សមត្ថកិច្ចនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រហ្មតាមផ្លូវជាតិលេ៥រំងាប់គ្រោះចង្រៃទប់ស្កាត់គ្រោះថ្នាក់ចរារណ៍ដែលថ្មីៗនេះបានកើតឡើងច្រើនផ្ទួនៗគ្នា
ខេត្តកំពង់ឆ្នាំង៖ ដោយពិនិត្យឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់គួរអោយព្រួយបារម្ភ នៅក្នុងរយៈពេលនៃពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ បណ្តាលអោយមនុស្សស្លាប់ និងរងរបួសច្រើននៅលើដងផ្លូវជាតិលេខ៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បានចាត់តាំងអោយការិយាល័យនគរបាលចរាចរណ៍ខេត្តនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រហ្មតាមដងផ្លូវជាតិលេខ៥ ដើម្បីរំងាប់គ្រោះចង្រៃទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងចំណុចដែលធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ព្រោះការធ្វើពិធីនេះប្រជាពលរដ្ឋមានជំនឿថានឹងមានសេចក្តីសុខឡើងវិញនៅតាមដផ្លូវ។
លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ខេត្តបានអោយដឹងថា៖ នៅក្នុងពិធីនេះ លោកបាននិមន្តព្រះសង្ឃ៧អង្គធ្វើដំណើតាមរថយន្ត៥គ្រឿង និងមានម៉ូតូអម១៥គ្រឿងផងដែរ ចាប់ផ្តើមពីតាមដងផ្លូវជាតិលេខ៥ក្នុងក្រុងកំពង់ឆ្នាំងទៅស្រុករលាប្អៀរ រហូតដល់ស្រុកកំពង់ត្រឡាច។ដោយឡែកនៅតាមចំណុចដែលធ្លាប់កើតគ្រោះថ្នាក់ញឹកញាប់ សមត្ថកិច្ច និងប្រជាពលរដ្ឋក៍បាននិមន្តព្រះសង្ឃ សូត្រមន្តរំងាប់គ្រោះចង្រៃដែលបានកើតឡើង និងបានបួងសួងដល់វិញ្ញាណក្ខន្ធ័អ្នកស្លាប់តាមដងផ្លូវទាំងអស់សូមទៅកើតក្នុងសុគតិភពចុះ។
នៅក្នុងពិធីនេះគេសង្កេតឃើញនៅតាមដងផ្លូវប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមជាមួ យព្រះសង្ឃ និងសមត្ថកិច្ចដោយបាននាំគ្នាយកទឹកដាក់ក្នុងធុង ឬផ្តិលទុកអោយព្រះសង្ឃសូត្រមន្តដល់ប្រោះព្រហ្មដល់សមាជិកគ្រួសារកូនចៅ ដើម្បីសុំសេចក្តីសុខជៀសផុតពីគ្រោះថ្នាក់ចង្រៃទាំងឡាយនៅតាមដងផ្លូវ ព្រោះប្រជាពលរដ្ឋមានជំនឿថាបើមិនធ្វើពិធីនេះទេ ព្រលឹងអ្នកស្លាប់ដោយករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នឹងនៅវិលវល់ទីនោះ មិនទៅចាប់ជាតិឡើយ គឺនៅយារយីមកលើអ្នកដទៃបន្តទៀត។
ទន្ទឹមនឹងពិធីនេះដែរ ឯកឧត្តម ឈួរ ចន្ទ័ឌឿន ប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដោយត្រូវ ពាក់មួកសុវត្ថិភាពចំពោះអ្នកបើកបរម៉ូតូ ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលជិះរថយន្ត កុំបើកបរក្នុងស្ថានភាពស្រវឹង ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាក្នុងពេលបើកបរ និងកុំបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងខេត្តកំពង់ឆ្នាំងមានករណីចរាចរណ៍កើតឡើងចំនួន៥លើកផ្ទួនៗគ្នា បណ្តាលអោយមនុស្ស៧នាក់បានស្លាប់ និង១៦នាក់ទៀតរបួសធ្ងន់ស្រាល ដែលករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺកើតឡើងមកពីកត្តាមនុស្សបើកបរហួសល្បឿនកំណត់ និងបើកបរជែងគ្នាក្នុងស្ថានភាពស្រវឹង៕ រឹទ្ធ ជ័យ
http://ift.tt/2h6WPJ6