តុលាការសវនាការលើករណីជនជាតិរុស្ស៊ី ពីបទលួចប្រាក់ពីម៉ាស៊ីនអេធីអឹម
![]() |
តុលាការសវនាការលើករណីជនជាតិរុស្ស៊ី ពីបទលួចប្រាក់ពីម៉ាស៊ីនអេធីអឹម |
សាលាឧទ្ធរណ៍កាលពីម្សិលមិញបានចាប់ផ្តើមបើកសវនាការលើករណីបុរសជនជាតិរុស្ស៊ី
២ នាក់ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ
បន្ទាប់ពីពួកគេត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទប៉ុនប៉ងលួចប្រាក់ពីម៉ាស៊ីនអេធីអឹមនៅខណ្ឌដូនពេញក្នុងឆ្នាំ
២០១៧។
ចៅក្រមជំនុំជម្រះ លោកស្រី ទិត
សុធីបូរ៉ាលក្ខណ៍ បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញបានរកឃើញថាលោក
ជនជាប់ចោទឈ្មោះ Zametnaya Alexander អាយុ ៣១ ឆ្នាំ
និង Telenkov Ivan អាយុ ៣០ ឆ្នាំ មានពិរុទ្ធពីបទ «លួចមានស្ថានទម្ងន់ទោស» តាមមាត្រា ៣៥៣ និង ៣៥៧
នៃក្រមព្រហ្មទណ្ឌ។
លោកស្រី ទិត សុធីបូរ៉ាលក្ខណ៍ បានបន្តថា
បុរសជាជនជាប់ចោទទាំងពីរកំពុងតែស្នើឱ្យមានការកាត់បន្ថយទោសរបស់ពួកគេ។
លោកស្រីបានថ្លែងថា កាលពីថ្ងៃទី ២ ខែធ្នូឆ្នាំ ២០១៧ ជនជាប់ចោទ Zametnaya
Alexander និង Telenkov Ivan ត្រូវបានសន្តិសុខម្នាក់ចាប់ខ្លួនភ្លាមៗបន្ទាប់ពីពួកគេទាំងពីរបានព្យាយាមលួចយកប្រាក់ពីម៉ាស៊ីនអេធីអឹមរបស់ធនាគារអេប៊ីអេនៅក្នុងសង្កាត់ស្រះចក
។
លោកស្រី ទិត សុធីបូរ៉ាលក្ខណ៍
បានឲ្យដឹងថា ជនជាប់ចោទ Zametnaya Alexander បានព្យាយាមប្រើកាតអេធីអឹមក្លែងក្លាយដើម្បីដកប្រាក់ពីម៉ាស៊ីន
ខណៈពេលដែលជនជាប់ចោទម្នាក់ទៀតគឺលោក Telenkov Ivan ជាអ្នកដែលឃ្លាំមើលប៉ូលីស។
អ្នកស្រីបានថ្លែងថា៖ «សន្តិសុខនៅក្បែរនោះមានការសង្ស័យហើយក៏បានចូលទៅពិនិត្យមើលសកម្មភាពបុរសទាំងពីរ
ខណៈពេលដែលឃើញថា ជនជាប់ចោទ Zametnaya Alexander នៅពេលនោះបានព្យាយាមគាស់ម៉ាស៊ីនដែលបណ្តាលឱ្យមានការខូចខាត។
លោកស្រី ទិត សុធីបូរ៉ាលក្ខណ៍
បានបន្តឲ្យដឹងទៀតថា ក្រុមសន្តិសុខបានទាក់ទងទៅកាន់សមត្ថកិច្ច
ហើយបានធ្វើការចាប់ខ្លួនបុរសទាំងពីរនាក់។ លោកស្រីបានបន្ថែមទៀតថា
សមត្ថកិច្ចបានធ្វើការរឹបអូសយកប្រាក់ លិខិតឆ្លងដែនចំនួន ២
និងកាតអេធីអឹមក្លែងក្លាយពីពួកគេ។
បុរសទាំងពីរកាលពីម្សិលមិញបានសារភាពថា
ពួកគេពិតជាបានប្រព្រឹត្តបទល្មើសហើយបានស្នើសុំឲ្យចៅក្រមអោយបន្ធូរបន្ថយទោសដោយកាត់បន្ថយទោសរបស់ពួកគេត្រឹមពាក់កណ្តាល
ដើម្បីឲ្យពួកគេអាចវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។
លោក Zametnaya Alexander បានប្រាប់តុលាការថា រូបលោកនិងលោក Telenkov Ivan បានមកកាន់ប្រទេសកម្ពុជានៅខែវិច្ឆិកាឆ្នាំ ២០១៧ ។
លោកបានថ្លែងថា៖ «ខ្ញុំបានសំរេចចិត្តចូលទៅកាន់ទីតាំងដើម្បីលួចលុយពីម៉ាស៊ីនអេធីអឹម
ពីព្រោះតែខ្ញុំគ្មានលុយសម្រាប់ទិញអាហារនិងសំបុត្រយន្តហោះដើម្បីវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ
។ ខ្ញុំទទួលស្គាល់កំហុសនេះ
ហើយខ្ញុំសូមស្នើឲ្យតុលាការបន្ធូរបន្ថយទោសរបស់ខ្ញុំមកនៅត្រឹម ៣ ឆ្នាំ
១០ ខែ ដើម្បីឲ្យខ្ញុំអាចចាកចេញពីពន្ធនាគារ
និងវិលត្រឡប់ទៅជួបជុំជាមួយគ្រួសាររបស់ខ្ញុំវិញ។»
គួរបញ្ជាក់ឲ្យដឹងផងដែរថា ការប្រកាសសាលក្រមរបស់អ្នកទាំងពីរនឹងត្រូវធ្វើឡើងនៅថ្ងៃទី
៤ ខែកុម្ភៈ ខាងមុខ៕
តុលាការសវនាការលើករណីជនជាតិរុស្ស៊ី ពីបទលួចប្រាក់ពីម៉ាស៊ីនអេធីអឹម
Reviewed by Editor PH
on
11:31 AM
Rating:
