បុរសពីរនាក់ចូលទិញទឹកសុទ្ធបន្លំលួចកាបូបលុយបានសម្រេច តែរយៈពេលតែ៣០នាទីក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន
ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន២នាក់ក្រោយពីចូលទិញទឹកសុទ្ធបានបន្លំលួច លួចយកកាបូប គ្រឿងអលង្ការពីស្ត្រីអ្នកលក់ដូរម្នាក់រយៈពេលតែ៣០នាទីត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានក្រុងព្រះសីហនុសហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលធ្វើការឃាត់ខ្លួនភ្លាមៗនៅវេលាម៉ោង២៣ យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ។
លោកវរសេនីយ៍ត្រី ភុល ភ័ស្តា អធិការនគរបាលក្រុងព្រះសីហនុបានបញ្ជាក់ថានៅថ្ងៃទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង២៣ នៅ ក្នុងផ្ទះ ក្រុម១៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់ផ្ទះ(ជនរងគ្រោះ)ឈ្មោះ មាស គីម ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរ លក់ដូរ បានបាត់កាបូបដាក់សម្ភារៈ ក្នុងនោះមាន៖ ១-លុយ ១.០០០.០០០រៀល, ២- លុយ ១០០ដុល្លារ, ៣- ចិញ្ចៀនមាស១វង់ ទម្ងន់ ២ជី, ៤- ចិញ្ចៀនប្លាកទីន១វង់ ទម្ងន់ ២ជី៥. ខ្សែដៃមាស១ខ្សែ ទម្ងន់៥ជី, ៦- ខ្សែកប្លាកទីន១ខ្សែ ទម្ងន់ ៤ជីកន្លះ ។
លោកវរសេនីយ៍ត្រី ភុល ភ័ស្តាបានឲ្យដឹងថា៖ ករណីនេះបង្កដោយអញ្ញត្តិជន រយៈពេល៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់៣ និងអធិការនគរក្រុង បានធ្វើការស្រាវជ្រាវ បង្ក្រាបបានជនសង្ស័យ ចំនួន២នាក់ មានឈ្មោះ ១- ទូច វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ។ ២-ទាវ យូរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ គ្មាន ។ ជនសង្ស័យមានទីលំនៅ ភូមិ៣ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានដកហូតបានវត្ថុតាងមាន៖ ១- លុយ ៧០០.០០០រៀល ២-ខ្សែដៃមាស១ខ្សែ ទម្ងន់៥ជី ៣-ខ្សែកប្លាកទីន ១ខ្សែ ទម្ងន់៤ជីកន្លះ ។ ជនសង្ស័យទាំងពីរ បានសារភាពថា ការ ធ្វើសកម្មភាពនេះ ពួកខ្លួនមានគ្នាចំនួន៣នាក់ បានចូលលួចសម្ភារៈ ខណ:ពេលដែល ជនរងគ្រោះមិននៅផ្ទះ។ សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនសង្ស័យម្នាក់ទៀត ជាបក្ខពួក ឈ្មោះ ហេង ភេទប្រុស បានរត់គេចខ្លួន រួមទាំងសម្ភារៈមួយចំនួនទៅជាមួយ។ ចំពោះជនសង្ស័យដែលគេចខ្លួនកម្លាំងអធិការនគរបាលក្រុងកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន។ ចំពោះសម្ភារៈដកហូតបាន ត្រូវបានប្រគល់ជូន ទៅម្ចាស់វិញ ។
ចំណែកជនសង្ស័យទាំងពីរនាក់កម្លាំងអធិការនគរបាលក្រុងព្រះសីហនុកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត៕ ដោយ សមុទ្រខៀវ
http://ift.tt/1HAk3aQ