មានអ្នកលួចលក់ដីសហគមន៍ភ្នំតាសាំជាង១០០ហិកតា ប្រធានសហគមន៍ និងមេឃុំក្រាំងស្គារថាមានជនខិលខូចក្លែងឯកសារលក់ដូរឲ្យឈ្មួញនៅភ្នំពេញ
ខេត្តកំពង់ឆ្នាំង៖ ជុំវិញការចោទប្រកាន់ថា អាជ្ញាធរឃុំក្រាំងស្គារ និងសហគមន៍ភ្នំតាសាំ បានឃុបឃិតគ្នា លួចលក់ដីសហគន៍ ចំនួន៤០០ហិកតា ទៅឲ្យឈ្មួយរួចមក នៅរសៀលថ្ងៃទី៣០ ខែកក្កដា លោក សៅ ខេ ប្រធានសហគន៍ ភ្នំតាសាំ បានមកបំភ្លឺថា ដីរបស់សហគមន៍ ពិតជាត្រូវជនខិលខូច ទៅបន្លំឯកសារលួចលក់ដីរបស់សហគន៍ពិតមែន អស់ជាង១០០ហិកតា។ ហើយពុំមែនគាត់ជាប្រធានសហគមន៍ ឬអាជ្ញាធរឃុំ ជាអ្នកលក់ឡើយ គឺមានមនុស្ស៣នាក់ដែលជាជនខិលខូច បានក្លែងឯកសារលក់ទៅឲ្យឈ្មួញ ដែលរឿងនេះសំណូមពរសមត្ថកិច្ចជួយវែកមុខរកជនខិលខូចនោះឲ្យឃើញដើម្បីចាត់ការតាមច្បាប់ ។
លោកសៅខេប្រធានសហគន៍ភ្នំតាសាំ បានរៀបរាប់ពីដំណើររឿងថា សហគមន៍ព្រៃឈើរបស់លោក ឈ្មោះ “ច្រកស្ប ថ្មរោង” ហៅក្រៅថា សហគមន៍ភ្នំតាសាំ បានគ្រប់គ្រងដីចំនួន៤០០ហិកតានៅក្នុងឃុំក្រាំងស្គារ ពិតប្រាកដ ។ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០១៦ មានមនុស្ស៣នាក់ ដែលលោកបានស្គាល់ បានមកទំនាក់ទំនងជាមួយលោក សុំទិញដី១០០ហិកតាក្នុងចំណោម៤០០ហិកតារបស់សហគន៍ តែកាលណោះ លោកមិនយល់ព្រមឡើយ ព្រោះលោកថា ចាំពិភាក្សាជាមួយ អាជ្ញាធរ ឃុំ ស្រុក សិន។ ក្រោយមកក្នុងអំឡុងខែដដែល ស្រាប់តែមានប្រជាពលរដ្ឋ ប្រមាណ ៥-៦នាក់ បានមកលើកព្រំពូនភ្លឺក្រវ៉ាត់យកដី ក្នុងសហគមន៍ ក្នុងពេលនោះលោក និងអាជ្ញាធរឃុំបានចុះទៅឃាត់ តែពួកគាត់មិនស្តាប់
ហើយប្រាប់ថា ពួកគាត់ស៊ីឈ្នួលគេធ្វើយកតែលុយប៉ុណ្ណោះ ។
លោកប្រធានសហគន៍បានបន្តថា ហើយក្រោយមកមានការផ្សាយព័ត៌មានថា លោក និងមេឃុំក្រាំស្គារបានលក់ដីសហគមន៍ភ្នំតាសាំ ចំនួន៤០០ហិកតា ខណៈដែលលោក និងមេឃុំ មិនបាន ដឹងអ្វីទាំងអស់។ ដោយសារតែបញ្ហាត្រូវគេទម្លាក់កំហុសលើបែបនេះ លោកបានស្រាវជ្រាវ ក្នុងករណីនេះទើបបាន ដឹងថា មានមនុស្សចំនួន៣នាក់ បន្លំឯកសារ តាំងខ្លួនជាម្ចាស់ដី លក់ទៅឲ្យឈ្មួញនៅភ្នំពេញ។ លោក មានឯកសារទិញលក់ របស់មនុស្សទាំង៣នាក់នោះក្នុងដៃ ដែលបានបញ្ជាក់ពីការទិញលក់ដីក្នុងភូមិភ្នំតាសាំចំនួន១០៦ហិកតា ទៅឲ្យ ឈ្មោះ សុង ហេង នៅរាជធានីភ្នំពេញ ។
