លោក ហ៊ួត រ័ត្ន មេបញ្ជាការសឹងរងស្រុកកែវសីមា កំពុងប្រើប្រាស់ឥទ្ធិពលអំណាចកងទ័ព ចាប់ដៃជាមួយឈ្មួញវៀតណាម ជួញដូរឈើប្រណីតឆ្លងដែនយ៉ាងកក្រើក លែងក្រែងញញើតច្បាប់អ្វីទាំងអស់
ខេត្តមណ្ឌលគិរី៖ លោក ហ៊ួត រ័ត្ន មេបញ្ជាការសឹងរងស្រុកកែវសីមា រងការចោទប្រកាន់ថា បានបើកដៃឲ្យឈ្មួញរកស៊ីឈើដឹកជញ្ជូនឈើប្រណីតយកមកស្តុកក្នុងផ្ទះ យ៉ាងពេញបន្ទុកទាំងយប់ថ្ងៃច្រើនឆ្នាំហើយ មិនដែលមានសមត្ថកិច្ចជំនាញហ៊ានចាប់បង្ក្រាបឡើយ សង្ស័យត្រូវថ្នាំសណ្ដំដេកលក់អស់ទៅហើយ ទើបសកម្មភាពដឹកឈើរបស់មេយោធារូបនោះធ្វើសកម្មភាពស្ទើរតែបាក់ស្រុតផ្លូវ ដ៏កក្រើកស្រុកកែវសីមា តែបែរជាមន្ត្រីនាំគ្នាសង្ងំស្ងាត់ឈឹងដូចចោរលួចសេះបែបនេះ ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា លោកនាយទាហានស្រុកកែវសីមាដែលកំពុងប្រើប្រាស់ឥទ្ធិពលអំណាចជាកងទ័ព ប្រព្រឹត្តបទល្មើសយ៉ាងគ្មានញញើតច្បាប់ ព្រោះតែត្រេកត្រអាលនឹងការទទួលលុយ ចំណេញប្រាក់ស្រស់ដាក់ហោប៉ៅ ដោយចាប់ដាំជាមួយឈ្មួញឈើប្រណីតទៅវៀតណាម បានបើកការការប្រមូលទិញឈើដឹកមកស្តុបទុកក្នុងផ្ទះរបស់ខ្លួនទ្រង់ទ្រាយធំជា ច្រើនឆ្នាំមកហើយ ដោយថែមទាំងសហការជាមួយ ឈ្មួញឈើម្នាក់ដុសស្លែក្នុងស្រុកកែវសីមា ។
ប្រភពបានបន្តថា លោក ហ៊ួត រ័ត្ន មេបញ្ជាការសឹងរងស្រុកកែវសីមា តែងតែមានការលួចនាំឈើប្រណីតចេញវៀតណាម នៅពេលដែលពួកគេទិញបានច្រើនល្មមដាក់ឡានកែរច្នៃ ទើបចេញទៅម្តងៗបីទៅបួនម៉ែត្រគូបឯណ្ណោះ ដែលសកម្មភាពនោះធ្វើឡើងមិនសូវលោះថ្ងៃទេ ហើយក៏មិនទាន់មានអ្នកណាហ៊ានប៉ះពាល់ការរកស៊ីឈើរបស់គាត់ដែរ។ ជាប្រចាំការនាំយកឈើប្រណីតទាំងនោះឆ្លងទៅប្រទេសវៀតណាម ដោយរលូនបែបនេះព្រោះ លោក ហ៊ួត រ័ត្ន មេបញ្ជារការរូបនេះពូកែគម្រាម និងទិញទឹកចិត្តមន្ត្រីជំនាញ ក៏ដូចក្រុមមន្ត្រីដែលប្រចាំការតាមច្រករបៀងទាំងបីក្នុងស្រុកកែវសីមាផងដែរ មិនពិបាកឆ្លង ឬបង់លុយច្រើនទេ ធ្វើឲ្យសល់ប្រាក់ចំណេញច្រើនលើគោក។
ជាមួយនឹងការចោទប្រកាន់ខាងលើនេះ លោក ហ៊ួត រ័ត្ន មេបញ្ជាការសឹងរងស្រុកកែវសីមា មិនអាចទំនាក់ទំនង់សុំការបំភ្លឺបាននៅឡើយទេ ។
នាពេលបច្ចុប្បន្នពលរដ្ឋបានរាយការណ៍ឲ្យដឹងដែរថា មានសមត្ថកិច្ច និងមន្ត្រីជំនាញមួយក្រុម បាននាំគ្នាទៅអង្គុយសំកុក ចាំយកលុយ ពីបទល្មើសព្រៃឈើ នៅត្រង់ចំណុច ផ្លូវបំបែកទៅព្រំដែនវៀតណាមឡាបាខេ ស្រុកកែវសីមា ដែលក្នុងនោះ រួមមាន លោកនាយរងទាហ៊ានស្រុក ទាហ៊ានដឺបេ មន្ត្រីអាវុធហត្ថស្រុក ប៉ូលិសអធិការស្រុកកែវសីមា បរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលទៀតផង ៕ ដោយ ឦសាន២