ប្រជាពលរដ្ឋ និងអាជីវករសប្បាយរីករាយ ខណៈអាជ្ញាធរស្រុកបានកសាងផ្លូវបេតុងមួយខ្សែប្រវែង២៥២ម៉ែត្រ ជាប់ទីតាំងផ្សារស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង៖ ផ្លូវបេតុងមួយខ្សែមានប្រវែង២៥២ម៉ែត្រ ជាប់ទីតាំងផ្សារស្រុកកំពង់ត្រឡាច ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ត្រូវបានអាជ្ញាធរស្រុកកសាងបានរួចរាល់ក្នុងពេលថ្មីៗនេះ បានធ្វើអោយប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំអស់ មានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ព្រោះធ្វើអោយការធ្វើដំណើរបានងាយស្រួលគ្មានភក់ជ្រាំនិងដីហុយដូចមុន និងធ្វើអោយការលក់ដូររបស់ពួកគាត់នៅក្នុងផ្សារលក់ដូរដាច់បានច្រើន។
លោក ឈឹម វុឌ្ឍា អភិបាលស្រុកកំពង់ត្រឡាចបាននិយាយអោយដឹងថា៖ ការកសាងផ្លូវបេតុងខាងលើនេះមានប្រវែង២៥២ម៉ែត្រ ទទឹង៥,៥០ម៉ែត្រ និងមានកម្រាស់០,២០ម៉ែត្រ ចំណែកប្រព័ន្ធលូបង្ហូរទឹកមានប្រវែង២៣៨ម៉ែត្រ លូអណ្តូង១៣កន្លែង និងក្រាលគ្រួសក្រហមប្រវែង១១៥ម៉ែត្រ។ ការកសាងផ្លូវនេះគឺដើម្បីកែប្រែសោភ័ណភាពទីផ្សារអោយមានអនាម័យនិងបរិស្ថានល្អ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ អតិថិជនចេញចូលទិញឥវ៉ាន់ និងជយយអោយអាជីវករលក់ដូរឥវ៉ាន់បានដាច់ផងដែរ។
លោក អភិបាលស្រុកបានអោយដឹងទៀតថា៖ ផ្លូវបេតុង ខាងលើនេះបានចំណាយថវិកាកសាងសរុបចំនួន១៨២.៦៩៧.១៥០រៀល ក្នុងនោះមានថវិការដ្ឋបាលស្រុកចំនួន៥៥.០៧៨.១៥០រៀល ថវិកាចូលរួមរបស់ប្រជាពលរដ្ឋចំនួន៤២.៦១៩.៥០០រៀល និងថវិការបស់ស៊ីដាចំនួន៨៤.៩៩៩.៥០០រៀល។ ចំណែកប្រភពថវិកាសំរាប់ធ្វើប្រព័ន្ធលូបង្ហូរទឹក លូអណ្តូង និងក្រាលគ្រួសក្រហមមានថវិការដ្ឋបាលចំនួន៣២.០៨៣.៥០០រៀល និងថវិការួមរបស់ប្រជាពលរដ្ឋចំនួន៤.៥០០.០០០រៀល ។ ដោយឡែកនៅក្នុងឆ្នាំ២០១៧នេះរដ្ឋបាលស្រុកនិងបន្តគម្រោងជុសជុលប្រព័ន្ធលូបង្ហូរទឹកប្រវែង៧០៧ម៉ែត្រ លូអណ្តូង២៧កន្លែង ចាក់បេតុងអាមេឆ្អឹងដែកគ្របលើលូកាត់ទទឹងផ្លូវចំនួន៣កន្លែង ដែលត្រូវចំណាយទឹកប្រាក់សរុបចំនួន១១០.០០០.០០០រៀលទៀត។
លោក ឈឹម វុឌ្ឍា អភិបាលស្រុកកំពង់ត្រឡាច ក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនិងអាជីករនៅក្នុងផ្សារស្រុកកំពង់ត្រឡាចទាំងអស់ ដែលចូលរូមបដិភាគថវិកាក្នុងការកសាងផ្លូវនិងប្រព័ន្ធលូខាងលើនេះ។ លោកក៏បានសំណូមពរផងដែរដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមចូលរួមថែរក្សាផ្លូវដោយធ្វើអានាម័យលើដងផ្លូវ និងតាមប្រព័ន្ធលូបង្ហូរទឹកទាំងអស់គ្នា ដើម្បីអោយសោភ័ណភាពផ្សារយើងមានបរិស្ថានល្អ មានអនាម័យល្អ ទើបមានអតិថិជនចូលទិញទំនិញយើងច្រើន។
ដោយឡែកប្រជាពលរដ្ឋ និងអាជីករទាំងអស់ ក៏បានសំដែងនូវទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងផងដែរ នៅពេលទទួលបានផ្លូវបេតុងថ្មីមួយខ្សែនេះ ដោយពួកគាត់បានលើកឡើងថា៖ ពីមុនមកផ្លូវមួយខ្សែនេះជាផ្លូវលំគ្រួសក្រហមមានក្រឡុកច្រើន និងមានភក់ជ្រាំច្រើននៅខែវស្សា ហើយក៏មានដីហុយច្រើននៅខែប្រាំងផងដែរ ធ្វើអោយពួកគាត់លក់ទំនិញក្នុងផ្សារមិនសូវដាច់ឡើយ។ ប៉ុន្តែក្រោយពេលធ្វើផ្លូវបេតុងថ្មីរួចមក ធ្វើអោយក្នុងផ្សារ មានភ្ញៀវចេញចូលទិញដូរទំនិញច្រើន និងក៏ធ្វើអោយពួកគាត់លក់ដូរឥវ៉ាន់ដាច់បានច្រើនជាងមុនផងដែរ។
ប្រជាពលរដ្ឋ និងអាជីវករទាំអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរស្រុកកំពង់ត្រឡាច និងប្រមុខរាជរដ្ឋាភិបាល ដែលបានជួយផ្តល់ថវិកា កសាងផ្លូវបេតុង និងប្រព័ន្ធលូបង្ហូរទឹកខាងលើនេះ ពួកគាត់សូមសន្យាថានឹងចូលរួមបដិភាគថវិកា នៅពេលអាជ្ញាធរកសាងហេដ្ឋារចនាសម្ព័ន្ធក្រោយៗទៀត ដើម្បីធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2tLn6lp