សមត្ថកិច្ចកងអាវុធហត្ថខេត្តចាប់បានអ្នកប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន២នាក់
ខេត្តកំពង់ឆ្នាំង៖ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ខ្លួនក្នុងប្រើប្រាស់និងរក្សាគ្រឿងញៀន។ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីជនសង្ស័យទាំងនេះបានធ្វើសកម្មភាពប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់នៅក្នុងផ្ទះ។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យដែលបានឃាត់ខ្លួនមាន ១-ឈ្មោះ ពេជ្រ វេហា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិស្វាយជ្រុំចាស់ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ២-ឈ្មោះ អ៊ុន សីហា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានម៉ូតូ៣គ្រឿង កាំភ្លើងខ្យល់១ដើម ស្នាប់ដៃ១ ជំពាមកៅស៊ូ២ កន្ត្រៃ៣ កាំបិត១ដើម និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ ចំណែកថ្នាំញៀន ត្រូវជនសង្ស័យម្នាក់ដែលរត់គេចខ្លួនបាត់ ក្រវាត់ចោលបំបិទភ័ស្តុតាងគឺនៅសល់ឧបករណ៍ជក់ ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឲ្យដឹងទៀតថា៖ការបង្ក្រាបករណីនេះ គឺធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ បានសហការជាមួយសមត្ថផ្តល់ព័ត៌មានអំពីសកម្មភាពរបស់ក្រុមជនសង្ស័យ ដែលតែងតែយកផ្ទះមួយនេះធ្វើសកម្មភាពក្នុងការប្រើប្រាស់គ្រឿងញៀនកន្លងមក។ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតានិតិវិធី បញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការផ្តន្ទាទោសទៅបញ្ញត្តិច្បាប់ ៕ រឹទ្ធិ ជ័យ
http://ift.tt/2h3pv5E