អង្គភាពគយ នៅកំពង់ផែស្វយ័តភ្នំពេញត្រូវបានក្រុមអ្នករត់ឯកសារទម្លាយពីអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធ ទាមទារឲ្យលោក គុណ ញឹម បោសសម្អាត
រាជធានីភ្នំពេញ ៖ ក្រុមអ្នករត់ការនាំទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញបានបង្ហើបប្រាប់ថា លោក ស៊ុន ឆាយ មេអង្គភាព គយ និងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ បានដើរតាមគន្លងលោកមេគយ សុខ គឹមសាន្ត ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានដាក់ឲ្យចូលនិវត្តន៍នោះ ហើយ រក្សាប្រព័ន្ធប្រមូលប្រាក់ក្រោមតុ ត្រូវបាន លោក ស៊ុន ឆាយ បន្តពីចាត់ចែងឲ្យកូនចៅរកចំណូលតាមជំនាញបច្ចេកទេស កោសរូសពីក្រុមអ្នករត់ការនាំទំនិញប្រមូលលុយពី ឯកសារប្រតិវេទន៍ លើទំនិញ វិនិយោគនាំចូល ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋចែកគ្នាច្រកហោប៉ៅបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ ហើយនេះគឺជាករណីប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។
ក្រុមអ្នករត់ការទំនិញវិនិយោគនាំចូលសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា អំពើពុករលួយ បានបន្តកើតឡើងជាលក្ខណៈប្រព័ន្ធដដែល ក្នុងអង្គភាព គយនិងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញមិនខុសពីជំនាន់លោកមេគយ សុខ គឹមសាន្ត នោះទេ ដោយយ៉ាងតិច មួយឯកសារ ក៏ត្រូវចំណាយសរុបចាប់ពី ៨០ដុល្លារ ទៅ ១១០ដុល្លារ ដែលនេះជាលុយកោសរូសតម្រូវឲ្យអ្នករត់ឯកសារបង់លុយ ពីសំណាក់មន្ត្រីគយ តាមភារកិច្ចជំនាញនិមួយៗ សម្រាប់ទំនិញ វិនិយោគនាំចូល។
ប្រភពបានបញ្ជាក់ថា ក្នុងនោះ១ឯកសារ ជាទម្លាប់លោក ស៊ុន ឆាយ មេអង្គភាព គយនិងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញបានបង្ខំឲ្យបង់លុយ ដូចតទៅ ៖ ១-ត្រូវបង់លុយ អោយមន្ត្រីគយ ផ្នែកចុះលេខ ចំនួន ៥ដុល្លារ ២-ខាងគណនេយ្យ លោក ស្វាយ មរ៉ា ចំនួន ១០ដុល្លារ ៣-ក្រុមត្រួតពិនិត្យ របស់លោក សាយ សូផា មួយកុងតឺន័រ ១០ដុល្លារ ៤-ក្រុមគយ ចាំយកលុយ នៅកន្លែងគណនេយ្យ សម្រាប់រាប់ក្បាល កុងតឺន័រ ទំហំ ៤០ហ្វីត ចំនួន ៥០ដុល្លារ និងទំហំ ២០ហ្វីត ៤០ដុល្លារ ៥-បង់អោយ អនុប្រធាន ដូចជាលោក ប៊ុស ចំរើន លោក គឹម សាគល និងអ្នកស្រី ប៊ូ ផល្លី មួយឯកសារ ចំនួន ៥ដុល្លារ និង៦-បង់អោយលោក ស៊ុន ឆាយ មេអង្គភាព គយនិងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ នេះតែម្តង មួយឯកសារ ចំនួន ១០ដុល្លារ។
ក្រុមអ្នករត់ការបន្តថា ជាធម្មតាឯកសារ ចុះប្រតិវេទន៍គយ ត្រូវឆ្លងកាត់គយ និងបង់លុយ ក្រោមតុបែបនេះ ក្នុងមួយថ្ងៃ មានចាប់ពី ៣០ទៅ៤០ ឯកសារ សួរថា ពួកគាត់កៀបជំរិត ពីក្រុមហ៊ុនវិនិយោគ បានប៉ុន្មានពាន់ដុល្លារ ក្នុងមួយថ្ងៃ ឬប៉ុន្មានម៉ឺនដុល្លារ ក្នុងមួយខែ ? ម្យ៉ាងទៀត ក្នុងមួយឯកសារ ចុះលេខម្តងៗ មិនមែនតិចកុងតឺន័រ ឡើយ គឺយ៉ាងតិចចាប់ពី ៥កុងតឺន័រ ទៅ ១០ឬ ១៥កុងតឺន័រ ហើយមួយកុងតឺន័រ បង់លុយក្រោមតុ ចាប់ពី ៤០ដុល្លារ ទៅ ៥០ដុល្លារ តើមួយថ្ងៃៗ ។ ដោយឡែកបន្ថែមពីលើនេះកុងតឺន័រនាំចុះកប៉ាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ (គយហៅថាថ្ងៃ អូធី OT) ត្រូវបង់១កុងតឺន័រ៣០ដុល្លារ។ ខាងលើនេះក្រុមអ្នករត់ការនាំទំនិញចេញ និងចូលបានធ្លាក់ក្នុង ប្រព័ន្ធប្រព្រឹត្តអំពើរបស់អង្គគយកំពង់ផែស្វយ័តភ្នំពេញ ដោយមិនអាចគេចចេញបាន។
គេសង្ស័យថាប្រាក់នេះមិនបង់ចូលរដ្ឋនោះទេ ហើយត្រូវបានមន្ត្រីខ្លះរបូតមាត់អួតប្រាប់អ្នករត់ការថា ក្នុងរយៈពេល ១សប្តាហ៍ ឬ២សប្តាហ៍ លុយកេះខ្មៅនេះ ក៏ត្រូវបាន បែងចែកគ្នាម្តងៗ តិចច្រើនទៅតាមឋានៈតួនាទី ។ ចំពោះករណីលើកឡើងខាងលើនេះអង្គភាពយើងបានព្យាយាមកំពុងស្វែងរកការបំភ្លឺលោក ស៊ុន ឆាយ ប្រធានការិយាល័យ គយនិងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ ពុំទាន់បាននៅឡើយទេ។ បើទោះជាយ៉ាងណា លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករគួរតែត្រួតពិនិត្យចំពោះការលើកឡើងរិះគន់របស់ក្រុមអ្នករត់ការខាងលើនេះ ដែលកំពុងត្អូញត្អែនឹងការបង្ខំទារលុយក្រោមតុ ដែលជាអំពើពុករលួយកំពុងប្រព្រឹត្តជាប្រព័ន្ធក្នុងអង្គភាពការិយាល័យ គយនិងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ៕
លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ
http://ift.tt/2xMq4b4