រថយន្តក្រុងដឹកឥវ៉ាន់គេចពន្ធបុករថយន្តតាក់ស៊ី និងបុកផ្ទះតៀម១ខ្នង ធ្លាយពីម្ខាងទៅម្ខាង និងឆក់យកជីវិតស្ត្រីចំណាស់ម្នាក់ និងចៅស្រីយ៉ាងខ្លោចផ្សា
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់បានស្លាប់កល់ក្រោមរថយន្ត និងកុមារីអាយុ៩ឆ្នាំ ម្នាក់រងរបួសធ្ងន់ និងស្លាប់ពេលដឹកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កដោយរថយន្តក្រុងដឹកអីវ៉ាន់រត់ពន្ធ១គ្រឿងបានបើកបរបុករថយន្តតាក់ស៊ីខ្ទេចមួយកំណាត់ក្រោយដែលបើកក្នុងទិសស្របគ្នាហើយបន្តបុកផ្ទះតៀមរបស់ស្ត្រីរងគ្រោះធ្លាយពីម្ខាងទៅម្ខាង។គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១០និង៤៥នាទីលើផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៨៥ និង៨៦ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលារប្អៀរ។ #សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលារប្អៀរបានអោយដឹងថា៖ ស្ត្រីរងគ្រោះដែលបានស្លាប់កល់ជាប់កង់រថយន្តក្រុងមានឈ្មោះ ញឹប អាយុប្រមាណជាង៥០ឆ្នាំ មានប្តីឈ្មោះ យ៉ៃ និងចៅស្រី ឈ្មោះ យិន ថាសុថារាយុទ្ធ អាយុ៩ឆ្នាំ បានរងរបួសធ្ងន់និងបានស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយរថយន្តបង្កបានបុកទម្លាយផ្ទះពីម្ខាងទៅម្ខាងអូសជនរងគ្រោះទាំង២ស្លាប់និងរបួសនៅក្រោមរថយន្តក្រុង។
មុនពេលកើតហេតុគេបានឃើញរថយន្តក្រុងពណ៌ក្រហមគ្មានស្លាកលេខបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុដែលមានស្ថានីប្រេងឥន្ទនៈ មានរថយន្តតាក់ស៊ី១គ្រឿងម៉ាកកាមរីចង្កូតស្តាំពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2D-7008 បើកបរពីមុខបានបត់ទៅខាងឆ្វេង ដៃដើម្បីចូល ចាក់ហ្គាស ក៏ត្រូវរថយន្តក្រុងបើកពីក្រោយបុកពេញទំហឹង ខ្ទេចមួយកំណាត់ក្រោយប៉ើងរថយន្តតាក់ស៊ី ទៅទើរលើសួនច្បារមុខស្ថានីយប្រេងឥន្ទនៈ ហើយរថយន្តក្រុងបានជ្រុលទៅបុកផ្ទះតៀមនៅខាងឆ្វេងដៃរបស់ជនរងគ្រោះធ្លាយពីម្ខាងទៅម្ខាងថែមទៀតបណ្តាលអោយផ្ទះតៀមស្ត្រីរងគ្រោះខូចខាតបាក់បែកទាំងស្រុង។
អ្នកដែលបានឃើញហេតុការណ៍ខាងលើនេះបានអោយដឹងថា៖រថយន្តបង្កហេតុនេះបើកបរលឿនណាស់គឺ ពីកន្លែងដែរគេបុករថយន្តតាក់ស៊ីរួចទៅបុកផ្ទះតៀមជនរងគ្រោះមានចម្ងាយប្រមាណពី៥០ទៅ៦០ម៉ែត្រទើបរថយន្តក្រុងទើរជាប់និងរបងដីភូមិជនរងគ្រោះ ដោយឡែកជនរងគ្រោះទាំង២នាក់គឺយាយនិងចៅនៅក្នុងផ្ទះ ត្រូវរថយន្តបុកអូសជាប់ទៅជាមួយមានចម្ងាយប្រមាណជាជាង១០ម៉ែត្រ។ចំណែកអ្នកបើកបររថយន្តក្រុងក៏បានរងរបួសស្រាលផងដែរ ហើយគេបានចុះពីរថយន្តរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ច និងអ្នកស្រុកជួយកាប់គាស់យកចេញពីក្រោម រថយន្តជាងកន្លះម៉ោងទើបយកចេញបាន ក្រោយសម្រែកទ្រហោយំពីក្រុមគ្រួសារសពជាច្រើន នាក់ដោយ ភាពរន្ធត់ ចំណែកកុមារីដែលរងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានស្លាប់នៅតាមផ្លូវ។
រថយន្តបង្ក និងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចស្ទូច និងអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត និងបានកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1zNQhfw