មេក្លោងជួញដូរចែកចាយ និងប្រើប្រាស់ថ្នាំញៀនដ៍សកម្ម សមត្ថកិច្ចតាមចាប់ខ្លួន និងឆែកឃើញ ថ្នាំញៀនម៉ាទឹកកក៤៥កញ្ចប់
ខេត្តកំពង់ឆ្នាំង៖ ក្នុងកិច្ចប្រតិបត្តការតាមច្បាមចាប់មេក្លោងចែកចាយថ្នាំញៀន ដែលមានការដឹកនាំដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ថ្នាំញៀនម៉ាទឹកកកចំនួន៤៥កញ្ចប់ធំតូច មានតម្លៃប្រមាណជិត៤ពាន់ ដុល្លារ និងមេក្លោងចែកចាយ ជួញដូរថ្នាំញៀនដ៍សកម្មម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនតាមស្រាវជ្រាវចាប់ខ្លួនបានយ៉ាងលំបាក ក្រោយពីរូបគេបានគេចខ្លួនបាត់រយៈពេល២ថ្ងៃរួចមក។ជនសង្ស័យត្រូវចាប់ខ្លួនបាននៅក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ហើយនាំខ្លួនមកដល់ស្នងការនគរបាលខេត្តនៅវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥។
លោក ជុន ថារិទ្ធ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសបានអោយដឹងថា៖ ជន សង្ស័យសមត្ថកិច្ចសុំលាកឈ្មោះ សិន រស់នៅក្នុង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានប្រពន្ធ និងកូនមួយ ហើយជន សង្ស័យជាមេក្លោងចែកចាយ និងជួញដូរថ្នាំញៀនដ៏សកម្មនៅក្នុងខេត្ត។ មុនពេលចាប់ខ្លួនបានរូបគេបាន ព្យាយាម រត់គេចពីសមត្ថកិច្ចផង និងចែកចាយជួញដូរថ្នាំញៀនផង ដោយពួកគេមានពាក្យសម្ងាត់ក្នុងការទិញដូរថ្នាំញៀន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវតាមរយៈខ្សែរយៈកូនចៅរបស់គេជាបន្តបន្ទាប់ ទើបឈានទៅដល់ ការចាប់ខ្លួន បាននៅកន្លែងគេលាក់ខ្លួននៅក្នុងឃុំក្រាំងលាវ មានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង។
វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនម៉ាទឹកកកចំនួន៤៥កញ្ចប់ធំតូច(ក្នុងនោះមាន៣០កញ្ចប់តូច ដែលគេ លក់ក្នុ១កញ្ចប់ៗ តម្លៃ១០ដុល្លា,២៣កញ្ចប់កញ្ចប់កណ្តាលកែលក់ក្នុង១កញ្ចប់ៗតម្លៃ១៥ដុល្លា, ៦កញ្ចប់កញ្ចប់បន្ទាប់ កែលក់ក្នុង១ៗតម្លៃ២០០ដុល្លា,និងកញ្ចប់ធំមាន៣កញ្ចប់គេលក់ក្នុង១កញ្ចប់ៗតម្លៃ៩០០ដុល្លា) ក្រៅពីនេះមានជញ្ជីង ថ្លឹង ថ្នាំញៀន១,ថង់ផ្លាស្ទីកសំរាប់ច្រកថ្នាំញៀនចែកចាយមួយចំនួនធំទៀត។
លោកបានបន្ថែមថា នៅក្នុងការតាមចាប់ជនសង្ស័យខាងលើនេះ សមត្ថកិច្ចមានការលំបាកយ៉ាងខ្លាំង ព្រោះកន្លងមកជនសង្ស័យរូបនេះតែងតែចល័តខ្លួនជានិច្ច និងមានអាវុធជាប់ខ្លួនផងដែរ តែនៅពេលចាប់ខ្លួនបានពុំឃើញអាវុធនោះទេ។នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការដើម្បីចំណាត់ការបន្តតាមនិតិវិធី៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1JCxr4j