រថយន្តបុកឡិចស៊ីស RX300 បុករះទាល់តែអស់ល្បឿន បង្កឲ្យមនុស្ស៤ របួសធ្ងន់ និង៣នាក់ស្រាល
ខេត្តកណ្តាល ៖ មនុស្ស៧នាក់ បានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តឡិចស៊ីស RX300 បើកបរល្បឿនលឿនមិនធម្មតាបោះពួយទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ទិសដៅបញ្ច្រាសទិសគ្នា ហើយរថយន្តនោះបានរេបន្តទៅបុកជាមួយរថយន្តម៉ាកស៊ាំងយ៉ុង១គ្រឿង និងបានផ្លាតទៅបុកម៉ូតូ១គ្រឿងទើបអស់ខ្យល់ កាលពីវេលាម៉ោងជិត៥ និង៣០នាទី ព្រឹកព្រលឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចមុខសាលាកាកបាទក្រហមខេត្តកណ្តាល លើផ្លូវជាតិលេខ២១ ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ប៉ូលិសបានឲ្យដឹងថា៖ ជនរងគ្រោះទាំង៧នាក់៖ ទី១ឈ្មោះ ហេង សុខលី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (របួសធ្ងន់) ទី២ អ្នករួមដំណើរជាមួយឈ្មោះ គូ ម៉ាណ ភេទប្រុស អាយុ២៧ នៅភូមិព្រះទន្លេ ស្រុកស្វាយទាប ខេត្តស្វាយរៀង (របួសបាក់ជើង) អ្នកទាំង២ជិះរថយន្តម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខ2W-7259 ។ ទី៣ឈ្មោះសឿន ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង (របួសស្រាល) ទី៤អ្នករួមដំណើរជាមួយមានឈ្មោះ អាន សុខយេន ភេទស្រី អាយុ៣៨ឆ្នាំ អ្នកទាំងពីរនៅភូមិព្រែកស្នែង ឃុំព្រែកគយ ស្រុកស្អាង (របួសបាក់ម្រាមជើង)។អ្នកទាំងពីរជិះម៉ូតូសណ្តោងរ៉ឺម៉កម៉ាក City 100ពណ៌ក្រហម គ្មានស្លាកលេខ។ ទី៥ឈ្មោះ ញ៉ ប្រុស អាយុ២១ឆ្នាំ នៅភូមិច្រេះ ឃុំបឹងសាឡាង ខាងត្បូងស្រុកកំពង់ត្រាច ខេត្តកំពត (របួសស្រាល) ទី៦នាក់រួមដំណើរជាមួយ ញ៉ ប្រុស ឈ្មោះ ញ៉ ភឿន ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិជាមួយគ្នា (របួសបាក់ឆ្អឹងខ្នង) អ្នកទាំងពីរជិះរថយន្តម៉ាកស៊ាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2K-2137 ។ ទី៧ឈ្មោះ ហ៊ី ហ៊ុនហួន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង របួសស្រាល បើកបរម៉ូតូម៉ាកCity 100 ពណ៌ក្រហម គ្មានស្លាកលេខ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 បើកបរមានល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរ៉ីម៉ក ដែលបើកបរមានទិសដៅពីត្បូងមកជើង ផ្ទុយគ្នា ហើយរថយន្តនោះក៏បានបន្តទៅបុកជាមួយរថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងដែលបើកច្រាសទិសគ្នា នៅខាងមុខចំពីមុខបេញទំហឹង បណ្ដាលឲ្យរថយន្តសាំងយ៉ុងខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតដែលនៅខាងស្តាំ របួសធ្ងន់ស្រាល៧នាក់។ បន្ទាប់ពីកើតហេតុប៉ូលិសបានជួយអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូលរថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការ ក្រុងតាខ្មៅដើម្បីរងចាំដោះស្រាយ៕
http://ift.tt/1Fi3nZn