បុរសពីរនាក់សង្ស័យស្រវឹងស្រាជិះម៉ូតូឌុបគ្នាក្នុងរាត្រីក្នុងល្បឿនលឿន បុកបង្កាន់ដៃចំណតរថយន្តក្រុងបណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ម្នាក់សង្ឃឹមរស់តិច
ខេត្តព្រះសីហនុ៖ យុវជនចំនួនពីរនាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកបង្កាន់ដៃចំណតរថយន្តបណ្តាឲ្យពួកគេទាំងពីរនាក់រងរបួសធ្ងន់ ដោយអ្នកបើកបរសង្ឃឹមរស់តិច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នៅចំណុច មុខសាលាសង្កាត់លេខ០១ចាស់ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ។ បន្ទាប់ពីកើតហេតុជនរងរបួសត្រូវបាន យកទៅសង្គ្រោះភ្លាមៗ។
យោងតាមប្រភពពីលោក ប្រាក់ ពុទ្ធា នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០១ បានឲ្យដឹងថា នៅវេលាម៉ោងពេល និងទីកន្លែងកើតហេតុខាងលើ យុវជនចំនួន២នាក់បានរងរបួសធ្ងន់ ក្នុងនោះម្នាក់សង្ឃឹមរស់តិចតួច បន្ទាប់ពីពួកគេជិះម៉ូតូម៉ាកស្មាស់រីហ្វូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-6672 បើកបរដោយឈ្មោះ ពៅ គឹម ស៊ួ ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើត ស្រុកដងទង់ ខេត្តកំពត រងរបួសធ្ងន់សង្ឃឹមរស់តិចតួច អ្នករួមដំណើរមានឈ្មោះ ស៊ន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើត ស្រុកដងទង់ ខេត្តកំពត រងរបួសធ្ងន់ បន្ទាប់ពីពួកគេបានជិះទៅបុកបង្កាន់ដៃ ចំណតរថយន្តក្រុង បាក់ដែកទីបង្កាន់ដៃខ្ទាតចេញចម្ងាយប្រមាណ៥ម៉ែត្រ។
ក្រោយកើតហេតុ យុវជនរងគ្រោះទាំងពីរ ត្រូវបានសង្គ្រោះគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកម៉ូតូត្រូវបាន នគរបាលចរាចរណ៍ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តរងចាំប្រគល់ជូនសាច់ញាតិជនរងគ្រោះ៕ សមុទ្រខៀវ
http://ift.tt/29ShZCy