រដ្ឋបាលខេត្តកំពង់ឆ្នាំងធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥
ខេត្តកំពង់ឆ្នាំង៖ សន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៤ និងទិសដៅឆ្នាំ២០១៥បានធ្វើឡើងរយៈពេល១ថ្ងៃកន្លះ នៅថ្ងៃទី១១និង១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងសាលានយោបាយខេត្ត ដោយមាន មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរឃុំ ស្រុក ខេត្ត គ្រប់លំដាប់ថ្នាក់ចំនួន៣៦៩នាក់ចូលរួមក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមបិទអង្គសន្និបាត។
ក្រោយពីអង្គសន្និបាតបានដំណើរការរយៈពេល១ថ្ងៃកន្លងមកតាមរបៀបវីរៈ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការបូកសរុបលទ្ធផលនៃអង្គសន្និបាតថា៖អង្គសន្និបាតបានពិភាក្សាផ្តោតលើចំណុចខ្លាំង និងបញ្ហាប្រឈម និងវិធានការណ៍ជាក់ស្តែងសំខាន់ៗរួមមានៈពង្រឹងប្រសិទ្ធិភាពនៃការគ្រប់គ្រងដែនដីរដ្ឋបាលគ្រប់ថ្នាក់ អនុវត្តច្បាប់អោយមានប្រសិទ្ធិភាព ម្ចាស់ការថែររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព និងការអភិវឌ្ឍន៍ដែលមាននិរន្តរភាពគ្រប់ជ្រុងជ្រោយ។ពង្រឹងការផ្តល់សេវាសាធារណៈស្របតាមគោលការណ៍ណែនាំរបស់ក្រសួង និងរាជរដ្ឋាភិបាល។ពង្រឹងការអនុវត្តទួនាទីភារកិច្ច និងការទទួលខុសត្រូវទាំងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមកំណត់ច្បាប់ ប្រកបដោយប្រសិទ្ធិភាព ជំរុញការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រដ្ឋបាលឃុំសង្កាត់។យកចិត្តទុកដាក់គ្រប់គ្រងអោយបានគ្រោះមហន្តរាយ និងដោះស្រាយបញ្ហាជូនជនរងគ្រោះអោយបានទាន់ពេលវេលា។ការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្រុកក្រុង អង្គសន្និបាតផ្តោតលើបញ្ហាសំខាន់ៗរួមមាន៖ការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន លើការពង្រឹងសន្តិសុខជាតិ សន្តិសុខនយោបាយ និងអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព វិធានការណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់បង្ក្រាបល្បែងស៊ីសង គ្រឿងញៀន ជួញដូរផ្លូវភេទ បង្ការអគ្គីភ័យ បង្ការនិងទប់ស្កាត់ការញុះញង់ភូតកុហកបោកប្រាស់ បំផ្លើសការពិតរបស់ជនអគតិ ដែលមានគំនិតប្រឆាំងនឹងរាជរដ្ឋាភិបាល។
រដ្ឋបាលខេត្តបានប្តេជ្ញាបន្តជំរុញការអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយនូវ កង្វះខាត និងចំណុចអសកម្មនានា ប្រែក្លាយបញ្ហាប្រឈមអោយទៅជាឳកាស ខិតខំដោះស្រាយអោយបាន ដោយយកបទពិសោធន៍ល្អៗដែលអង្គសន្និបាតទទួលបាន ក៍ដូចជាទិសដៅភារកិច្ចក្រសួងដែលមហាផ្ទៃបានដាក់ ចេញ។ជំរុញថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សកម្មចូលរួមអនុវត្តដោយប្រសិទ្ធ ភាព ឈរលើស្មារតីប្តេជ្ញាសាមគ្គីឯកភាព ដើម្បីសំរេចជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំ២០១៥នេះ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលបានអញ្ជើញចូលរួមបិតសន្និបាតនៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥ បានផ្តាំផ្ញើដល់អង្គសន្និបាតថា៖ នៅក្នុងទិសដៅអនុវត្ត រដ្ឋបាលខេត្តត្រូវដាក់បញ្ចូលនូវទិសដៅអភិវឌ្ឍធនធានមនុស្សនៅតាមមន្ទីរអង្គភាពនានា ដើម្បីបន្តវេនពីមន្ត្រីដែលត្រូវចូលនិវត្តន៍ នេះគឺជាបញ្ហា គន្លឹះយ៉ាងសំខាន់ដែលត្រូវបណ្តុះបណ្តាលពីពេលនេះតទៅ ដើម្បីអោយមន្ទីរអង្គភាពជុំវិញខេត្ត មានធនធានមនុស្សធ្វើការងារគ្រប់គ្រាន់ សំរេចបានតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
ក្នុងនោះដែរលោកស្រីក៍បានណែនាំដល់អង្គសន្និបាតយកចិត្តទុកដាក់ក្នុងការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបអោយបានរាល់បទល្មើសដែលកើតមានឡើង។ លើកទឹកចិត្ត និងជំរុញ ចលនាប្រជាការពារមូលដ្ឋាន ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជាមួយសមត្ថកិច្ច។ យកចិត្តទុកដាក់ដល់ការងារយេនឌ័រទាំងស្ត្រី និងកុមារ កាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់អោយពួកគាត់មានការងារធ្វើនៅក្នុងមូលដ្ឋាន។ ទន្ទឹមនោះដែររដ្ឋបាលស្រុកខេត្ត ត្រូវហ៊ានទទួលខុសនិងទទួលត្រូវចំពោះ មន្ត្រីអសកម្មទាំងឡាយដែលប្រព្រឹត្តខុសច្បាប់ដោយហ៊ានដាក់ទោសទ័ណ្ឌ និងហ៊ានលើកសរសើរចំពោះមន្ត្រីសកម្មការងារ។នៅទីបញ្ចប់លោកជំទាវក៏បានឯកភាពផងដែរនៅរបាយការណ៍បូកសរុបរបស់រដ្ឋបាលខេត្តនិងលើកទិសដៅបន្តក្នុងឆ្នាំ២០១៥នេះ៕ ដោយ រិទ្ធិ ជ័យ