ឆេះផ្ទះខ្ទេចម្ចាស់កំពុងដេកលក់ស្ទុះរត់ស្ទើរមិនរួច តែកូនស្រីអាយុ៧ឆ្នាំរលាកខ្នងធ្ងន់ធ្ងរ
ខេត្តកំពង់ឆ្នាំង៖ កុមារីអាយុ៧ឆ្នាំម្នាក់ បានរលាកភ្លើងពេញខ្នងយ៉ាងធ្ងន់ធ្ងរ ដោយសារតែដេកលង់លក់ហើយត្រូវភ្លើងឆេះផ្ទះយ៉ាងសន្ធោសន្ធៅនាកណ្តាលអធ្រាត្រ ដោយម្ចាស់ផ្ទះស្ទុះចេញស្ទើរតែមិនទាន់ ហើយនាងត្រូវបានឪពុកស្ទុះចូលទៅសង្គ្រោះទាន់ពេលកាលពីម៉ោង ១១និង១៥នាទីយប់ថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៥ នៅក្នុងភូមិបុស្សមាស ឃុំពពេល ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌បានអោយថា៖ គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះខ្ទេចទាំងស្រុងនោះមានប្តីឈ្មោះ ផា ភឿន អាយុ៤១ឆ្នាំ ប្រពន្ឋឈ្មោះ កង វឿន អាយុ៥៥ឆ្នាំ គ្រួសារនេះមានកូន៣នាក់ ចំណែកកូនស្រីប្អូនដែលរងរបួសក្នុងហេតុការណ៏នោះ មានឈ្មោះ ផាន់ សុខវី អាយ៧ឆ្នាំ ។
មុនពេលកើតហេតុម្ចាស់ផ្ទះបានដេកលង់លក់មិនបានដឹងថា៖ មានអគ្គីភ័យឆាបឆេះផ្ទះរបស់ខ្លួនឡើយ ស្រាប់តែពេលអណ្តាត ភ្លើងបានឆេះពេញទំហឹងទៅហើយទើបដឹងថាមានភ្លើងឆេះផ្ទះ ហើយបាននាំគ្នាហក់ចុះមកដី ចំណែក កូនស្រីរងគ្រោះ ដែលមិនដឹងខ្លួន បានឪពុក ស្ទុះចូលទៅជួយទើបរួចពីគ្រោះថ្នាក់ដល់ជីវិត តែបានរងរបួសរលាកពេញខ្នង និងជើងធ្ងន់ ហើយបានដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូរណ៌។
ចំពោះការខូចខាត គឺឆេះអស់ផ្ទះមួយខ្នងមានទំហំ ៥គុណនឹង៧,៥ម៉ែត្រធ្វើពីឈើ ក្រាល និងបាំងជញ្ជាំងក្តារ ប្រក់ស្លឹក និងឆេះអស់ ទ្រព្យសម្បត្តិខ្ទេចគ្មានសល់អ្វីនោះឡើយ ។ ចំណែកឯមូលហេតុ ទាំងម្ចាស់ ទាំងសមត្ថកិច្ចនៅមិនទាន់បានដឹងច្បាស់នៅឡើយ ដោយម្ចាស់ផ្ទះមិនបានដាក់ការសង្ស័យទៅលើចង្ក្រានបាយ និងចរន្តអគ្គីនីឡើយ ដែលសង្ស័យមានគេលួចដុត៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1dvUqAf