ប្រពន្ធកូនរត់ចែកជើងគ្នាស្ទើររាល់ថ្ងៃ ដោយសារប្តីស្រវឹងខួប របស់របរបន្តិចបន្ទួចក្នុងផ្ទះវាយបំផ្លាញ សម្បីតែជញ្ជាំងខ្ទមវាយហើយដុតទៀត តែត្រូវប៉ូលិសចាប់វ៉ៃខ្នោះ តុលាការរុញចូលគុក
ខេត្តកំពង់ឆ្នាំង៖ ប្តីស្រវឹងខួបម្នាក់ឲ្យតែមកពីផឹកស្រាប្រពន្ធកូនតែងតែរត់ចែកជើងគ្នាយកប្រះអាយុ គេចចេញពីគ្រោះកាចណាមួយដែលជាទម្លាប់ប្តីប្រមឹកនោះប្រព្រឹត្តដាក់ក្នុងគ្រួសារ។ ក្រៅតែពីវាយបំផ្លញសម្ភារៈក្នុងផ្ទះ ហើយបានឈានដល់ដុតផ្ទះខ្លួនឯងចោលថែមទៀតកុំតែគេជួយទាន់កុំអីឆេះម៉ត់កាលពីម៉ោង៨យប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយសារតែខឹងនឹងប្រពន្ធខ្លួនមិនដាំបាយអោយហូប តែស្ត្រីជាប្រពន្ធថាដាំឲ្យមិនបានទេលោកប្តីមកវិញហើយត្រូវតែរត់គេចលាក់ខ្លួនសិន។ បន្ទាប់ពីធ្វើសកម្មភាពដុតផ្ទះប្រពន្ធបានប្តឹងសមត្ថកិច្ចហើយ សាលាដំបូងខេត្ត កំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនបុរសម្នាក់ ដាក់ក្នុងពន្ធនាគារ នៅរសៀលថ្ងៃទី២៣ ខែឧខភា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទ ប្រើអំពើហិង្សា និងដុតផ្ទះខ្លួនឯង
នគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ ជនសង្ស័យខាងលើមានឈ្មោះ គ្រុយ យឿន អាយុ ៥២ឆ្នាំ ( ទើបតែចេញពីពន្ធនាគារខេត្ត ) មានទីលំនៅ ភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានប្រពន្ធ ឈ្មោះ កិ អ៊ីម អាយុ៤៧ឆ្នាំ។ មុនពេលកើតហេតុ បុរសខាងលើបានត្រឡប់ពីផឹកស្រវឹង មកដល់ផ្ទះ ប្រពន្ធឃើញបែបនោះ ក៏រត់ទៅសម្ងំនៅផ្ទះម្តាយមីង ព្រោះតែខ្លាចបុរសជាប្តីវាយធ្វើបាប។ ដោយ កន្លងមកអោយតែលោកប្តីស្រវឹងម្តងៗ តែងបង្ករឿងឈ្លោះនិងវាយធ្វើបាបប្រពន្ធកូនជាញឹកញាប់ ហេតុនេះ ហើយទើបនាងជាប្រពន្ធរត់គេចលាក់ខ្លួន។
ពេលនោះបុរសជាប្តីមកដល់ផ្ទះរកប្រពន្ឋមិនឃើញ ក៏កើតចិត្តខឹងក្តៅក្រហាយ គួបផ្សំនឹងឃ្លានបាយផង ពេលបើកឆ្នាំងបាយមិនឃើញមានបាយផងនោះក៏រិតតែច្រឡោតខឹងឡើងថែមទៀត កកើតចិត្តហិង្សា ទាញយកចង្កៀងប្រេងកាតមកចាក់ស្រោចលើជញ្ជាំងផ្ទះស្លឹកដុតផ្ទះតែម្តងឆេះមួយរំពេច។ ពេលឃើញជញ្ជាំងផ្ទះកំពុងឆេះ នោះប្រពន្ធដែលកំពុងសម្ងំក្នុងផ្ទះម្តាយមីង ក៏ស្រែកឆោឡោឡើងហើយត្រូវបានអ្នកជិតខាងជួយពន្លត់ទាន់ពេល និងសំណាងល្អមេឃក៏បានធ្លាក់ភ្លៀងផងទើបគ្រាន់តែឆេះ អស់ជញ្ជាំងផ្ទះស្លឹកមួយជំហៀងតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធបានសម្រេចចិត្ត ប្តឹងបុរសជាប្តីពីបទប្រើអំពើហិង្សា នៅក្នុងគ្រួសារ ទើបត្រូវសមត្ថកិច្ចមូលដ្ឋានចាប់ឃាត់ខ្លួន និងបានកសាងសំណុំរឿងតាមនិតិវិធីជាបន្តបន្ទាប់ បញ្ជូនមកតុលាការខេត្ត ហើយតុលាការសម្រេចឃុំខ្លួនតែម្តងទៅ។
នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ស្ត្រីជាប្រពន្ធបាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖ នាងបានរៀបការជាមួយប្តីប្រមឹកខាងលើនេះតាំងពីឆ្នាំ១៩៩៣ បានកូនប្រុសស្រី៦នាក់ ។ បច្ចុប្បន្ននាងប្រ កបមុខរបរដើរបោកខោអាវអោយគេ បានប្រាក់ពី៥ពាន់ទៅ១ម៉ឺនរៀលដើម្បីចិញ្ចឹមកូនៗ នៅពេលប្តីនាងជាប់ក្នុងពន្ធនាគារចំនួន៩ខែកន្លងមកនាងមិនសូវពិបាកចិត្តទេព្រោះគ្មានអ្នកណារករឿងនាង។ ប៉ុន្តែពេល ប្តីនាងចេញពីពន្ធនាគារវិញ៣,៤ខែនេះ គាត់ទៅជួយធ្វើម៉ូតូជាមួយជាងម៉ូតូក្នុងភូមិ បានប្រាក់ក្នុងង១ថ្ងៃ ១ម៉ឺន ទៅ២ម៉ឺនរៀល មិនដែលអោយប្រពន្ធកូនឡើយ មិនតែប៉ុណ្ណោះបានផឹកស្រវឹងខួបរាល់ថ្ងៃ មកដល់ផ្ទះរាល់យប់រករឿងវាយប្រពន្ធកូន និងវាយចានឆ្នាំង វាយជញ្ជាំងផ្ទះធ្លុះធ្លាយអស់ហើយ នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ បានដុតជញ្ជាំងផ្ទះឆេះអស់ទៀត កុំតែបានអ្នកស្រុកជួយ លត់ទាន់កុំអី ឆេះម៉ត់។
ស្ត្រីជាប្រពន្ធបានអោយដឹងទៀតថា៖ គាត់បានសម្រេចចិត្តរួចហើយថា នៅពេលប្តីគាត់ចេញពីពន្ធ នាគារក្រោយនេះ គាត់នឹងសុំលែងលះគ្នាហើយ ព្រោះបើគាត់នៅយកប្តីគាត់ទៀតមានតែការឈឺចាប់ តែប៉ុណ្ណោះ ចំណែកកូនកូនៗក៏គ្មានអនាគតដែរ ព្រោះរស់នៅសព្វថ្ងៃនេះជាកម្លាំងញើសឈាមរបស់គាត់ជាប្រពន្ធ ខំណែកដីធ្លីគ្មានទេគឺជួលដី គេធ្វើផ្ទះ រស់នៅ។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ បុរសខាងលើនេះទើបតែចេញពីពន្ធនាគារខេត្ត ដោយត្រូវផ្តន្ទាទោស ពីបទចោទប្រកាន់ផ្តល់ទីតាំងអោយគេសេពគ្រឿងញៀននៅក្នុងផ្ទះ ហើយរស់នៅមិនបានប៉ុន្មានថ្ងៃផង បង្កហិង្សាដុតផ្ទះទៀតក៏ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារម្តងទៀត បើទុកអោយបង្ករឿងបែបនេះពិត ជាមានគ្រោះថ្នាក់ដល់គេ និងប្រពន្ធកូនមិនខានឡើយ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1HQxPf2