បុរសចំណាស់ម្នាក់របួសធ្ងន់បាក់ជើង២កំណាត់ ខណៈកំពុងដើរឆ្លងផ្លូវត្រូវស្ទាវម្នាក់បើកម៉ូតូមិនសំចៃល្បឿនដូចខ្លែងឆាបកូនមាន់ បុកចំពេញទំហឹងផ្លោងជាច្រើនម៉ែត្រ
ខេត្តកំពង់ឆ្នាំង៖ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ បាក់ជើងម្ខាងជា២កំណាត់ ដោយត្រូវម៉ូតូមួយគ្រឿង បើកបុកចំពេញទំហឹងនៅពេល ដើរឆ្លងផ្លូវជាតិប៉ើងជាច្រើនម៉ែត្រ ហើយបុរសអ្នកបើកម៉ូតូមិនសំចៃល្បឿនដូចខ្លែងឆាបកូនមាន់នោះបានដួលរបួសស្រាល តែចម្លែកទំនងធ្វើជាសន្លប់ស្តូកស្តឹង ត្រូវបាន នគរបាលយាមអត់ងងុយមួយយប់ទល់ភ្លឺ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិឡទឹកត្រីសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ បុរសដើរឆ្លងផ្លូវត្រូវម៉ូតូបុកឲ្យរបួសធ្ងន់នោះ មានឈ្មោះ ប៉ិច ចៃ អាយុ៥២ឆ្នាំ រស់នៅភូមិឡទឹកត្រី ក្នុងកន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុ ជនរងគ្រោះបានដើរឆ្លងផ្លូវពីកើតមកលិច ត្រឡប់មកផ្ទះវិញ ស្រាប់តែពេលនោះមានម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ស គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ឈ្មោះ អាត សុផា អាយុ២៤ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចខ្លែងឆាបកូនមាន់ ស្រាប់តែទៅបុកចំជនរងគ្រោះកំពុងឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះប៉ើងជាង៤ម៉ែត្រ រងរបួសធ្ងន់ធ្ងរបាក់ជើងខាងឆ្វេងជា២កំណាត់ និងបែកមុខមាត់យ៉ាងដំណំ។ ចំណែកអ្នកបើកម៉ូតូបានរងរបួសស្រាលដើរទៅអង្គុយលើម៉ូតូប៉ុន្តែពេលមកដល់មន្ទីរពេទ្យខេត្តបែរជាសន្លប់ស្តូកស្តឹងយូរទៅវិញ ។
ក្រោយពេលកើតហេតុបុរសជាជនរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារដឹកយកមកមន្ទីរពេទ្យខេត្តប៉ុន្តែដោយសារសភាពមុខរបួសធ្ងន់ពេកត្រូវក្រុមគ្រូពេទ្យខេត្តបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្រុងភ្នំពេញបន្តទៀត។ ដោយឡែកអ្នកបើកម៉ូតូជាជនបង្កវិញ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុងកំពង់ ឆ្នាំង បានដាក់កម្លាំងយាមជនបង្កដែលដេកសន្លប់នៅក្នុងមន្ទីរពេទ្យខេត្តមួយយប់ទល់ភ្លឺ ដល់ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥ ព្រោះតែខ្លាចជនបង្ករត់គេចខ្លួន ម្យ៉ាងទៀតខ្លាចជនបង្កនោះធ្វើពុតជាសន្លប់ ដើម្បីរកឱកាស់ល្អរត់គេចខ្លួន។
សមត្ថកិច្ចអោយដឹងទៀតថា៖ ករណីខាងលើនេះជនបង្កឈ្មោះ អាត សុផា នឹងត្រូវកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ធ្វើការចោទប្រកាន់នឹងផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកម៉ូតូបង្ក សមត្ថកិច្ចបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង៕ ដោយ រិទ្ធិ ជ័យ
ជនរងគ្រោះជនបង្ក
http://ift.tt/1FTTUsO