រថយន្តដឹកទ្រុងមាន់បើកលឿនដល់ផ្លូវបត់កោងជាន់ហ្វ្រាំងបង្ខំក្រឡាប់បះជើង របួសធ្ងន់១នាក់ ស្រាល២នាក់
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់និង២នាក់ទៀត របួសល្រាលដោយសាររថយន្តដឹក ទ្រុងដាក់មាន់ធុនធំមួយគ្រឿងបានក្រឡាប់បះជើងលើផ្លូវជាតិ ខណៈដែលអ្នកបើកបរបានបើករថយន្តលឿនក្នុងផ្លូវកោង ហើយបានជាន់ហ្វ្រាំងទាំងបង្ខំ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង២០នាទីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
សមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រឡាច បានអោយដឹងថា៖ រថយន្តធុនធំខាងលើម៉ាកហ៊ីយ៉ាន់ ដាយពណ៌ស ពាក់ស្លាកលលេខ ភ្នំពេញ 2J. 4990 បើកបរដោយជនពុំស្គាល់ឈ្មោះ ។ មុនពេលកើតហេតុរថយន្តខាងលើបានធ្វើដំណើរពីខេត្តកំពង់ឆ្នាំងទៅភ្នំពេញ ដោយមានដឹកទ្រុងសម្រាប់ដាក់មាន់ពេញ និងមានមនុស្សជិះគ្នា៣នាក់ ក្នុងនោះ២នាក់ជិះក្នុងកាប៊ីនមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន និងម្នាក់ទៀត ជិះខាងក្រោយលើទ្រង់មាន់ ឈ្មោះ ជា។ លុះពេលមកដល់ចំណុចកើតហេតុជាផ្លូវកោង ដោយសាររថយន្ត មានល្បឿនលឿនពេកបត់មិនរួចអ្នកបើកបរបានជាន់ហ្វ្រាំងបង្ខំ បណ្តាលអោយរថយន្តក្រឡាប់លើថ្នល់ជាតិតែម្តង។
ក្រោយពេលកើតហេតុគេឃើញអ្នកជិះក្នុងកាប៊ីនរថយន្ត២នាក់បាននរងរបួសស្រាល និងអ្នជិះលើទ្រុងមាន់ខាងក្រោយឈ្មោះ ជា មានទីលំនៅ ភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេប្រញាប់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ អ្នកជិះក្នុងរថយន្តទាំង២នាក់មិនព្រមប្រាប់ពីអត្តសញ្ញាណនោះទេ តែបានដឹងថា៖ គេទាំង២នាក់ មានម្នាក់ជាអ្នកបើកបរ បានប្រញាប់ប្រញាល់ដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រុងភ្នំពេញ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច និងបានកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ដោយរង់ចាំការដោះស្រាយ ការដោះស្រាយជាមួយជនរងគ្រោះ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1PueIWX