បុរសម្នាក់របួសធ្ងន់ឈាមហូរតាមត្រចៀក ដោយសារជិះម៉ូតូបុកគូទឡានចតស្ងៀម
ខេត្តព្រះសីហនុ៖ យុវជនម្នាក់ បានរងរបួសធ្ងន់បន្ទាប់ពី បានជិះម៉ូតូទៅបុកគូទរថយន្តចតស្ងៀមនៅលើផ្លូវ កាលពីវេលាម៉ោង ១៩និង១៥នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ត្រង់ចំណុចមុខផ្សារឃ្លាំង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ប៉ូលីសចរាចរណ៍បានអះអាងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយសាររថយន្តចតនៅលើចំណីផ្លូវ ពុំមានដាក់សញ្ញា ដើម្បីអោយអ្នកធ្វើដំណើរបានដឹង ទើបបង្កអោយ យុវជនម្នាក់បានជិះម៉ូតូទៅបុកគូទរថយន្តពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅគ្លីនិចឯកជនសេតេ ក្រុងព្រះសីហនុ។ រថយន្តបង្កមាន ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ១តោនកន្លះ ពាក់ស្លាកលេខ ព្រះសីហនុ 2A 0040 បើកបរដោយឈ្មោះ ឈុន ស៊ុន មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ជនរងគ្រោះមានឈ្មោះ រ សារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសធ្ងន់បែក និងបាកចង្កា ហូឈាមតាមត្រចៀក ជិះម៉ូតូ ម៉ាកអ៊ែម្លែត ពណ៌ក្រហម ខ្មៅ គ្មានស្លាកលេខ បច្ចុប្បន្នស្នាក់នៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
យោងតាមសំដីអ្នកឃើញហេតុការណ៍បានអោយដឹងថា៖ នៅមុនកើតហេតុគេបានឃើញរថយន្តកូរេពណ៍ខៀវមួយគ្រឿងមកឈប់ពីមុខកន្លែងគាត់លក់ប្រហិត ហើយបានដើរចេញបាត់ទៅ មួយសន្ទុះក្រោយមក ក៏មានម៉ូតូមួយគ្រឿងជិះក្នុងទិសដៅស្របជាមួយរថយន្ត ក៏បានបើកទៅបុករថយន្តដែលចតចោលយ៉ាងពេញទំហឹង បណ្តាលអោយដេកដួលរងរបួសធ្ងន់ធ្ងរ ហើយសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។
តៃកុងរថយន្តបង្កគ្រោះថ្នាក់បានអះអាងថា រថយន្តដែលគាត់បានចតនេះ គឺនៅចតគានថ្នល់ទៅហើយ តែភាគីម៉ូតូទេដែលជាអ្នកមកបុករថយន្តរបស់គាត់ ដូចនេះរថយន្ត គាត់ពុំបានធ្វើអ្វីខុសនោះសោះ។ ក្រោយកើតហេតុ ទាំងរថយន្ត និង ទាំងម៉ូតូ ត្រូវបានសមត្ថកិច្ច ចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្ត រងចាំការដោះស្រាយ ៕ កោះរ៉ុង