ព្រៃឈើលិចទឹកធំៗជាង៦ហិកតានៅក្នុងតំបន់៣ ឃុំប្រឡាយមាសកំពុងសម្រុកកាប់បំផ្លា្ញញយកដី
ខេត្តកំពង់ឆ្នាំង៖ ការកាប់បំផ្លាញព្រៃឈើលិចទឹកនៅក្នុងតំបន់៣ស្ថិតនៅក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ត្រូវបានគេកាប់គាស់រាន និងដុតបំផ្លាញយកមកធ្វើជាកម្មសិទ្ធជារៀងរាល់ថ្ងៃ ដែលសកម្មភាពទាំងនេះហាក់ ដូចមិនត្រូវបានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានធ្វើការទប់ស្កាត់ ឬបង្ក្រាបអោយបានម៉ឺងម៉ាត់នោះឡើយព្រោះ បើមិនមានការឯកភាពទេច្បាស់ជាមានវិធានការទប់ស្កាត់បាត់ទៅហើយ តើនេះជាការឃុបឃិតមែនឬ?។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រឡាយមាសបានអោយដឹងដូចៗគ្នាថា៖ ព្រៃដែលក្រុមជនខិលខូចកំពុងតែកាប់ និងដុតបំផ្លាញរុករានយកធ្វើចំកានោះគឺជាព្រៃឈើលិចទឹក្នុងតំបន់៣ និងជាតំបន់អភិរក្ស ដែលជាជម្រកត្រីពង កូន ជម្រកសត្វស្វា សត្វគ្រាល សត្វត្រដក់ សត្វក្រសា និងសត្វទុង។ល។ ដែលសត្វទាំងអស់នេះពួកគាត់តែង តែឃើញពួកវាជ្រកនៅទីនោះជារៀងរាល់ថ្ងៃដោយសារតែទីនោះមានដើមឈើធំៗ និងខ្ពស់ៗបន្សល់ទុកតាំងពី ដូនតាមកម្ល៉េះ។
នៅពេលៗនេះប្រជាពលរដ្ឋបានរិះគន់ថា អាជ្ញាធរ និង សហគមន៍នៅទីនោះ បានបើកដៃ នៅពីក្រោយខ្នង សម្រួលអោយជនខិលខូចកាប់ និងដុតបំផ្លាញរុករានព្រៃ តាមតែអំពើចិត្ត ដើម្បីជាផលប្រយោជន៍របស់បក្ខពួកខ្លួន បើទោះជាខុសនឹងច្បាប់ជលផលក៏ដោយ ហើយស្របពេលថ្នាក់លើៗមិនដែលលួចដាក់កម្លាំងស៊ើប និងស្រាវជ្រាវករណីទាំងនពផងនោះ បានធ្វើឲ្យមន្ត្រីថ្នាក់ក្រោមធ្វើការរបៀបជិះសេះលែងដៃពេញបន្ទុក ហើយ ធ្វើរបាយការណ៍ ហ្គូដៗ! ជូនចៅហ្វាយនាយយ៉ាងរំភើយ។ ជាមួយគ្នានេះព្រៃអភិរក្សដំបន់៣ដែល គេកំពុងតែធ្វើ កាប់បំផ្លាញយកដីនេះ គឺមាននៅក្នុងចំណុច បឹងប្រកៀប,បឹងចោលតូច ,ព្រៃកោះ ,បឹងគ្រោះ , ចោលធំ និងមានក្នុងចំណុច មួយចំនួនទៀត។
ទាក់ទងនឹងរឿងខាងលើនេះ លោក គង់ គន មេឃុំប្រឡាយមាស បាននិយាយអោយអ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះថា៖ លោកបានជ្រាបហើយរឿងប្រជាពលរដ្ឋលូច កាប់ព្រៃធំៗក្នុងតំបន់៣ ដើម្បវាតយកដីធ្វើចំការនៅចំណុចខាងលើនេះ ហើយលោកក៏បានស្គាល់ឈ្មោះអ្នកទាំង នោះមួយចំនួនដែរ។ ករណីនេះ លោកនឹងមានវិធានការ២ចំណុចគឺ ១តាមរកជនខិលខូចយកមកផ្តន្ទា ទោស តាមច្បាប់ ២ចុះអប់រំសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋអោយយល់ដឹងពីគុណប្រយោជន៍របស់ព្រៃឈើ លិច ទឹនិងអោយយល់ដឹងអំពីច្បាប់ព្រៃឈើ ព្រោះកន្លងមកលោកធ្លាប់បានចុះព្សព្វផ្សាយស្តីពីច្បាប់ព្រៃឈើ នេះជា ច្រើនលើកច្រើនសារមកហើយ តែជនខិលខូចមួយចំនួននៅតែលួចប្រព្រឹត្តមិនខ្លាចច្បាប់។
ដោយឡែកលោក ពុំ សុផល នាយសង្កាត់រដ្ឋបាលជលផលកំពង់លែង និងលោក សោម ភិរុណ នាយខណ្ឌ រដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងនៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះថា៖ ករណីលួច កាប់ព្រៃឈើលិចទឹកនៅតំបន់៣ខាងលើនេះ កាលពីឆ្នាំពាក់កណ្តាល២០១៤ សមត្ថកិច្ចលោក បានកសាង សំណុំ រឿងជនល្មើស៥នាក់ ដែលលួចកាប់ព្រៃឈើលិចទឹកខាងលើបញ្ជូនទៅតុលាការខេត្ត ហើយនៅក្នុង ខែមេសា ឆ្នាំ២០១៥នេះក៏បានកសាងសំណុំរឿងមនុស្ស៤នាក់ ដែលបានលួចកាប់ព្រៃលិចទឹក ខាងលើនេះទៅ តុលាការខេត្តរួចហើយ ។ ដោយឡែករឿងខាងលើនេះ ព្រៃឈើដែលពួកគេបានលួចកាប់បំផ្លាញមានចំនួន ប្រមាណ៦ហិក តា ហើយនៅថ្ងៃទី២៦ ខាងមុខនេះ លោកនឹងចុះទៅពិនិត្យស្រាវជ្រាវ រកមុខសញ្ញាជនល្មើស ខាង លើនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដោយមិនអោយពួកគេរួចខ្លួនបាននោះឡើយ។
ប្រជាពលរដ្ឋបានសុំសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាជួយមានវិធានការទប់ស្កាត់ចំពោះការកាប់និងដុតផំផ្លាញព្រៃអភិរក្សក្នុងតំបន់៣ខាងលើនេះដោយប្រសិទ្ធភាពផង ព្រោះពួកគាត់គិតថាករណីខាងលើនេះបើគ្មានការបើកដៃណាពីមន្ត្រីខិលខូច សហគមន៍ និងអាជ្ញាធរមូលដ្ឋានទេនោះ ពួកជនល្មើសមួយចំនួនជាបក្ខពួកគេមិន ហ៊ានកាប់គាស់ព្រៃលិចទឹកខាងលើនេះឡើយ៕ ដោយ រិទ្ធិជ័យ
http://ift.tt/1HDnQqB