អង្គរសង្ក្រាន្តឆ្នាំនេះ នឹងមាននំអន្សម ធំជាងឆ្នាំមុន
ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៥ ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធទំាងអស់ គម្រោងនឹងធ្វើនំអន្សមធំជាងគេបង្អស់ទំម្ងន់៣.២តោនធំជាងគេ ខុសពីឆ្នាំមុន១.២តោន។ ការធ្វើឲ្យធំនិងល្អប្រសើរជាងមុន គឺដើម្បីទាក់ទាញភ្ញៀវទេសចរ លើកស្ទួយកិត្តិយស ប្រពៃណីវប្បធម៌របស់យើង ជាពិសេសបង្ហាញវប្បធម៌ធ្វើនំអន្សមដែលជាប្រពៃណីទំនៀមទំលាប់ខ្មែរតំាងពីយូរលង់ណាស់មកហើយ។
ថ្លែងក្នុងសន្និសីទនៅថ្ងៃទី០៤ មីនា ឆ្នាំ២០១៥ លោក ចាន់ សុភា ប្រធានសមាគមចុងភៅកម្ពុជា បានមានប្រសាសន៍ថា” នំអន្សមនេះ និងត្រូវដាក់បង្ហាញនៅលើទឹកដីអរិយធម៌ ខេត្តសៀមរាបក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៦មេសា ២០១៥។ នំអន្សមយក្ស គឺគ្រឿងផ្សំជាវត្ថុធាតុដើម មានទម្ងន់ ៣,២ តោន អង្កត់ផ្សិតប្រវែង ១ម៉ែត្រ បណ្តោយ៥ម៉ែត្រទំហំឡ និងឆ្នាំងចម្អិន ទទឹង ១,៤ ម៉ែត្រ បណ្តោយ ៧ ម៉ែត្រ ជម្រៅ ០,៦៥ ម៉ែត្រ។ រយៈពេលរៀបចំ និងចម្អិន ៤ថ្ងៃ រយៈពេលរៀបចំ ៣ថ្ងៃ រយៈពេលចម្អិន១ថ្ងៃ ដោយមានមេចុងភៅ និងកូនកាំបិត មាន ១០០ នាក់” ។
លោក សោម រតនា អ្នកនាំពាក្យ ព្រឹត្តិការណ៍អង្គរសង្រ្កាន២០១៥ បានឲ្យដឹងថា ស្របតាមចក្ខុវិស័យមួយក្នុងចំណោមចក្ខុវិស័យផ្សេងទៀត ដែលសំដៅលើការពង្រីកកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក្នុងទស្សនាទាន នៃគ្រួសារខ្មែរតែមួយ និងស្ថាប័នពាក់ព័ន្ធចំនួនបួន ជាអាទិ៍ក្រសួងពាណិជ្ជកម្ម សហព័ន្ទស្រូវអង្ករកម្ពុជា សមាគមចុងភៅកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា បានស្ម័គ្រចិត្តសហការគ្នា បានរៀបចំធ្វើនំអន្សមយក្ស ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំនេះ។ លោកបន្តថា ក្រុមការងារកំពុងសហការរួមគ្នាដើម្បីបំបែកឯតទគ្គកម្មពិភពលោកមួយ ដែលមានឈ្មោះថា “នំអន្សមធំជាងគេលើពិភពលោក” ដែលឆ្លុះបញ្ចំាងពីឆន្ទៈនៃការគាំទ្រសកម្មភាពលើកតម្កើងវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ និងសម្បូរបែបនៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ជាប្រពៃណីយូរលង់ណាស់មកហើយ នំអន្សមខ្មែរ ជានំប្រណៃណីម៉្យាង ដែលមានបាយដំណើប ជាសំបកខាងក្រៅ ហើយមានស្នូលសណ្ដែកបាយលាយសាច់ជ្រូកនៅខាងក្នុង វេចខ្ចប់ដោយស្លឹកចេក ហើយចងភ្ជាប់ដោយខ្សែមួយចំនួន ដែលប្រជាជនកម្ពុជាតែងចម្អិនក្នុងអំឡុងពិធីបុណ្យប្រពៃណីធំៗ ប្រចាំឆ្នាំ ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។ ក្នុងឱកាសពិធីបុណ្យទាំងនោះ គ្រួសារកម្ពុជានៅតាមទីជនបទ ភាគច្រើននឹងរៀបចំធ្វើនំអន្សមសម្រាប់ប្រគេនដល់ព្រះសង្ឃ និងសែនព្រេនដល់បុព្វបុរសខ្លួន។ នំអន្សមក៏អាចយកទៅធ្វើជាអំណោយពិសេសសម្រាប់សាច់ញាតិ ឬមិត្តភក្ដិពីទីក្រុងដែលមកលេងសួរសុខទុក្ខពួកគាត់ផងដែរ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1F96WOn