ជនបរទេសស្រវឹងស្រាបើករថយន្តឆ្វែលចុះឡើងៗ បុកគូទឡានប៉ូលីស កំពុងតែចតស្ងៀមគ្រាំង
ខេត្តព្រះសីហនុ៖ ជនបរទេសស្រវឹងជោគជាំម្នាក់ បានបើករថយន្តលក់នំ ទៅបុករថយន្តមួយគ្រឿងផ្សេងទៀត ដែលកំពុងចតនៅលើចំណត របស់អាហារដ្ឋាន មួយកន្លែងយីហោ «ស្តេចមាន់បំពង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១ និង១០នាទីយប់ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៥។
នគរបាលចរាចរណ៍បានអោយដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត ម៉ាកទីកូ ពណ៌ក្រហម ពាក់ស្លាកលេខ ញ-៣៩៥៩ ភព២ បើកបរដោយឈ្មោះ AENAN KESER ភេទប្រុស អាយុ33ឆ្នាំ ជនជាតិទួរគី ស្នាក់នៅភូមិ5 សង្កាត់លេខ4 ក្រុងខេត្តព្រះសីហនុ។ រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច តៃកុងស្ថិតក្នុងស្ថានភាពស្រវឹងស្ទើរតែឡឺកឺ បានរេចង្កូតទៅបុករថយន្តមួយគ្រឿង ដែលកំពុងចតចោលនៅលើចឹញ្ចើមផ្លូវ ម៉ាកកាមរីពណ៌ស្លែ ពាក់ស្លាកលេខព្រះសីហនុ2A-0896 ជាកម្មសិទ្ឋរបស់ឈ្មោះ វែន សំអាត ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរប៉ូលីស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បណ្តាលអោយការខូចខាតគូទរថយន្តផ្នែកខាងស្តាំកំពិតបែកថ្នាំ។
ប្រភពពីសាក្សីនៅ កន្លែងកើតហេតុបាននិយយថា៖ នៅមុនកើតហេតុគេបានឃើញរថយន្ត របស់ជនបរទេសនេះបើកចុះឡើងជាច្រើនសារ លឿនដូចរថយន្តប្រណាំង រហូតមកដល់ម៉ោងកើតហេតុ រថយន្តត្រឡប់មកពីទិសផ្សារលើក្រុងព្រះសីហនុវិញ បានរេចង្កូតមកស្តាំដៃទៅបុកគូទរថយន្តមួយគ្រឿងដែលចតម្ចាស់ចូលទៅហូបអាហារក្នុងអារហារដ្ឋាន ស្តេចមាន់បំពង បណ្តាលអោយខូចខាតរថយន្ត តែសំណាងហើយមិនបណ្តាលអោយនរណាម្នាក់រងរបួស។ ក្រោយកើតហេតុ ទាំងរថយន្តបង្កនិងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងរងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕ ដោយ សមុទ្រខៀវ
http://ift.tt/1EZVpTL