ចំណែកអ្នកលក់ដីក្នុងសហគមន៍ភ្នំតាសាំ ទាំង៣នាក់ មាន១ឈ្មោះ នាង សំណាង នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ស្រុករលាប្អៀរ ២ឈ្មោះ នូ សុខុម នៅភូមិព្រៃពីស ឃុំជ្រេស ស្រុកកំពង់ត្រឡាច និង៣ឈ្មោះ ម៉ែន សុផល មាននៅ ភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ។ ប្រធានសហគន៍រូបនោះបានបញ្ជាក់ទៀតថា ក្នុងឯកសារលក់ទិញដី ក្នុងសហគមន៍របស់លោក មានចំនួន១០៦ហិកតា ដោយក្នុង១ហិកតា ៧៥០ ដុល្លា គឺស្មើនឹង ៧៩៥០០ ដុល្លា ដោយភាគីអ្នកលក់ បានទទួលប្រាក់កក់ពីអ្នកទិញចំនួន២លើក ស្មើជាង៥ម៉ឺន ដុល្លា ក្នុងនោះលើកទី១ ជាប្រាក់ទ្រនាប់ដៃ២០ភាគរយ ស្មើនឹង ចំនួន១៥៩០០ដុល្លា ទទួលនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៦ លើកទី២ទទួលបាន៣០ភាគរយស្មើនឹង២៣៨៥០ដុល្លា ទទួលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ និងលើ ទី៣ត្រៀមទទួលនៅថ្ងៃទី២០ ខែសីហា ប៉ុន្តែប្រាក់ទាំងនេះ មិនទាន់ ប្រគល់ទទួលនៅឡើយទេ។
លោកប្រធានសហគមន៍មានប្រសាសន៍ថា សូមថ្កោលទោសចំពោះ ជនខិលខូចលួចបន្លំឯកសារ ទិញលក់ដីរបស់សហគមន៍ និងស្នើសុំដល់ សមត្ថកិច្ចពាក់ព័ន្ធ ពិសេស លោកអភិបាលខេត្ត សូមបញ្ជូន សមត្ថកិច្ចចម្រុះចុះស្រាវជ្រាវ ដើម្បីស្វែងរកយុត្តិធម៌ ជូនរូបគាត់ និងគណៈកម្មការសហគមន៍ រួមនឹងអាជ្ញាធរឃុំក្រាំងស្គារផង ព្រោះបើមិនដូចឆ្នោះទេ ប្រជាពលរដ្ឋក្នុងសហគមន៍ ពិតជាថ្កោលទោសរូបគាត់ និងអាជ្ញាធរជាពុំខាននោះឡើយ ។
ក្នុងរឿងនេះដែរលោក គង់ សំអ៊ីម មេឃុំក្រាំស្គារ បានអោយដឹងថា៖ រឿងនេះបានដឹងដល់អ្នកទិញដី នៅភ្នំពេញហើយ បានបញ្ជាក់សួរគាត់ថា តើអុំ ពិតបានចុះហត្ថលេខា ទិញលក់ដី១០៦ ហិកតានោះមែនអត់គាត់ថា៖ គាត់មិនបានចុះហត្ថលេខាទេ ។ រួចហេតុអីបានជាក្មួយកក់ដីគេដល់ម្លឹង មិនដឹងដីនៅឯណាផង ចំណែកអាជ្ញាធរឃុំគ្មានដឹងអ្វីសោះ បើក្មួយមានឯកសារ ប្លង់ដឺម៉ាស់ ឬប្លង់អ្វីផ្សេង សុទ្ធឯកសារកាត់តទេ ព្រោះវាជារឿងរបស់ក្រុមជនទុច្ចរិត ដែលធ្វើម៉េចឲ្យតែបានលុយ។ សព្វថ្ងៃនេះ មានឈ្មួញគ្រប់ប្រភេទមានដល់ក្លែងឯកសារប័ណ្ណកម្មសិទ្ធដីធ្លីទៀតផង មិនមែនមានតែប៉ុណ្ណឹងទេក្នុងឃុំក្រាំស្គារនេះ តែរកពួកគេមិនទាន់ឃើញ ។
រឿងខាងលើនេះពិតជាមានអាថ៌កំបាំង ព្រោះ តាមប្រភពរបស់ឈ្មួញរៀបដីម្នាក់នៅស្រុកបរិបូណ៌ថា៖ . មានក្រុមប្រឹកក្សាឃុំឈ្មោះ សុខ សុវណ្ណ លោក សៅ ខេ ប្រធានសហគមន៍ភ្នំតាសាំ និងលោក ម៉ាត់ រ័ត្ន ជាឈ្មួញគួកជេរដីជើងខ្លាំងប្រចាំឃុំក្រាំងស្គារជាអ្នកចេញមុខ ដោយមានលោក មេឃុំ នៅពីក្រោយខ្នង បានរៀបដីនេះលក់ឲ្យគាត់ ដោយព័ត៌មានខាងក្រៅពីអ្នកជិតស្និតរបស់គាត់ថាគាត់បានកក់លុយឲ្យ២០.០០០ដុល្លាហើយ។ តែឈ្មួញទិញដីនោះថាគាត់មិនទាន់កក់លុយឲ្យទេ គឺសុំឲ្យគេលើកភ្លឺក្រវ៉ាត់ដីចំនួន៤០០ហិកតាឲ្យហើយសិន ទើបគាត់ឲ្យលុយ៕ រិទ្ធិ ជ័យ
http://ift.tt/2aPSF4K