រាំធុងបាស់ក្នុងពិធីមង្គលការ ឌឺដាក់គ្នា ភាគីខាងកូនក្រមុំ របួសធ្ងន់ម្នាក់ចូលដេកពេទ្យ ឯភាគីកូនកំលោះម្នាក់ចូលដេកគុក
ខេត្តកំពង់ឆ្នាំង៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ នៅល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា បណ្តាលអោយជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរនៅក្នុងពីធីមង្គលការមួយ នៅភូមិច្រាបកន្ទួត ឃុំពាម ស្រុកសាមគ្គីមានជ័យ។ ករណីនេះបានប្រព្រឹត្តឡើង វេលាម៉ោង៧ និង៣០នាទៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥។
លោក ឌុច ចំរើន នាយនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានអោយ ដឹងថា៖ ជនសង្ស័យដែលត្រូវបានតុលាការឃុំខ្លួននោះមានឈ្មោះ ហ៊ុំ ចិត្រា អាយុ២១ឆ្នាំ មានទីលំនៅ ក្នុងខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាលម៉ែត្រ មានឈ្មោះ កង ណែត អាយុ២៦ឆ្នាំ មានទីលំនៅភូមិច្រាបកន្ទួត ឃុំពាម ស្រុកសាមគ្គីមានជ័យ ។
លោកប្រធានការិយាល័យបានបញ្ជាក់អោយដឹងថា៖ នៅថ្ងៃកើតហេតុ ជនសង្ស័យ និងមិត្តភក្តិចំនួន១០នាក់ ដែលធ្វើការនៅភ្នំពេញ ជាមួយកូនកម្លោះ បានមកចូលរួមនឹង ជួយកំដរការកូនកំលោះ ជាមិត្តភក្តិរបស់គេនៅ ភូមិ ឃុំកើតហេតុខាងលើ ។ លុះដល់ល្ងាចឡើងក្នុងពីធីរាំលេងកម្សាន្ត ភាគីកូនកម្លោះ បានប៉ះសំដីមានទំនាស់គ្នាជាមួយភាគីកូនក្រមុំដែលជាម្ចាស់ស្រុក ហើយកឈានដល់ការប្រវ៉ាយប្រតប់គ្នាមួយប្រ៉ាវ បណ្តាលអោយភាគីខាងកូនកំលោះម្នាក់ឈ្មោះ សី រងរបួសបែកក្បាល ហើយត្រូវបានប្រជាពលរដ្ឋ និងប្រជាការពារបាននាំគ្នាឃាត់ និងស្ងប់ស្ងាត់ ព្រមជាមួយបិទធុងបាស់ផងដែរ ។
ក្រោយមកភាគីខាងកូនកម្លោះមិនអស់ចិត្ត ខណៈឃើញជនរងគ្រោះឈ្មោះ កង ណែត ដែលជាភាគីខាងកូនក្រមុំ ដើរតែម្នាក់ឯងត្រឡប់ទៅផ្ទះវិញ ភាគីកូនកំលោះដែលមានគ្នាច្រើននាក់បាននាំគ្នាពួនស្ទាក់វាយ ជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច និងបានត្រូវក្រុមគ្រូពេទ្យបញ្ជូនបន្តទៅសង្គ្រោះព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ។
ចំណែកបក្ខពួកជនដៃដល់បាននាំគ្នាគេចខ្លួនអស់ នៅសល់តែជនសង្ស័យម្នាក់ ឈ្មោះ ហ៊ុំ ចិត្រា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាលដំបូងខេត្ត។ លោក ឌុច ចំរើន បានបន្តថាៈ ក្នុងជម្លោះខាងលើគឺបណ្តាលមកពីការ ផឹកស្រវឹងរាំវង់ឌឺដង និងប៉ះសំដីគ្នារវាងភាគីកូនកំលោះ និងភាគីកូនក្រមុំជាម្ចាស់ទឹកដីទើបកើតជម្លោះហឹង្សាបែបនេះ ដោយម្នាក់របួសធ្ងន់កំពុងដេកពេទ្យ និងម្នាក់ទៀតបក្ខពួកជនដៃដល់ចូលដេកក្នុងពន្ឋនាគារខេត្ត ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1E9o4BW