បុរសម្នាក់ ម្ចាស់ហាងលក់ទូរស័ព្ទ លក់ស៊ីមកាតទូរស័ព្ទ ដោយមិនយកអត្តសញ្ញាណប័ណ្ណ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បុរសម្នាក់ អាយុ ៤១ ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទ និងបញ្ចាំ ត្រូវបានសមត្ថកិច្ច កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានាំខ្លួនយកទៅសាកសួរ ពាក់ព័ន្ធនឹងការលក់ស៊ីមកាតទូរស័ព្ទ ដោយដោយមិនយកអត្តសញ្ញាណប័ណ្ណនោះ។
បើតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ថា ដោយទទួលបានបញ្ជាពី លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងយោងតាមដីការ បញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ, កាលពីថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា្យា បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការនាំខ្លួន បុរសម្នាក់ឈ្មោះ ស.វ.ធ អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់ទូរស័ព្ទនិងបញ្ចាំ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងការលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ ដោយធ្វើអក្សរLED រត់ពីមុខហាង “ទិញស៊ីមកាតមិនចាំបាច់ប្រើអត្តសញ្ញាណប័ណ្ណ”។
សមត្ថកិច្ចចាត់ទុកថា ទង្វើនេះគឺផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា លេខ១១០៦ ន.ទ.ក ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីឱសានវាទចុងក្រោយ ត្រឹមថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការបញ្ឈប់ ការលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ និងច្បាប់ស្តីពីទូរគមនាគមន៍។
តាមការសាកសួររបស់មន្រ្តីជំនាញ ស.វ.ធ បានសារភាពថា ខ្លួនពិតជាបានលក់ស៊ីមកាតដោយមិនយកអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និងលក់ស៊ីមកាតដែលមានអត្តសញ្ញាណប័ណ្ណអ្នកដទៃជំនួស ព្រមទាំងបានធ្វើ LED ដើម្បីផ្សាយពិតប្រាកដមែន។ បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ផងដែរថា កន្លងមកមានបទល្មើសជាច្រើន ដូចជា ការទូរស័ព្ទមកបោកបញ្ឆោតជនរងគ្រោះ ដើម្បីឈ្នះរង្វាន់ផ្សេងៗ ការឆរបោកតាមរយៈការក្លែងធ្វែងធ្វើជាសាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍ និនិងតម្រូវឱ្យ ផ្ញើប្រាក់ មកសង្រ្គោះ ការឆរបោកតាមរយៈបណ្តាញសង្គម Facebook ក៏ដូចជា បទល្មើសដែលបង្កអសន្តិសុខដល់សង្គមផ្សេងៗទៀត។ល។ សមត្ថកិច្ច មានការលំបាកក្នុង ការស្រាវជ្រាវរកជនល្មើសដើម្បីយកមកផ្តន្ទាទោស ដោយសារជនល្មើសទាំងនេះ បានទិញស៊ីមកាតទូរស័ព្ទដែលមិនមានអត្តសញ្ញាណច្បាស់លាស់ យកមកបោកប្រាស់ជនរងគ្រោះ ពីហាងលក់ស៊ីមកាតទូរស័ព្ទប្រភេទនេះ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកលក់ស៊ីមទូរស័ព្ទចូលរួមសហការជាមួយសមត្ថកិច្ចនគរបាល ដោយមិនទិញ ឬលក់ ស៊ីមកាតទូរស័ព្ទ ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ជាពិសេសឱ្យបណ្តាហាងលក់ស៊ីមកាតទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់រាល់ការលក់ស៊ីមកាត ដែលមិនមានបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់។ បើមិនបញ្ឈប់លក់ស៊ីមកាតអត់យកអត្តសញ្ញាណប័ណ្ណទេ អាចប្រឈមមុខនឹងច្បាប់ និងអាចឈានដល់ការបិទអាជីវកម្មរផងដែរ៕
https://ift.tt/2O6UxtM