ស្រវឹងស្រាជោកជាំជិះម៉ូតូរេពេញផ្លូវ ត្រូវរថយន្តបុកចំពេញទំហឹង ប៉ើងហោះដូចគេចោលឈូង ស្លាប់មួយរំពេច
ខេត្តរតនគិរី៖ បុរសចំណាស់ម្នាក់ស្រវឹងស្រាជោកជាំ ហើយបើកម៉ូតូរ៉េពេញផ្លូវ ត្រូវរថយន្តបុកចំយ៉ាងពេញទំហឹង បណ្តាលអោយផ្លោងហោះ និងម៉ូតូធ្លាក់ទៅក្នុងព្រៃស្លាប់មួយរំពេច កាលពីវេលាម៉ោង៧ និង០០នាទី ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចភូមិប៉ាជន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ។
មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្តាច់ផ្តិលជីវិតនេះបានកើតឡើង ដោយដោយសារ បុរសម្នាក់មានវ័យ អាយុជាង៤០ឆ្នាំផឹកស្រាស្រវឹងជោកជាំ ហើយបើកបរម៉ូតូរេពេញផ្លូវធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ខណៈជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅបញ្ជ្រាសទិសពីលិចទៅកើត ស្ថិតក្នុងល្បឿនលឿន បុកទៅលើម៉ូតូយ៉ាងពេញទំហឹងបណ្តាលអោយភាគីខាងជិះម៉ូតូផ្លោងចេញពីម៉ូតូ មួកសុវត្ថិភាពខ្ទាតចេញពីក្បាលដួលផ្កាប់មុខនៅលើថ្នល់ជាតិឈាមហូរចេញពីក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែករថយន្តបានបើកបង្ហូសទៅចំងាយប្រមាណ៣០០ម៉ែត្រឈប់ហើយម្ចាស់រថយន្តបានបើកទ្វាចុះរត់គេចខ្លួនបាត់។
តាមប្រភពពីសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ក្រុញ ភេទប្រុស អាយុជាង៤០ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង មានមុខរបរកម្មករ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយជិះម៉ូតូម្នាក់ឯងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០០២ពណ៌ខ្មៅពាក់ស្លាកលេខរតនគិរី1A2185 ចំណែករថយន្តម៉ាកFRONTIER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-8628 មិនស្គាលអត្តសញ្ញាណអ្នកបើកបរនោះទេ។
ក្រោយពេលកើតហេតុនគរបាលមូលដ្ឋាន និងនគរបាលចរាចរជើងគោកបានចុះទៅដល់កន្លែងកើត ហេតុ ធ្វើការវាស់វែងនាំយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរងចាំការដោះស្រាយជាក្រោយ។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យ ៕ ដោយ លី វណ្ណៈ
http://ift.tt/1CuBFGA