត្រីមានសភាពធ្ងន់ធ្ងរហើយ ចំណែកឯការដាក់សេរ៉ូមនឹង មិនមែនមិនចូលទេ គឺចូល ទាស់តែយើងមិនបានដាក់ពីដំបូង។ ចំណែកការជួយសង្គ្រោះទៀត ចៃដន្យយើងអត់អុក ស៊ីហ្សែន ព្រោះអ្នកជម្ងឺមុនប្រើអស់ យកមកដាក់មិនបានពិនិត្យមើលមិនដឹងថា អុក ស៊ីហ្សែនអស់ ដែលនេះគឺជារឿងចៃដន្យមួយសម្រាប់បទពិសោធន៍ទៅថ្ងៃក្រោយទៀត ។
ទោះបីមានការបកស្រាយបែបក្តី ក្រុមគ្រួសាររងគ្រោះស្ត្រីរងគ្រោះ និងប្តឹងសុំឲ្យលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងស្ថាប័នពាក់ពន្ធ័ជួយរកយុត្តិធម៌ជូនគ្រួសារគាត់ ព្រោះម្តាយនិងកូនមានជិវិតដល់ទៅ២នាក់ មិនសមស្លាប់ដោយការមិនយកចិត្តទុកដាក់ និងធ្វេសប្រហែសរបស់គ្រូពេទ្យឆ្មបរបស់ មណ្ឌលសុខភាពពង្រ នោះឡើយ ។
ដោយឡែកក្រោយពេលជនរងគ្រោះបានស្លាប់ ក្រុមការងារកាកបាទក្រហមស្រុករលាប្អៀរ ក៏បានចុះមកសួរសុខទុក្ខផ្ទាល់ដល់ក្រុមគ្រួសារ នៅក្នុលំនៅដ្ឋាន និងបានជួយឧបត្ថម្ភថវិកា មួយចំនួនដល់ក្រុមគ្រួសារសពស្ត្រីរងគ្រោះដែលស្លាប់ដោយសារសម្រាលកូនក្នុងខាងលើនេះផងដែរ៕ រិទ្ធិ ជ័យ
http://ift.tt/2aeh4yI