បុរសឥស្លាមម្នាក់ជិះម៉ូតូ បុកនឹងគោយន្តដឹកគ្រែលក់ ផុងលលាដ៏ស្លាប់ភ្លាម
កំពង់ឆ្នាំង៖ បុរសឥស្លាមម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ ជិះម៉ូតូលឿនពេកទៅបុកនឹងគោយន្តដឹកគ្រែលក់ដាក់លៀនចេញក្រៅ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៦និង៤០ នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នៅចំណុចក្នុងភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច។ ចំណែកម្ចាស់គោយន្តបានបើកគោយន្តគេចខ្លួនបាត់។
លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាចបាននិយាយថា៖ ជនរងគ្រោះមានឈ្មោះ ជុះ ទាំ អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិអណ្តូងតាមូង ឃុំឈូកស ស្រុកកំពង់ត្រឡាច។មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក យ៉ាម៉ាហាស៊ីរូស គ្មានស្លាកលេខ តែម្នាក់ឯង តាមផ្លូវលំ ក្នុងដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែទៅបុកនឹងគ្រែដាក់លៀនចេញក្រៅលើគោយន្តមួយគ្រឿងដែលគេដឹកលក់តាមភូមិក្នុងទិសដៅច្រាស់គ្នា បណ្តាលអោយជនរងគ្រោះ បោកក្បាលផ្ទប់និងគ្រែលើគោយន្ត ផុងលលាដ៏ក្បាលស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។ ចំណែកម៉ូតូបានខ្ទេចមួយកំណាត់មុខទាំងស្រុង ។
លោកអធិការបានបញ្ជាក់ថា៖ដោយសារកន្លែងកើតហេតុជាកន្លែងស្ងាត់ម្ចាស់គោយន្តឃើញសភាពបែបនេះក៏បើកគោយន្តគេចខ្លួនបាត់មុនពេលសមត្ថកិច្ចបានដឹងនិងទៅដល់កន្លែងកើតហេតុ ករណីនេះ កម្លាំង នគរបាលមូលដ្ឋាន បានសហការគ្នាជាមួយនគរបាលស្រុកតាមរុរកគោយន្តបង្កហេតុ ពេញមូលដ្ឋានតែ រក មិនឃើញឡើយ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ជនជាតិ ឥស្លាមនៅលំនៅដ្ឋានក្រោមការយំស្រែកនិងសោកស្តាយយ៉ាងខ្លាំងពីក្រុមគ្រួសារ ៕ ដោយ រិទ្ធិ ជ័យ