ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នៅតែបន្តហូរចូលតាមច្រកតំបន់អូររំដួល នៃស្រុកភ្នំព្រឹក កាន់តែទ្វេឡើង ដោយសារ លោក ឆាយា ដើរតាមគន្លងមេគយចាស់!
ខេត្តបាត់ដំបង ៖ បើទោះបីជា លោក យ៉ែម ហេមរ៉ាត ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកតំបន់អូររំដួល នៃស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានកោះអញ្ជើញឲ្យទៅ ឆ្លើយបំភ្លឺពីភាពមិនប្រក្រតី នៃការហូរចូលទំនិញខុសច្បាប់ ទំនិញគេចពន្ធ និងទំនិញខូចគុណភាពនៅអគ្គនាយកដ្ឋាន គយ និងរដ្ឋាកររហូតមានការព្យួរការងារ។ តែទោះយ៉ាងណាក៏ដោយនៅឯច្រកអូររំដួលឯណោះវិញ គេសង្កេតឃើញ សកម្មភាពដឹកជញ្ជូន ទំនិញគេចពន្ធ និងខុសច្បាប់ នៅតែបន្តហូរចូល យ៉ាងអនាធិបតេយ្យ ក្រោមការចាត់ចែង របស់លោក ឆាយា ដែលជាអនុប្រធានជំនួសតំណែងលោក យ៉ែម ហេមរ៉ាត បញ្ហានេះទាមទារឲ្យថ្នាក់លើពិនិត្យជាបន្ទាន់ផង។
រហូតដល់ពេលនេះ ច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គឺជាច្រកដែលឈ្មួញនាំចូល នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ក៏ដូចជា ស៊ីម៉ង់ត៍ និងគ្រឿងឧបភោគ បរិភោគ ខូចគុណភាព ពីប្រទេសថៃ យ៉ាងពេញបន្ទុក។ ក្រោយមកថ្នាក់លើបានអញ្ជើញ ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកតំបន់អូររំដួល ឲ្យទៅឆ្លើយបំភ្លឺ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តាំងពីខែមីនានោះមកម្ល៉េះ ហើយក៏មានការចាត់តាំង លោក ឆាយា ជាអនុប្រធានក្តាប់រួម ឲ្យមើលការខុសត្រូវ ប្រមូលពន្ធនៅច្រកតំបន់អូររំដួល ។ ប៉ុន្តែចាប់តាំងពីលោក ឆាយា ឡើងកាន់អំណាចសកម្មភាពនាំចូលទំនិញខុសច្បាប់ បង់ពន្ធមិនគ្រប់ នៅតែបន្តកើតឡើង។
ប្រភពពីបន្ត្រីពាក់ព័ន្ធដែលឈរជើងនៅទីនោះបានបង្ហើបឲ្យដឹងថា លោក ឆាយា មិនបានយកចិត្តទុកដាក់ កែទម្រង់ស្តារស្ថានភាពការងារប្រមូលពន្ធឲ្យល្អប្រសើរឡើងនោះទេ បែរជាដើរតាមគន្លងចាស់ របស់លោក យ៉ែម ហេមរ៉ាត ដោយឃុបឃិតឲ្យឈ្មួញ នាំចូលទំនិញខុសច្បាប់ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាព និងទំនិញគេចពន្ធ ចូលតាមច្រកតំបន់អូររំដួលដដែល និងបានចាត់តាំងឲ្យមានការប្រមូលលុយឆៅៗពីឈ្មួញគ្មានវិក្កយបត្រ ដែលលុយទាំងនោះបានធ្លាក់ចូលទៅក្នុងហោប៉ៅ របស់មន្ត្រីគយពុករលួយ ចែកគ្នាធ្វើមានធ្វើបានមិនខុសពីជំនាន់មេគយចាស់នោះទេ។ ករណីនេះ ទាមទារឲ្យលោក គុណ ញឹម មិនត្រូវបណ្តែតបណ្តោយឲ្យលោក ឆាយា ជិះសេះលែងដៃនោះទេ៕
លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា
http://ift.tt/2bgDv58