ព្រះសង្ឃ១អង្គ ត្រូវបុរសមិនគ្រប់ទឹកម្នាក់ យកដំបងវាយសំពងរហូតដល់សុគត
ខេត្ដកំពង់ចាម ៖ ព្រះសង្ឃជានេន១អង្គ មានព្រះជន្ម ១៨ព្រះវស្សាបានសុគតភ្លាមៗ ដោយសារ បុរសម្នាក់ដែល មានសតិមិនសូវគ្រប់ យកដំបងវាយសំពងដោយមិនដឹងខ្លួនចំថ្ងាស ផ្ទៃព្រះភក្ត្រ បណ្ដាលឲ្យសុគតភ្លាមៗកាលពីវេលាម៉ោង៥ និង០០នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងវត្ដគោកពង្រ ហៅវត្ដស្រាម ស្ថិតក្នុងភូមិអណ្ដូត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម បង្កឲ្យមានការភ្ញាក់ផ្អើលពេញវត្តហើយជនសង្ស័យត្រូវបានអ្នកភូមិឃាត់ខ្លួន បញ្ជូនឲ្យសមត្ថកិច្ច ។
សមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេល កើតហេតុព្រះសង្ឃព្រះនាម ឆើត រ៉ាឆាន់ ព្រះជន្ម១៨ព្រះវស្សា គង់ក្នុងវត្ដខាងលើ មានស្រុកកំណើតនៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ឆ្នាំង ខណៈបានចាកចេញពីកុដិដើម្បីទៅកន្លែងសូត្រមន្ដទន្ទេញធម៌ ដែលនេនអង្គនេះ ប្រតិបត្ដិជា ប្រចាំថ្ងៃ។ ប៉ុន្ដែមិនដឹងជាមានមូលហេតុ អ្វីស្រាប់តែបុរសឈ្មោះ ញឹក វណ្ណា អាយុ ៤៧ឆ្នាំ រស់នៅភូមិសង្កែ ឃុំស្ដែងជ័យ ស្រុកជើងព្រៃ បានយកដំបងឈើដ៏ធំ ទៅវាយលើ នេន ឆើត រ៉ាឆាន់ ដែលកំពុងនិមន្ដទៅទន្ទេញធម៌ ដោយមិនបានសួរនាំនិងនិយាយអ្វីទាំងអស់បណ្ដាលឲ្យសុគតភ្លាមៗ នៅកន្លែងកើតហេតុដ៏រន្ធត់ និងគួរឲ្យសង្វេគ ។
សមត្ថកិច្ចក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលរបស់ស្រុកជើងព្រៃ បានចុះទៅដល់កន្លែង កើតហេតុ។ ហើយបន្ទាប់ពីប្រមូល និងក្តាប់បានព័ត៌មានរួចមក បានកំណត់មុខសញ្ញា រួចឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាតែម្តង ដែលមុខសញ្ញាកំពុងធ្វើដំណើរគេចខ្លួន តែត្រូវបានអ្នកភូមិជួយឃាត់ខ្លួនបាន។ ជនសង្ស័យត្រូវបានបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕ គិរី
http://ift.tt/1HBy5LT