ឡង់គ្រីស័រប្រាដូ បុកគោឆ្លងថ្នល់ងាប់មួយក្បាលទារសំណង៥០០ដុល្លារ ធ្វើរថយន្ត ម្ចាស់គោសុំសង តែ៦០ម៉ឺនរៀល ព្រោះចាមទិញគោងាប់អោយថ្លៃតែ១លានរៀល
ខេត្តកំពង់ឆ្នាំង៖ មេគោមួយក្បាលត្រូវបានរថយន្ត ឡង់គ្រីស័រប្រាដូ១គ្រឿងបុកងាប់នៅនឹងកន្លែងកើតហេតុ ដែលករណីនេះបានកើតឡើងវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៥ នៅលើផ្លូវ ជាតិ លេខ៥ចំណុចមុខវិទ្យល័យព្រះបាទសុរាម្រឹត ស្ថិតក្នុង ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលគោ១ក្បាលនោះត្រូវបានម្ចាស់ដេញឆ្លងថ្នល់ ។ ម្ចាស់រយន្តសុំអោយម្ចាស់ គោសង ៥០០ដុល្លារ ក្រោយមកត្រូវរ៉ូវគ្នាត្រឹម៨០ម៉ឺនរៀលបញ្ចប់រឿង។
លោក ហង្ស ប៊ុនហាក់ អធិការរងនគរបាល ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ម្ចាស់គោខាងលើនេះ មានឈ្មោះ គឹម ចាន់ធឿនអាយុ៥២ឆ្នាំ មានទីលំនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ចំណែក រថយន្តបុកគោ ម៉ាកឡង់គ្រីស័រប្រាដូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ AT15 -2.0222 (ក្រុមហ៊ុនធ្វើផ្លូវរបស់ ក្រុមហ៊ុនចិន) បើកបរដោយបុរសឈ្មោះ សៀង ណារុន អាយុ៥១ឆ្នាំ មានទីលំនៅខេត្តស្ទឹងត្រែង ។
មុនពេលកើតហេតុ រថយន្តប្រាដូខាងលើបានបើកពីភ្នំពេញ ទៅខេត្តបាត់ដំបង ក្នុងដំណើរពីត្បូងទៅ ជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានគោមួយក្បាល ដើរមុខគោមួយហ្វូង បានស្ទុះរត់ឆ្លងថ្នល់ ពីលិចទៅកើត ក៏ត្រូវរថយន្តបុកបណ្តាលអោយងាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែករថយន្តបានរង ការខូតខាតផ្នែកខាងមុខមួយជំហៀង ។
អ្នកបើកបររថយន្តបាននិយាយថា៖ គាត់ជាបុគ្គលិកក្រុមហ៊ុនធ្វើផ្លូវរបស់ក្រុមហ៊ុនចិន ព្រឹកថ្ងៃនេះគាត់ ត្រូវធ្វើដំណើរទៅពិនិត្យ អាងទឹកកំពីងពួយ នៅខេត្តបាត់ដំបង តែពេលមកដល់ចំណុចកើតហេតុស្រាប់ តែគោមួយក្បាលខាងលើ ក្នុងចំណោមគោជាច្រើនក្បាល បានស្ទុះឆ្លងថ្នល់ធ្វើអោយគាត់ គេចមិនផុត ក៏បុកវាស្លាប់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយករថយន្ត និងសត្វគោងាប់ ព្រមទាំងហៅម្ចាស់គោទៅ អធិការដ្ឋាន នគរបាលខេត្តដើម្បីសម្របសម្រួលគ្នាជាមួយម្ចាស់រថយន្ត ដោយត្រូវម្ចាស់រថយន្តទារ សំណងការខូចខាតរថយន្តចំនួន៥០០ដុល្លារ ហើយម្ចាស់គោបានសុំសងតែ៦០ម៉ឺនរៀលតែប៉ុណ្ណោះខណៈដែលចាមកាប់គោអោយតម្លៃគោងាប់នោះត្រឹម១លានរៀលទេ។ ម្ចាស់រថយន្តមិនព្រម ក្រោយមក ម្ចាស់គោបានថែមលុយ ដោយព្រមសង៨០ម៉ឺនរៀល ទើបត្រូវរ៉ូវគ្នាបញ្ចប់រឿងហេតុ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាៈ ម្ចាស់គោខាងលើនេះ បានរងគ្រោះដោយរថយន្តបុកគោងាប់ ចំនួន២លើកហើយ គិតទាំងលើកនេះផង ហើយបុកនៅតែកន្លែងដដែលៗនេះ ដែលនៅចំណុចផ្លូវគោឆ្លងកាត់នេះ ក៏មានផ្លាកសញ្ញាដាក់សំគាល់ថាជាផ្លូវគោឆ្លងកាត់ដែរ តែខុសត្រង់ថាច្បាប់តម្រូវអោយម្ចាស់គោដឹកគោឆ្លងកាត់ តែនេះគោបោលចូលរថយន្តកំពុងបើកបរមិនអាចគេចទាន់ ទើបតាមច្បាប់ត្រូតែអោយម្ចាស់គោសងសំណងទៅខាងរថយន្ត៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1LRs4f7