ជនជាតិយួន លួចរថយន្តកាមរីស្វិត១គ្រឿងរបស់ជនជាតិវៀតណាម នៅក្រុងបានលុងបណ្តាលឲ្យសមត្ថកិច្ចនគរបាលអំពុលទុក្ខ
ខេត្តរតនគិរី៖ សមត្ថកិច្ចនគរបាល ជនសង្ស័យម្នាក់លួចរថយន្តកាមរីស្វិត១គ្រឿងនៅក្រុងបានលុង ត្រូវកម្លាំងនគរបាល អធិការក្រុងបានលុង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងកន្សែងចាប់ឃាត់បាន ជនសង្ស័យកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ស្ថិតនៅភូមិ អូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង។
ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងបន្ទាប់ ពីទទួលបានពាក្យបណ្តឹងរបស់ម្ចាស់រថយន្ត មាន ឈ្មោះ ហួរ គឹមរុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុង បាន លុង បានបាត់រថយន្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ ដែលចតទុកនៅមុខផ្ទះបងប្អូនរបស់ ខ្លួន។ ហើយរថយន្តដែលបាត់នោះម៉ាកកាមរីស្វិត ពណ៌ខ្មៅ ពាក់ស្លាកលេខភ.ព2-0421 តែជនសង្ស័យបានប្តូរស្លាកលេខថ្មីមកដាក់មកដាក់ជំនួសគឺស្លាកលេខភ្នំពេញ 2A-1610 ដើម្បីបំភាន់ភ្នែកម្ចាស់រថយន្ត និងសមត្ថកិច្ច។
លោកហួត បុរី អធិការក្រុងបានលុង បាននិយាយឲ្យដឹងថា៖ ជនរងគ្រោះបានដើររកផ្ទះជួល ក៏ប្រទះ ឃើញរថយន្តរបស់ខ្លួននៅក្បែរផ្ទះជនសង្ស័យហើយរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍បឹងកន្សែង ដើម្បី អន្តរាគមន៍តែម្តង។ លោកបន្តថាជនសង្ស័យមានឈ្មោះ ពេជ្រ ភ្លៀន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាមស្នាក់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ជនសង្ស័យបានធ្វើការប្រកែកចំពោះសមត្ថកិច្ចថាខ្លួនបានទិញរថយន្តខាងលើនោះពីឈ្មោះ ឆាត ឈឿន ជាមន្ត្រីមេព្រៃខេត្តរតនគិរី នៅពេលនោះសមត្ថកិច្ចក៏ហៅឈ្មោះឆាត ឈឿន មកត្រួតពិនិត្យរថយន្តនោះថា រថយន្តខាងលើមិនមែនជារថយន្តរបស់លោកដែលលក់ឲ្យនោះទេ។
បច្ចុប្បន្នសមត្ថកិច្ចក្រុងបានលុងឃាត់ខ្លួនជនសង្ស័យ និងដកហូតរថយន្តមួយគ្រឿងនិងម៉ូតូមួយគ្រឿង ម៉ាកស្ទេប ពណ៌ក្រហមលាយខ្មៅ យកមករក្សាទុកនៅអធិការក្រុងបានលុង ចំណែកជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ លី វណ្ណៈ
http://ift.tt/1Biuain