រថយន្តLEXUS របស់ថៅកែហាងវិមានរៀម បើកក្នុងល្បឿនលឿន គេចពីម៉ូតូ១គ្រឿងរេចង្កូតធ្លាក់ផ្លូវជាតិ បោះពួលមួយខ្យល់ហោះប្រមាណ៣០ម៉ែត្រទៅបុកចិញ្ចើមស្រះក្រឡាប់ជាច្រើនត្រឡប់ ម្ចាស់របួសស្រាល
ខេត្តបន្ទាយមានជ័យ៖ រថយន្ត LEXUS ពាក់ស្លាកលេខ IS-250 សេរីទំនើបម្ចាស់បើកក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន គេចពីម៉ូតូ១គ្រឿងរេចង្កូតធ្លាក់ផ្លូវជាតិ បោះពួលមួយខ្យល់ហោះប្រមាណ៣០ម៉ែត្រធ្លាក់ទៅបុកចិញ្ចើមស្រះក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យខ្ទេចស្ទើរទាំងស្រុង តែអ្នកបើកបររងរបួសស្រាល។ ហេតុការបានកើតឡើងនៅវេលាម៉ោង២និង៣០នាទី បរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំបន្ទាយនាងបានប្រាប់ថា តាមសំដីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា គឺអ្នកបើកបរថយន្ត ដែលគេអះអាងគេជាម្ចាស់ហាងក្លិបកំសាន្តវិមានរៀម នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង មាន ឈ្មោះជ្រិន ចាន់រៀម អាយុ៣៨ឆ្នាំ ជាម្ចាស់ហាងក្លិបកំសាន្តវិមានរៀមស្ថិតភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពបានបញ្ជាក់ថា បុរសជាអ្នកបើករថយន្តបានប្រាប់ថា មុនពេលគ្រោះថ្នាក់កើតឡើងម្ចាស់រថយន្តបានធ្វើ ដំណើរមកពីមើលក្លិបកម្សាន្តនៅខេត្តបាត់ដំបង បើកបរពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចគ្រោះថ្នាក់ ក្នុងទិសស្រប គ្នាជាមួយម៉ូតូ២គ្រឿង និងមានម៉ូតូ១គ្រឿងបានឡើងវ៉ា ធ្វើឲ្យភាគីខាងរថយន្តភ្ញាក់ងាកចង្កូតគេចជ្រុលទៅផ្នែកខាងកើតធ្លាក់ផ្លូវ ហោះមួយខ្យល់ប្រមាណជាង៣០ម៉ែត្រ ទៅបុកមាត់ស្រះក្រឡាប់រថយន្ត ខ្ទេចស្ទើរទាំងស្រុងតែបណ្តាលគ្រោះបន្តិចបន្តួចដល់អ្នកបើកបរ។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំបន្ទាយនាងបាននិយាយថា៖ ក្រោយពេលជួបគ្រោះថ្នាក់ គេឃើញស្ត្រីប្រមាណ២ទៅ៣នាក់ជិះរថយន្ត១គ្រឿងមកទទួលយកម្ចាស់រថយន្តក្រឡាប់ចេញទៅបាត់ទៅ ។ ចំណែករថយន្តដែលក្រឡាប់នោះត្រូវបាន អធិការនគរបាលស្រុកមង្គលបូរីស្ទូចយកមករក្សាទុក៕ ដោយ យីហាំង
http://ift.tt/1HNIlDK