ប្រជាពលរដ្ឋភូមិត្បែងធ្វើរបស់ប្រើប្រាស់អំពីរំពាក់លក់ដូរបន្តមរតកប្រពៃណីពីដូនតា
ខេត្តកំពង់ឆ្នាំង៖ អ្នកស្រុកភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ភាគច្រើនក្រៅពីមុខរបរធ្វើស្រែចំការ បាននាំគ្នាបន្តថែរក្សាមរតកប្រពៃណីពីដូនតា ធ្វើរបស់របរប្រើប្រាស់អំពីរំពាក់ ដើម្បីលក់ដូរលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។
លោកស្រី សេង ស៊ីណាត កំពុងធ្វើកញ្ឆេរពីរំពាក់បាននិយាយអោយដឹងថា៖ គាត់បា នចេះធ្វើរបស់ប្រើប្រាស់អំពីរំពាក់តៗគ្នាតាំងពីរដូនតាមក ហើយបច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងភូមិត្បែង ឃុំអណ្តូងស្នាយ ប្រមាណ៨០ភាគរយ បានបន្តថែរក្សាមរតកប្រពៃណីនេះរបស់ដូនតាមិនអោយបាត់បង់ឡើយ ហើយមុខរបរនេះក៏បានធ្វើអោយអ្នកស្រុកក្នុងភូមិមានជីវភាពធូរធាផងដែរ ប្រសើរជាងការធ្វើចំណាកស្រុកទៅរកការងារធ្វើ។
លោកស្រី សេង ស៊ីណាត បានបន្តទៀតថា៖ ការផលិតរបស់ប្រើប្រាស់អំពីរំពាក់នេះ គឺរូបគាត់ក៏ដូចជាអ្នកស្រុក ចេះធ្វើជាច្រើនយ៉ាងមានដូចជា៖ កញ្ឆេរ កន្ត្រក កញ្ច្រែង ជើងឆ្នាំង និងរបស់មួយចំនួនទៀត គឺអោយតែគេកុំម្ម៉ង់និងមានគំរូរអោយធ្វើគេអាចធ្វើបានទាំងអស់ ដោយឡែករបស់ប្រើប្រាស់ទាំងអស់ដែលធ្វើបានគឺមានម៉ូយនៅទីផ្សារក្នុងខេត្ត ឬនៅភ្នំពេញមកទទួលទិញដល់ផ្ទះមិនសូវនៅសល់នោះឡើយ អោយតែមានកម្លាំងធ្វើ ចំ ណែកតំលៃលក់វិញ គឺចំណេញបានមួយតែ១០០០ទៅ១៥០០រៀលតែប៉ុណ្ណោះ។
យុវជនឈ្មោះ ម៉ៅ សុភា អាយុ២៣ឆ្នាំ បាននិយាយអោយដឹងថា៖ រំពាក់ទាំងអស់នេះត្រូវអ្នកភូមិនាំគ្នាជិះគោយន្តទៅកាប់យកពីព្រៃនៅក្នុងខេត្តកំពង់ធំ ដោយត្រូវប្រើរយះពេលទៅនិងមកចំនួន១០ថ្ងៃ ទើបមកដល់ភូមិវិញ ហើយបានយករំពាក់នោះមកធ្វើជារបស់ប្រើប្រាស់លក់ រយះពេលប្រមាណពី២០ថ្ងៃទៅ៣០ថ្ងៃ គឺធ្វើអស់ហើយ ហើយត្រូវនាំគ្នាទៅកាប់យកពីព្រៃនៅខេត្តកំពង់ធំមួយសារទៀត។ ដោយឡែករំពាក់នៅតាមស្រុកនានានៅក្នុងខេត្តកំពង់ឆ្នាំង ពុំមានដើមវែងៗសំរាប់កាប់យកមកធ្វើរបស់ប្រើប្រាស់បាននោះឡើយ ។ ចំណែកការផលិតរបស់ប្រើប្រាស់អំពីរំពាក់នេះវិញ គឺលក់ដូរចេញបានចំណេញតិចតួចមិនសមល្មមនិងកម្លាំងពលកម្មនោះឡើយ ប៉ុន្តែក៏ប្រសើរជាងការទៅធ្វើជាកម្មករនៅកន្លែងឆ្ងាយៗពីស្រុកនោះដែរ។
ប្រជាពលរដ្ឋជាអ្នកផលិតរបស់ប្រើប្រាស់អំពីរំពាក់នៅក្នុងភូមិត្បែង ឃុំអណ្តូងស្នាយសូមសំណូមពរដល់អតិថិជននិងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាជួយគាំទ្រទិញរបស់ប្រើប្រាស់អំពីរំពាក់របស់អ្នកភូមិត្បែងផង ដើម្បីអោយអ្នកភូមិមានលទ្ធភាពលក់ដូរបានប្រាក់ចិញ្ចឹមជីវិត និងបានបន្តការថែរក្សាកេរ្ត៍មរតកដែលជាស្នាដៃរបស់ដូនតាកុំអោយបាត់ បង់ សំរាប់ទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់និងបន្តវេនទៀត៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2skwDeZ